ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងពីការមានប្រៀបឈ្នះលើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត

2025-06-13 09:49:07 ថ្ងៃសុក្រ, 13 មិថុនា 2025 ម៉ោង 04:49 PM
អ្នកមើល 1549
post_detail1

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថា ភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារាំង ទៅលើករណីទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ដែលនេះជាសារនយោបាយដ៏មានសារៈសំខាន់មួយ និងបានផ្ដល់ភាពកក់ក្ដៅសម្រាប់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយទំនាស់ជាមួយប្រទេសថៃដែលជាប្រទេសជាប់ខាងរបស់ខ្លួន។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រទេសបារាំងគឺជាអតីតប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជា ប្រមាណរយៈពេលជិត១០០ឆ្នាំ ដែលរាល់ឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ កិច្ចព្រមព្រៀង សន្ធិសញ្ញា កំណត់ហេតុ និងពិធីសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា ពិសេសព្រំដែនរវាងកម្ពុជានិងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងដៃរបស់បារាំងដែលជាមហាអំណាចអាណានិគមនាសម័យ​នោះ ពោលគឺបារាំងជាអ្នកតំណាងឱ្យកម្ពុជានៅក្នុងករណីអធិបតេយ្យភាពជាមួយនឹងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាថៃ។

លោកបណ្ឌិតបានកត់សម្គាល់ថា ការបង្ហាញជំហរចូលរួមចំណែកនៅក្នុង​ការស្វែងរកដំណោះស្រាយទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ពីសំណាក់មេដឹកនាំបារាំងនាពេលនេះ ពិតជាមានអត្ថន័យគ្រប់គ្រាន់បង្ហាញពីសុឆន្ទៈរបស់បារាំង នៅក្នុងការជំរុញឱ្យមានការគោរព​ច្បាប់អន្តរជាតិដែលមានជាធរមាន និងជាការបង្ហាញពីការដែលកម្ពុជាមានប្រៀបឈ្នះទៅលើប្រទេសថៃ នៅក្នុងទិដ្ឋភាពសីលធម៌នៃការគោរពច្បាប់អន្តរជាតិ និងជាការមានប្រៀបឈ្នះនៅលើសមរភូមិការទូតផងដែរ ព្រោះបារាំងគឺជាមហាអំណាចពិភពលោកមួយដែល​ប្រកាន់យកគោលការណ៍គោរពនិងផ្ដល់តម្លៃដល់ច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ បានសបញ្ជាក់ឱ្យឃើញថា ទោះបីជាដំណើរការនៃយន្តការតុលាការអន្តរជាតិ មិនទាន់បានចាប់ផ្ដើមក៏ដោយក្ដី ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ សម្ដេចធិបតី បានប្រកាសជំហរប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា​ព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី និងដោយស្មើមុខស្មើមាត់ ក្នុងនាមជារដ្ឋឯករាជ្យ និងអធិប​តេយ្យភាពពេញលេញមួយ។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ជំហររបស់សម្ដេចធិបតីក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារយ៉ាងជាក់លាក់ទៅ​កាន់ពិភពលោក និងបណ្ដាប្រទេសទាំងឡាយថា កម្ពុជានៅតែបន្តផ្ដល់តម្លៃខ្ពស់លើការថែរក្សាសន្តិភាព ការដោះស្រាយ​បញ្ហាដោយសន្តិវិធីដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិជាធរមាន ការរួមរស់ជាមួយនឹងបណ្ដាប្រទេសទាំងឡាយក្នុងបរិយាកាសសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេសនិងដៃគូទាំងឡាយ។ បន្ថែមពីលើនេះ កាយវិការរបស់ប្រមុខដឹកនាំបារាំង បានសបញ្ជាក់ពីភាពឯការរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ខណៈប្រទេសនេះបានបំពានមកលើ​អធិបតេយ្យភាពរបស់កម្ពុជាទាំងគឃ្លើន និងដែលជាទង្វើជាន់ឈ្លីលើច្បាប់អន្តរជាតិ។ លោកបណ្ឌិត បានគូសរំឭកផងដែរថា នៅក្នុងឆ្នាំ១៩៦២ សហគមន៍អន្តរជាតិ ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្លាប់បានស្ដីបន្ទោសប្រទេសថៃម្ដងរួចមកហើយថា ជាប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ ដែលជាភាពអាម៉ាសធ្ងន់ធ្ងរមួយរបស់ថៃនៅលើឆាកអន្តរជាតិ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM

សេចក្តីប្រកាស