ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ថៃបិទច្រកព្រំដែនជាឯកតោភាគី គឺជានយោបាយកំរោល និងពង្រីកអរិភាពជាមួយប្រទេសជិតខាង

2025-06-10 03:03:53 ថ្ងៃអង្គារ, 10 មិថុនា 2025 ម៉ោង 10:03 AM
អ្នកមើល 1241
post_detail1

ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យ​មានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុច​នេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះ​យុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។

បើតាមលោកបណ្ឌិត ការផ្ទុះភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ផ្ដើមឡើងពីការវាយប្រហារដោយកម្រោលពីសំណាក់កងទ័ពថៃ មកលើមូលដ្ឋានយោធារបស់កម្ពុជា ដែលបណ្ដាលឱ្យយោធិនកម្ពុជាម្នាក់បានពលីជីវិត។ ឆ្លើយតបនឹង​ហេតុការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាតាមផ្លូវទូត និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ នៅក្នុងការតទល់នឹងភាគីថៃ ព្រមទាំងបានពង្រឹងការប្រុងជើងការនៅក្នុងតំបន់ដែលមានភាពតានតឹងផ្ទាល់ ដើម្បីគ្រប់គ្រងសភាពការណ៍ និងបង្ការហេតុការណ៍ជាយថាហេតុណាមួយ។ ផ្ទុយទៅវិញ ភាគីថៃ បែរជាបានព្យាយាមពង្រីកលទ្ធភាពនៃការប្រឈមនៅតាម​បណ្ដោយព្រំដែន ដែលនេះគឺជានយោបាយហួសសម័យកាលរបស់ថៃ និងជានយោបាយ​បង្កផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងស្ថានភាពសេដ្ឋកិច្ចនៃប្រជាជនថៃនៅតាមព្រំដែនទៅវិញ។ លោកបណ្ឌិតបានបន្ថែមទៀតថា នយោបាយនេះមិនមានផលចំណេញទាល់តែសោះ​សម្រាប់ភាគីថៃ ហើយការបិទច្រកតំបន់និងច្រករបៀងដែលជាច្រកចេញចូលប្រចាំថ្ងៃរវាងប្រជាជននៃប្រទេសទាំងពីរ មិនមែនជាច្រកអន្តរជាតិ ដែលមានការដោះដូរទំនិញជាផ្លូវការ​នោះឡើយ ដូច្នេះការបិទច្រកព្រំដែននេះ គឺជាការបង្កការលំបាកដល់ប្រជាជននៃប្រទេសទាំង​ពីរ ដែលក្នុងករណីចាំបាច់ គេត្រូវវៀងទៅប្រើប្រាស់ច្រកអន្តរជាតិជំនួសវិញ។ ការបិទច្រកតំបន់និងច្រករបៀងទ្វេភាគីខាងលើ បានបង្កផលប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំងពីរ ខណៈ​ច្រកទាំងនេះមិនមែនបម្រើផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានោះទេ តែគឺជាច្រកដែលជាឆ្នាំងបាយសម្រាប់ប្រជាជនថៃ នាំទំនិញចូលមកកម្ពុជាផងដែរ។ ការជ្រើសរើស​បិទច្រកព្រំដែននេះ បានបង្ហាញថា ភាគីថៃ មិនមានចេតនានៅក្នុងការបន្ធូរបន្ថយភាពតាន​តឹងឡើយ ព្រោះនៅម្ខាង ភាគីថៃបង្ហាញថាខ្លួនមានបំណងបន្តយន្តការចរចាទ្វេភាគីដើម្បីសម្រួលស្ថានការណ៍ ថែរក្សាសន្តិភាព និងរក្សាទំនាក់ទំនងល្អ ប៉ុន្តែនៅម្ខាងទៀត ថៃបែរជា​បានបង្ហាញនូវឥរិយាបថគឃ្លើន បែបចៅហ្វាយនាយ ដែលនេះជារឿងហួសសម័យកាលទៅហើយ។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងសតវត្សរ៍ទី២១ នៃសករាជ​សាកលភាវូបនីយកម្ម ប្រទេសនី​មួយៗ សុទ្ធសឹងតែមានសិទ្ធិស្មើគ្នា និងត្រូវធ្វើទំនាក់ទំនងនៅក្នុងភាពស្មើមុខស្មើមាត់ មិនមែនសម្អាងលើទំហំសេដ្ឋកិច្ចឬយោធា ដាក់សម្ពាធទៅលើប្រទេសដទៃទៀតនោះឡើយ។ លើសពីនេះ កម្ពុជានិងថៃ សុទ្ធសឹងជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាសមាជិកអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យដូចគ្នា មិនអាចបង្ហាញឥរិយាបថជាចៅហ្វាយនាយនោះទេ ដូច្នេះប្រទេសថៃគួរតែប្រកាន់យកឥរិយា​បថ​គោរពនិងផ្ដល់តម្លៃដល់គូភាគី និងត្រូវមានភាពឆ្លាតវៃជាងនេះបន្ថែមទៀត នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ដោយភ្ជាប់មកនូវចេតនាកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងគ្នា ចៀសវាងនូវការបង្ហាញភាពច្រឡោងខាមឥតច្បាប់ធ្លាប់យ៉ាងដូច្នោះ។

លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់ផងដែរថា ភាគីថៃហាក់យល់ឃើញដោយ​ខុសឆ្គងថា ការបិទច្រកតំបន់និងច្រករបៀង អាចគម្រាមកំហែងដល់កម្ពុជាថា ខ្លួនអាចបិទដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែធាតុពិតជាក់ស្ដែង មិនដូច្នោះទេ ព្រោះទំនាក់ទំនងសេដ្ឋកិច្ច​មានចរន្តទ្វេទិសទៅវិញទៅមក ហើយនៅក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជានាំចូលទំនិញពីថៃ ច្រើនជាងថៃនាំចូលទំនិញពីកម្ពុជាថែមទៅទៀត ដូច្នេះហើយ អ្នកដែលខាតធ្ងន់ធ្ងរជាងគេគឺប្រទេសថៃទៅវិញទេ។ លើសពីនេះ កម្ពុជាក៏មានទំនាក់ទំនងពាណិជ្ជកម្ម និងការដោះដូរទំនិញជាមួយនឹងបណ្ដាប្រទេសជាដៃគូជាច្រើនផ្សេងទៀតផងដែរ ពោលពុំមែនតែជាមួយប្រទេសថៃនោះទេ។

ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ រាជរដ្ឋាភិបាលកម្ពុជា នៅតែមានភាពចាំ​បាច់នៅក្នុងការប្រកាន់ជំហររក្សាលទ្ធភាពប្រើប្រាស់នូវគ្រប់សេនារីយ៉ូទាំងអស់ ទាំងយន្តការ​ច្បាប់អន្តរជាតិ (ការដាក់សំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ) ទាំងការចរចាទ្វេភាគីនៅក្នុងលទ្ធភាពនិងទិដ្ឋភាពទាំងឡាយណា ដែល​ភាគីទាំងពីរអាចបន្តធ្វើការងារជាមួយគ្នាបាន និងសេនារីយ៉ូពង្រឹងសមត្ថភាពការពារជាតិនិងការត្រៀមលក្ខណៈឆ្លើយតប​ខាងយោធាចំពោះការឈ្លានពានណាមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងភាពស្របច្បាប់នៅក្នុងការគ្រប់គ្រងរបស់ខ្លួន។

ក្នុងជម្រើសរយៈពេលវែង កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិត ជំរុញការគាំទ្រទីផ្សារក្នុងស្រុក និងអភិវឌ្ឍតាមបណ្ដោយព្រំដែន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM
ការស្រាវជ្រាវផ្តល់សារៈប្រយោជន៍៧យ៉ាងដល់សង្គម

ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុង...

2021-01-30 04:57:27   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 11:57 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្...

2021-01-30 03:52:13   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 10:52 AM

សេចក្តីប្រកាស