ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ

2025-06-17 06:11:44 ថ្ងៃអង្គារ, 17 មិថុនា 2025 ម៉ោង 01:11 PM
អ្នកមើល 281
post_detail1

ស្របពេលដែលទំនាស់ព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងខ្លាំងឡើងៗដែលចុងក្រោយនេះវិវត្តដល់ការបិទព្រំដែន និងការនាំចេញនាំចូល ភាពមិនច្បាស់លាស់នៃការប្រឈមគ្នាតាមព្រំដែន ព្រមទាំងមានការរើសអើងជាបន្តបន្ទាប់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៃប្រទេសថៃ មកលើពលរដ្ឋក៏ដូចជាពលករកម្ពុជា​ ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញានៅតាមព្រំដែនកម្ពុជា-ថៃ ត្រៀមលក្ខណៈទុកជាមុនដើម្បីសម្របសម្រួលនិងទទួលយកពលករដែលធ្វើមាតុភូមិនិវត្តពីប្រទេសថៃ ការធ្វើដំណើរពីតំបន់ព្រំដែនទៅកាន់ស្រុកកំណើត ព្រមទាំងការផ្សព្វ​ផ្សាយ​ផ្ដល់ព័ត៌មាននិងការសម្របសម្រួលស្វែងរកឱកាសការងារនៅក្នុងស្រុកជាដើម។ ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវ និងបានឆ្លុះបញ្ចាំងអំពីការគិតគូរអំពីសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ពីសំណាក់រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្នុងករណីដែលពលករកម្ពុជាបំពេញការងារនៅប្រទេសថៃទទួលរងការធ្វើទុក្ខបុកម្នេញ និងប្រមាថមាក់ងាយដោយសារតែបញ្ហាទំនាស់ព្រំដែននាពេលចុងក្រោយនេះ ពលរដ្ឋកម្ពុជាទាំងអស់​អាចវិលត្រឡប់មកកាន់មាតុភូមិវិញ ទាំងក្នុងរូបភាពវិលត្រឡប់មករស់នៅមួយរយៈពេលខ្លី ឬស្វែងរកឱកាសការងារនៅក្នុងស្រុកជាច្រើន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ទៅតាមស្ថានការណ៍តម្រូវជាក់ស្ដែង ជាមួយនឹងការសម្របសម្រួលពីក្រសួង​ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ លោកបណ្ឌិត បានលើកឡើងថា ពលករឬពលរដ្ឋខ្មែរដែលប្រឈមនឹងការរងការប្រមាថពីពលរដ្ឋឬថៅកែថៃមួយចំនួន ឬក្រុមអ្នកជាតិនិយមជ្រុលរបស់ថៃមួយចំនួនតូច គួរតែពិចារណាអំពីការវិល​ត្រឡប់មកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះ​ក្រសួងស្ថាប័ន អាជ្ញាមានសមត្ថកិច្ច និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃប្រទេសកម្ពុជា បានត្រៀម​លក្ខណៈរួចជាស្រេចហើយ នៅក្នុងការទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនប្រជា​ពលរដ្ឋខ្មែរទាំងអស់។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចំពោះការចាកចេញរបស់ពលរដ្ឋខ្មែរពីប្រទេសថៃមកកាន់មាតុភូមិកំណើត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ច្បាស់ជាបានថ្លឹងថ្លែងអំពីផលវិបាកជាវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបានត្រៀមលក្ខណៈទុកជាមុនជាមួយនឹងផែនការដែលមានលក្ខណៈបុរេសកម្ម ពិសេសការវាយតម្លៃទៅលើ​ផលជះសេដ្ឋកិច្ចដែលនឹងកើតមានឡើងពីស្ថានការណ៍វិលត្រឡប់របស់ប្រជាពលករខ្មែរ​នៅប្រទេសថៃ មុននឹងប្រកាសនិងអំពាវនាវដល់អ្នកដែលជួបប្រទះបញ្ហាប្រឈមក្នុងប្រទេសថៃ អាចពិចារណានិងសម្រេចចិត្តវិលមករស់នៅ និងបំពេញការងារក្នុងប្រទេសកំណើតវិញបាន​។ លោក​បណ្ឌិត បានបន្ថែមទៀតថា ការប្រកាសដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីសមត្ថភាពនៅក្នុងការគ្រប់គ្រង​ស្ថានការណ៍ និងថាមភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្រឈមនឹងការដាក់សម្ពាធ គម្រាមកំហែង ឬការប្រមាថប្រជាពលរដ្ឋខ្មែរពីសំណាក់ប្រទេសជិតខាង ទាំងក្នុងទិដ្ឋភាពនយោបាយ យោធា សកម្មភាពអសីលធម៌ឬការរើសអើងជាតិសាសន៍ជ្រុលនិយមជាដើម​។

បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាការថ្លឹងថ្លែងទាំងយុទ្ធសាស្ត្រជាមួយនឹងប្រទេសជិតខាង និងជាការគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរនៅឯបរទេសផង និងជាការគិតគូរគ្រប់ជ្រុងជ្រោយចំពោះ​ផលលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញការងារនៅក្រៅប្រទេសផង តាមរយៈដាក់ចេញនូវវិធានការគាំទ្រដល់ការវិលត្រឡប់ដោយសុវត្ថិភាពនៅតាមបណ្ដោយព្រំដែន ការរៀបចំមធ្យោបាយធ្វើដំណើរទៅកាន់ស្រុកកំណើត និងការកាត់បន្ថយផលលំបាកខាងហិរញ្ញវត្ថុរបស់ប្រជាពលករខ្មែរ ដែលមួយចំនួនបានជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការសម្របសម្រួលជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយលក្ខខណ្ឌ និងរយៈពេលនៃការបង់សងជាដើម។ បន្ថែមពីលើនេះ ការប្រកាសផ្ដល់ឱកាស​ការងារនៅតាមតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម គឺជាការផ្ដល់ជម្រើសបន្ថែមទៀត សម្រាប់ប្រជាពលករខ្មែរ នៅក្នុងការសម្រេចចិត្តវិលត្រឡប់ទៅបំពេញការងារនៅបរទេសនៅពេលស្ថានការណ៍ធូរស្រាលវិញ ឬជ្រើសរើសបំពេញការងារនៅក្នុងស្រុកដែលមានទាំងការគាំពារសង្គម និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត ខណៈតម្រូវ​ការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា នៅពេលនេះ ប្រជាពលករ​ចំណាក​ស្រុកទាំងអស់ មានជម្រើសកាន់តែប្រសើរឡើង ទាំងការចាប់យកមុខរបរថ្មីនៅក្នុងស្រុកដែលផ្ដល់នូវលក្ខខណ្ឌការងារជាច្រើន អត្ថប្រយោជន៍ដែលគាំទ្រដោយច្បាប់ការងារកម្ពុជា លក្ខខណ្ឌសុវត្ថិភាព និងការធ្វើដំណើរទៅមកកាន់តែប្រសើរ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ពិតជាបានវាយតម្លៃគ្រប់ជ្រុងជ្រោយចំពោះការវិវត្តស្ថានការណ៍ជាក់ស្ដែង ទាំងនៅតាមបណ្ដោយព្រំដែន ទាំងនៅក្នុងប្រទេស និងតម្រូវការកម្លាំងពលកម្មនៅក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សេចក្តីថ្លែងការណ៍របស់អតីត​ប្រធានាធីបតី​ម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា

អតីត​ប្រធានាធីបតី​អាម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា កាលពី​ថ្ងៃ​អង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ក្នុង​ការ​ដក​...

2018-05-09 22:08:21   ថ្ងៃពុធ, 09 ឧសភា 2018 ម៉ោង 05:08 AM
ពិធីសំណេះសំណាលចងក្រងជីវប្រវត្តិ និងគុណកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...

2018-05-05 10:33:59   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:33 PM
ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM

សេចក្តីប្រកាស