Royal Academy of Cambodia
ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យមានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុចនេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។
បើតាមលោកបណ្ឌិត ការផ្ទុះភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ផ្ដើមឡើងពីការវាយប្រហារដោយកម្រោលពីសំណាក់កងទ័ពថៃ មកលើមូលដ្ឋានយោធារបស់កម្ពុជា ដែលបណ្ដាលឱ្យយោធិនកម្ពុជាម្នាក់បានពលីជីវិត។ ឆ្លើយតបនឹងហេតុការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាតាមផ្លូវទូត និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ នៅក្នុងការតទល់នឹងភាគីថៃ ព្រមទាំងបានពង្រឹងការប្រុងជើងការនៅក្នុងតំបន់ដែលមានភាពតានតឹងផ្ទាល់ ដើម្បីគ្រប់គ្រងសភាពការណ៍ និងបង្ការហេតុការណ៍ជាយថាហេតុណាមួយ។ ផ្ទុយទៅវិញ ភាគីថៃ បែរជាបានព្យាយាមពង្រីកលទ្ធភាពនៃការប្រឈមនៅតាមបណ្ដោយព្រំដែន ដែលនេះគឺជានយោបាយហួសសម័យកាលរបស់ថៃ និងជានយោបាយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងស្ថានភាពសេដ្ឋកិច្ចនៃប្រជាជនថៃនៅតាមព្រំដែនទៅវិញ។ លោកបណ្ឌិតបានបន្ថែមទៀតថា នយោបាយនេះមិនមានផលចំណេញទាល់តែសោះសម្រាប់ភាគីថៃ ហើយការបិទច្រកតំបន់និងច្រករបៀងដែលជាច្រកចេញចូលប្រចាំថ្ងៃរវាងប្រជាជននៃប្រទេសទាំងពីរ មិនមែនជាច្រកអន្តរជាតិ ដែលមានការដោះដូរទំនិញជាផ្លូវការនោះឡើយ ដូច្នេះការបិទច្រកព្រំដែននេះ គឺជាការបង្កការលំបាកដល់ប្រជាជននៃប្រទេសទាំងពីរ ដែលក្នុងករណីចាំបាច់ គេត្រូវវៀងទៅប្រើប្រាស់ច្រកអន្តរជាតិជំនួសវិញ។ ការបិទច្រកតំបន់និងច្រករបៀងទ្វេភាគីខាងលើ បានបង្កផលប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំងពីរ ខណៈច្រកទាំងនេះមិនមែនបម្រើផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានោះទេ តែគឺជាច្រកដែលជាឆ្នាំងបាយសម្រាប់ប្រជាជនថៃ នាំទំនិញចូលមកកម្ពុជាផងដែរ។ ការជ្រើសរើសបិទច្រកព្រំដែននេះ បានបង្ហាញថា ភាគីថៃ មិនមានចេតនានៅក្នុងការបន្ធូរបន្ថយភាពតានតឹងឡើយ ព្រោះនៅម្ខាង ភាគីថៃបង្ហាញថាខ្លួនមានបំណងបន្តយន្តការចរចាទ្វេភាគីដើម្បីសម្រួលស្ថានការណ៍ ថែរក្សាសន្តិភាព និងរក្សាទំនាក់ទំនងល្អ ប៉ុន្តែនៅម្ខាងទៀត ថៃបែរជាបានបង្ហាញនូវឥរិយាបថគឃ្លើន បែបចៅហ្វាយនាយ ដែលនេះជារឿងហួសសម័យកាលទៅហើយ។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងសតវត្សរ៍ទី២១ នៃសករាជសាកលភាវូបនីយកម្ម ប្រទេសនីមួយៗ សុទ្ធសឹងតែមានសិទ្ធិស្មើគ្នា និងត្រូវធ្វើទំនាក់ទំនងនៅក្នុងភាពស្មើមុខស្មើមាត់ មិនមែនសម្អាងលើទំហំសេដ្ឋកិច្ចឬយោធា ដាក់សម្ពាធទៅលើប្រទេសដទៃទៀតនោះឡើយ។ លើសពីនេះ កម្ពុជានិងថៃ សុទ្ធសឹងជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាសមាជិកអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យដូចគ្នា មិនអាចបង្ហាញឥរិយាបថជាចៅហ្វាយនាយនោះទេ ដូច្នេះប្រទេសថៃគួរតែប្រកាន់យកឥរិយាបថគោរពនិងផ្ដល់តម្លៃដល់គូភាគី និងត្រូវមានភាពឆ្លាតវៃជាងនេះបន្ថែមទៀត នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ដោយភ្ជាប់មកនូវចេតនាកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងគ្នា ចៀសវាងនូវការបង្ហាញភាពច្រឡោងខាមឥតច្បាប់ធ្លាប់យ៉ាងដូច្នោះ។
លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់ផងដែរថា ភាគីថៃហាក់យល់ឃើញដោយខុសឆ្គងថា ការបិទច្រកតំបន់និងច្រករបៀង អាចគម្រាមកំហែងដល់កម្ពុជាថា ខ្លួនអាចបិទដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែធាតុពិតជាក់ស្ដែង មិនដូច្នោះទេ ព្រោះទំនាក់ទំនងសេដ្ឋកិច្ចមានចរន្តទ្វេទិសទៅវិញទៅមក ហើយនៅក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជានាំចូលទំនិញពីថៃ ច្រើនជាងថៃនាំចូលទំនិញពីកម្ពុជាថែមទៅទៀត ដូច្នេះហើយ អ្នកដែលខាតធ្ងន់ធ្ងរជាងគេគឺប្រទេសថៃទៅវិញទេ។ លើសពីនេះ កម្ពុជាក៏មានទំនាក់ទំនងពាណិជ្ជកម្ម និងការដោះដូរទំនិញជាមួយនឹងបណ្ដាប្រទេសជាដៃគូជាច្រើនផ្សេងទៀតផងដែរ ពោលពុំមែនតែជាមួយប្រទេសថៃនោះទេ។
ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានភាពចាំបាច់នៅក្នុងការប្រកាន់ជំហររក្សាលទ្ធភាពប្រើប្រាស់នូវគ្រប់សេនារីយ៉ូទាំងអស់ ទាំងយន្តការច្បាប់អន្តរជាតិ (ការដាក់សំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ) ទាំងការចរចាទ្វេភាគីនៅក្នុងលទ្ធភាពនិងទិដ្ឋភាពទាំងឡាយណា ដែលភាគីទាំងពីរអាចបន្តធ្វើការងារជាមួយគ្នាបាន និងសេនារីយ៉ូពង្រឹងសមត្ថភាពការពារជាតិនិងការត្រៀមលក្ខណៈឆ្លើយតបខាងយោធាចំពោះការឈ្លានពានណាមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងភាពស្របច្បាប់នៅក្នុងការគ្រប់គ្រងរបស់ខ្លួន។
ក្នុងជម្រើសរយៈពេលវែង កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិត ជំរុញការគាំទ្រទីផ្សារក្នុងស្រុក និងអភិវឌ្ឍតាមបណ្ដោយព្រំដែន៕
RAC Media | លឹម សុវណ្ណរិទ្ធ
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អ្នកស្រី ត្រឹង ងា អ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ ត្រូវបានប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសេចក្ដីសម្រេច...