Royal Academy of Cambodia
ជាថ្មីម្ដងទៀត នៅក្នុងសមាជលើកទីមួយរវាងរដ្ឋសភានិងព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ នៅត្រង់ចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ដោយកម្ពុជាបបួលភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ហើយក្នុងករណីដែលថៃមិនព្រមតាមការបបួលនេះទេ រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្ដីលើសំណុំអធិបតេយ្យភាពកម្ពុជា នៅត្រង់ចំណុចទាំង៤ខាងលើនេះ។ ក្រោយការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ រដ្ឋាភិបាលថៃ បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនចង់ចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។ ការប្រកាសនេះ បានបង្ហាញថា រដ្ឋាភិបាលថៃបានគេចវេសមិនចង់យកសំណុំរឿងព្រំដែនជាមួយកម្ពុជា ទៅជំនុំជម្រះក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ ព្រោះថៃមិនសង្ឃឹមលើការប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីនោះ ធ្វើជាមូលដ្ឋានដើម្បីយកឈ្នះកម្ពុជា ដែលមានសន្ធិសញ្ញាបារាំង-សៀម និងផែនទីព្រំដែនអន្តរជាតិនោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍យ៉ាងជាក់លាក់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ដោយបានត្រៀមឯកសារផ្លូវច្បាប់យ៉ាងរឹងមាំ ប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។
លោកបណ្ឌិត បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលថៃ បានចេញសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារយ៉ាងដូចម្ដេចក្ដី ក៏អ្នកនយោបាយនៅតែចិញ្ចឹមចិត្តរំលោភលើបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងហើយម្ដងទៀត ពិសេសទឹកដីកម្ពុជាដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក ដែលរួមមានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រហូតដល់តំបន់មុំបីនេះថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា អ្នកនយោបាយថៃ មិនធ្លាប់បានបោះបង់មហិច្ឆតានយោបាយរបស់ខ្លួននៅក្នុងការរំលោភបំពាន និងទន្ទ្រានកាន់កាប់ទឹកដីប្រទេសកម្ពុជានោះទេ ហើយចុងក្រោយនេះ កងទ័ពថៃ ថែមទាំងបានលើកឡើងទាំងគឃ្លើនផងដែរថា ខ្លួនមិនប្រើប្រាស់ផែនទីបារាំង-សៀមនោះទេ ពោលគេអះអាងថាព្រំដែនកម្ពុជា-ថៃ ត្រូវប្រើប្រាស់ផែនទីដែលខ្លួនគូសជាឯកតោភាគី។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងទង្វើរំលោភបំពានទាំងគឃ្លើននេះ រាជរដ្ឋាភិបាលកម្ពុជាមានជម្រើសតែមួយគត់ ដើម្បីថែរក្សានិងការពារអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន គឺការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ព្រោះបើកម្ពុជាមិនធ្វើដូច្នេះទេ នោះថៃនឹងកាន់តែបានចិត្តហើយ ព្យាយាមបំភ្លៃបង្កើតព្រំដែនតាមការស្រមើលស្រមៃ និងបន្តរំលោភបំពានលើទឹកដីកម្ពុជាបន្តទៀត។ លោកបណ្ឌិត យង់ ពៅ បានបន្តថា កម្ពុជាត្រូវប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារអធិបតេយ្យភាពជាតិផង និងបញ្ចប់ចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានកម្ពុជាផង ព្រោះកម្ពុជាបានខិតខំព្យាយាមសម្របសម្រួលទាំងផ្នែកការទូត និងយន្តការទ្វេភាគីដែលមានដូចជា គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC) រួចហើយ ប៉ុន្តែជានិច្ចកាល ភាគីថៃតែងតែបានបំពាន និងរំលោភលើស្មារតីនៃយន្តការដែលខ្លួនបានចូលរួមនេះ។ ដូច្នេះ កម្ពុជាមានសិទ្ធិពេញលេញនៅក្នុងការថែរក្សាដែនអធិបតេយ្យភាពរបស់ខ្លួន តាមច្បាប់អន្តរជាតិ ព្រោះមានតែយន្តការច្បាប់អន្តរជាតិទេ ដែលអាចដោះស្រាយបញ្ចប់ដោយសន្តិវិធីបាន ហើយមានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុណ្ណោះ ដែលអាចនាំមកនូវដំណោះស្រាយត្រឹមត្រូវ និងស្របទៅតាមលក្ខខណ្ឌគតិយុត្តិជាអន្តរជាតិបាន។ គេមិនអាចយកច្បាប់នៃប្រទេសមួយ ឬផែនទីដែលគូសជាឯកតោភាគីដោយប្រទេសមួយ ដោះស្រាយបញ្ហាប្រឈមរវាងរដ្ឋនិងរដ្ឋបាននោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា បើគេអាចប្រើប្រាស់ផែនទីឯកតោភាគីបាន នោះតើកម្ពុជាអាចគូសផែនទីសម័យមហានគរឡើងវិញ ដោយវាតទីទឹកដីប្រទេសកម្ពុជាទៅដល់ ឬហួសទីក្រុងបាងកកបានដែរឬយ៉ាងណា? បើធ្វើបានដូច្នេះមែននោះ នឹងបង្កទៅជាបញ្ហាអនាធិបេតយ្យ និងគ្មានសណ្ដាប់ធ្នាប់ពាសពេញពិភពលោកជាក់ជាមិនខានឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា ករណីព្រំដែនរវាងកម្ពុជានិងថៃ ត្រូវតែអនុលោមទៅតាមគោលការណ៍ច្បាប់អន្តរជាតិ គឺព្រំដែនបន្សល់ដោយប្រទេសដាក់អាណានិគម ដើម្បីបញ្ចៀសឱ្យបាននូវសង្គ្រាមរវាងរដ្ឋនិងរដ្ឋ និងធានាបាននូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។
លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការរៀបចំប្ដឹងករណីទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដ៏ចាំបាច់ និងចៀសមិនបាន ដើម្បីបង្ហាញថា កម្ពុជាមានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី គោរពដល់តម្លៃនីតិអន្តរជាតិ និងបញ្ចប់នូវចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានទឹកដីកម្ពុជាម្ដងហើយម្ដងទៀតឥតឈប់ឈរនេះ។ លោកបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តជំហរបា្រកដនិយម និងជាក់លាក់ចំពោះករណីអធិបតេយ្យភាពជាតិ ដោយមិនត្រូវមានជំនឿទៅលើឆន្ទៈអ្នកនយោបាយថៃ ឬដើរតាមរបៀបវារៈនយោបាយការទូតរបស់រដ្ឋាភិបាលថៃ ដើម្បីចង់លួងលោមឱ្យកម្ពុជាបន្តដោះស្រាយជាទ្វេភាគី ហើយថៃខ្លួនឯងមិនមានចេតនាបញ្ចប់បញ្ហាព្រំដែនដូច្នេះឡើយ។ លោកបណ្ឌិត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវមានជំហរដកថយ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិនោះទេ ព្រោះបើពុំនោះសោត ភាគីថៃ ពិសេសក្រុមយោធាថៃនឹងកាន់តែបានចិត្ត ហើយបន្តចេតនាទុច្ចរឹត ដោយប្រើប្រាស់ផែនទីឯកតោភាគីដើម្បីរំលោភបំពាន់ទឹកដីប្រទេសកម្ពុជាជាបន្តទៅទៀត។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងនូវសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាពឆ្លើយតប និងបន្តធ្វើទំនើបយោធាកម្ពុជាបន្ថែមទៀត ដើម្បីធានាបាននូវអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងមិនត្រូវបណ្ដោយឱ្យកងទ័ពថៃ មានឱកាសនៅក្នុងការរំលោភបំពានទឹកដីកម្ពុជាដូចជាហេតុការណ៍ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នោះទេ។ លោកបណ្ឌិតបានចាត់ទុកថា ហេតុការណ៍នេះគឺជាការប្រមាថដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ ត្រូវតែសម្រេចចិត្តជ្រើសយកជម្រើសបន្តកិច្ចសហប្រតិបត្តិការ និងដំណើរការជាប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងវិស័យដទៃទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោយបញ្ចៀសឱ្យបានការរីករាលដាលការប្រឈមទៅកាន់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗទៀត។ លោកបណ្ឌិតបានបន្ថែមថា បញ្ហាប្រឈមខាងព្រំដែនដែលត្រូវដោះស្រាយដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ការប្រឈមដ៏រ៉ាំរ៉ៃនេះ។ ចំណែកឯវិស័យដទៃផ្សេងទៀតដែលមានដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាដើម ស្របទៅតាមយន្តការនិងសេនារីយ៉ូផ្សេងៗដែលមានស្រាប់ ដើម្បីបន្តធ្វើប្រក្រតីភាពនៃទំនាក់ទំនងនៅក្នុងភាពជារដ្ឋជិតខាងដែលមានទំនងទំនាក់និងកិច្ចសហប្រតិបត្តិការនឹងគ្នាជាចាំបាច់៕
RAC Media | លឹម សុវណ្ណរិទ្ធ
Japan and South Korea share a protracted and complicated history of hostility. Following Japan's 1910–1945 rule of Korea, which included forced labor and sexual slavery, tensions increased. Both natio...
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...
A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...