Royal Academy of Cambodia
ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថា ភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារាំង ទៅលើករណីទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ដែលនេះជាសារនយោបាយដ៏មានសារៈសំខាន់មួយ និងបានផ្ដល់ភាពកក់ក្ដៅសម្រាប់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយទំនាស់ជាមួយប្រទេសថៃដែលជាប្រទេសជាប់ខាងរបស់ខ្លួន។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រទេសបារាំងគឺជាអតីតប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជា ប្រមាណរយៈពេលជិត១០០ឆ្នាំ ដែលរាល់ឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ កិច្ចព្រមព្រៀង សន្ធិសញ្ញា កំណត់ហេតុ និងពិធីសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា ពិសេសព្រំដែនរវាងកម្ពុជានិងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងដៃរបស់បារាំងដែលជាមហាអំណាចអាណានិគមនាសម័យនោះ ពោលគឺបារាំងជាអ្នកតំណាងឱ្យកម្ពុជានៅក្នុងករណីអធិបតេយ្យភាពជាមួយនឹងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាថៃ។
លោកបណ្ឌិតបានកត់សម្គាល់ថា ការបង្ហាញជំហរចូលរួមចំណែកនៅក្នុងការស្វែងរកដំណោះស្រាយទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ពីសំណាក់មេដឹកនាំបារាំងនាពេលនេះ ពិតជាមានអត្ថន័យគ្រប់គ្រាន់បង្ហាញពីសុឆន្ទៈរបស់បារាំង នៅក្នុងការជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិដែលមានជាធរមាន និងជាការបង្ហាញពីការដែលកម្ពុជាមានប្រៀបឈ្នះទៅលើប្រទេសថៃ នៅក្នុងទិដ្ឋភាពសីលធម៌នៃការគោរពច្បាប់អន្តរជាតិ និងជាការមានប្រៀបឈ្នះនៅលើសមរភូមិការទូតផងដែរ ព្រោះបារាំងគឺជាមហាអំណាចពិភពលោកមួយដែលប្រកាន់យកគោលការណ៍គោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ បានសបញ្ជាក់ឱ្យឃើញថា ទោះបីជាដំណើរការនៃយន្តការតុលាការអន្តរជាតិ មិនទាន់បានចាប់ផ្ដើមក៏ដោយក្ដី ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ សម្ដេចធិបតី បានប្រកាសជំហរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី និងដោយស្មើមុខស្មើមាត់ ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពពេញលេញមួយ។
លោកបណ្ឌិត យង់ ពៅ បានបន្តថា ជំហររបស់សម្ដេចធិបតីក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារយ៉ាងជាក់លាក់ទៅកាន់ពិភពលោក និងបណ្ដាប្រទេសទាំងឡាយថា កម្ពុជានៅតែបន្តផ្ដល់តម្លៃខ្ពស់លើការថែរក្សាសន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិជាធរមាន ការរួមរស់ជាមួយនឹងបណ្ដាប្រទេសទាំងឡាយក្នុងបរិយាកាសសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេសនិងដៃគូទាំងឡាយ។ បន្ថែមពីលើនេះ កាយវិការរបស់ប្រមុខដឹកនាំបារាំង បានសបញ្ជាក់ពីភាពឯការរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ខណៈប្រទេសនេះបានបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជាទាំងគឃ្លើន និងដែលជាទង្វើជាន់ឈ្លីលើច្បាប់អន្តរជាតិ។ លោកបណ្ឌិត បានគូសរំឭកផងដែរថា នៅក្នុងឆ្នាំ១៩៦២ សហគមន៍អន្តរជាតិ ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្លាប់បានស្ដីបន្ទោសប្រទេសថៃម្ដងរួចមកហើយថា ជាប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ ដែលជាភាពអាម៉ាសធ្ងន់ធ្ងរមួយរបស់ថៃនៅលើឆាកអន្តរជាតិ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោ...
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្...
ដោយ៖ បណ្ឌិត គិន ភា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស...
មេរៀនក្នុងសង្គមបច្ចុប្បន្ន ក៏ដូចជាមេរៀនពីអតីតកាល នៅពេលប្រជាជនជឿងប់ងល់នឹងបារមី កម្លាំងអមនុស្ស ឬអប្បិយជំនឿនោះនាំឱ្យមនុស្សទន់ខ្សោយ រដ្ឋទន់ខ្សោយ។ សម័យអាណានិគមនិយមបារាំង សម័យកាលផ្សេងទៀត ល្បីថាមានជំនឿកាប់មិ...
ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...