ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រើយន្តការ ICJ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបញ្ចប់ចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានទឹកដីកម្ពុជា

2025-06-04 06:53:40 ថ្ងៃពុធ, 04 មិថុនា 2025 ម៉ោង 01:53 PM
អ្នកមើល 252
post_detail1

ជាថ្មីម្ដងទៀត នៅក្នុងសមាជលើកទីមួយរវាងរដ្ឋសភានិងព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ នៅត្រង់ចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ដោយកម្ពុជាបបួលភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ហើយក្នុងករណីដែលថៃមិនព្រមតាមការបបួលនេះទេ រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងឱ្យតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្ដីលើសំណុំអធិបតេយ្យភាពកម្ពុជា នៅត្រង់ចំណុចទាំង៤ខាងលើនេះ។ ក្រោយការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ រដ្ឋាភិបាលថៃ បានចេញសេច​ក្ដីថ្លែងការណ៍ថា ខ្លួនចង់ចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ដោយប្រើយន្តការ គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC)។ ការប្រកាសនេះ បានបង្ហាញថា រដ្ឋាភិបាលថៃបានគេចវេសមិនចង់យកសំណុំរឿង​ព្រំដែនជាមួយកម្ពុជា ទៅជំនុំជម្រះក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ ព្រោះថៃ​មិន​សង្ឃឹមលើការប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីនោះ ធ្វើជាមូលដ្ឋានដើម្បីយក​ឈ្នះ​កម្ពុជា ដែលមានសន្ធិសញ្ញាបារាំង-សៀម និងផែនទីព្រំដែនអន្តរជាតិនោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍យ៉ាងជាក់លាក់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ដោយបានត្រៀមឯកសារផ្លូវច្បាប់យ៉ាងរឹងមាំ ប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាលថៃ បានចេញសេចក្ដីថ្លែងការណ៍ដែលមានខ្លឹមសារយ៉ាងដូចម្ដេចក្ដី ក៏អ្នកនយោបាយនៅតែចិញ្ចឹមចិត្តរំលោភលើបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្ដងហើយម្ដងទៀត ពិសេសទឹកដីកម្ពុជាដែលស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក ដែលរួមមានប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី រហូតដល់តំបន់មុំបីនេះថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ បានអះអាងថា អ្នកនយោបាយថៃ មិនធ្លាប់បានបោះបង់មហិច្ឆតានយោបាយរបស់ខ្លួននៅក្នុង​ការរំលោភបំពាន និងទន្ទ្រានកាន់កាប់ទឹកដីប្រទេសកម្ពុជានោះទេ ហើយចុងក្រោយនេះ កងទ័ពថៃ ថែមទាំងបានលើកឡើងទាំងគឃ្លើនផងដែរថា ខ្លួនមិនប្រើប្រាស់ផែនទីបារាំង-សៀមនោះទេ ពោលគេអះអាងថាព្រំដែនកម្ពុជា-ថៃ ត្រូវប្រើប្រាស់ផែនទីដែលខ្លួនគូសជាឯកតោភាគី។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងទង្វើរំលោភបំពានទាំងគឃ្លើននេះ រាជរដ្ឋាភិបាលកម្ពុជាមានជម្រើសតែមួយគត់ ដើម្បីថែរក្សានិងការពារអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពាន គឺការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ព្រោះបើកម្ពុជាមិនធ្វើដូច្នេះទេ នោះថៃនឹងកាន់តែបានចិត្តហើយ ព្យាយាម​បំភ្លៃបង្កើតព្រំដែនតាមការស្រមើលស្រមៃ និងបន្តរំលោភបំពានលើទឹកដីកម្ពុជាបន្តទៀត។ លោកបណ្ឌិត យង់ ពៅ បានបន្តថា កម្ពុជាត្រូវប្រើយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារអធិបតេយ្យភាពជាតិផង និងបញ្ចប់ចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានកម្ពុជាផង ព្រោះកម្ពុជាបានខិតខំព្យាយាមសម្របសម្រួលទាំងផ្នែក​ការទូត និងយន្តការទ្វេភាគីដែលមានដូចជា គណៈកម្មការព្រំដែនចម្រុះ (JBC) និងគណៈកម្មការព្រំដែនទូទៅ (GBC) រួចហើយ ប៉ុន្តែជានិច្ចកាល ភាគីថៃតែងតែបានបំពាន និងរំលោភលើស្មារតីនៃយន្តការដែលខ្លួនបានចូលរួមនេះ។ ដូច្នេះ កម្ពុជាមានសិទ្ធិពេញលេញនៅក្នុងការថែរក្សាដែនអធិបតេយ្យភាពរបស់ខ្លួន តាមច្បាប់អន្តរជាតិ ព្រោះមានតែយន្តការច្បាប់អន្តរជាតិទេ ដែលអាចដោះស្រាយបញ្ចប់ដោយសន្តិវិធីបាន ហើយមានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុណ្ណោះ ដែលអាចនាំមកនូវដំណោះស្រាយត្រឹមត្រូវ និងស្របទៅតាមលក្ខខណ្ឌគតិយុត្តិជាអន្តរជាតិបាន។ គេមិនអាចយកច្បាប់នៃប្រទេសមួយ ឬផែនទីដែលគូសជាឯកតោភាគីដោយប្រទេសមួយ ដោះស្រាយបញ្ហាប្រឈមរវាងរដ្ឋនិងរដ្ឋបាននោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានចោទជាសំណួរថា បើគេអាចប្រើប្រាស់​ផែនទីឯកតោភាគីបាន នោះតើកម្ពុជាអាចគូសផែនទីសម័យមហានគរឡើងវិញ ដោយវាតទីទឹកដីប្រទេសកម្ពុជាទៅដល់ ឬហួសទីក្រុងបាងកកបានដែរឬយ៉ាងណា? បើធ្វើបានដូច្នេះ​មែននោះ នឹងបង្កទៅជាបញ្ហាអនាធិបេតយ្យ និងគ្មានសណ្ដាប់ធ្នាប់ពាសពេញពិភពលោកជាក់ជាមិនខានឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា ករណីព្រំដែនរវាងកម្ពុជានិងថៃ ត្រូវតែ​អនុលោមទៅតាមគោលការណ៍ច្បាប់អន្តរជាតិ គឺព្រំដែនបន្សល់ដោយប្រទេសដាក់អាណានិគម ដើម្បីបញ្ចៀសឱ្យបាននូវសង្គ្រាមរវាងរដ្ឋនិងរដ្ឋ និងធានាបាននូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។

លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការរៀបចំប្ដឹងករណីទំនាស់ព្រំដែន​រវាងកម្ពុជានិងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដ៏ចាំបាច់ និងចៀសមិនបាន ដើម្បីបង្ហាញថា កម្ពុជាមានជំហរដោះស្រាយបញ្ហាដោយសន្តិវិធី គោរពដល់តម្លៃនីតិអន្តរជាតិ និងបញ្ចប់នូវចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានទឹកដីកម្ពុជាម្ដងហើយម្ដងទៀតឥតឈប់ឈរនេះ។ លោកបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តជំហរបា្រកដនិយម និងជាក់លាក់ចំពោះករណីអធិបតេយ្យភាពជាតិ ដោយមិនត្រូវមានជំនឿទៅលើឆន្ទៈអ្នកនយោបាយថៃ ឬដើរតាមរបៀបវារៈនយោបាយការទូតរបស់រដ្ឋាភិបាលថៃ ដើម្បីចង់លួងលោមឱ្យកម្ពុជាបន្តដោះស្រាយជាទ្វេភាគី ហើយថៃខ្លួន​ឯងមិនមានចេតនាបញ្ចប់បញ្ហាព្រំដែនដូច្នេះឡើយ។ លោកបណ្ឌិត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវមានជំហរដកថយ ពីការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិនោះទេ ព្រោះបើពុំនោះសោត ភាគីថៃ ពិសេសក្រុមយោធាថៃនឹងកាន់តែបានចិត្ត ហើយបន្តចេតនាទុច្ចរឹត ដោយប្រើប្រាស់ផែនទីឯកតោភាគីដើម្បីរំលោភបំពាន់ទឹកដីប្រទេសកម្ពុជាជាបន្តទៅទៀត។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងនូវសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាពឆ្លើយតប និងបន្តធ្វើទំនើបយោធាកម្ពុជាបន្ថែមទៀត ដើម្បីធានាបាននូវអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងមិនត្រូវបណ្ដោយឱ្យកងទ័ពថៃ មានឱកាសនៅក្នុងការរំលោភបំពានទឹកដីកម្ពុជាដូចជាហេតុការណ៍ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នោះទេ។ លោកបណ្ឌិតបានចាត់ទុកថា ហេតុការណ៍នេះគឺជាការប្រមាថដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ។

ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ ត្រូវតែសម្រេចចិត្តជ្រើសយកជម្រើសបន្តកិច្ចសហប្រតិបត្តិការ និងដំណើរការជាប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងវិស័យដទៃទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក ដោយបញ្ចៀសឱ្យបានការរីករាលដាលការប្រឈមទៅកាន់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗទៀត។ លោកបណ្ឌិតបានបន្ថែមថា បញ្ហាប្រឈមខាងព្រំដែនដែលត្រូវដោះស្រាយដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ការប្រឈមដ៏រ៉ាំរ៉ៃនេះ។ ចំណែកឯវិស័យដទៃផ្សេងទៀតដែលមានដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាដើម ស្របទៅតាមយន្តការនិងសេនារីយ៉ូផ្សេង​ៗដែលមានស្រាប់ ដើម្បីបន្តធ្វើប្រក្រតីភាពនៃទំនាក់ទំនងនៅក្នុងភាពជារដ្ឋជិតខាង​ដែលមានទំនងទំនាក់និងកិច្ចសហប្រតិបត្តិការនឹងគ្នាជាចាំបាច់៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ»

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...

2018-09-30 07:22:35   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:22 PM
«ក្រសួង​សេដ្ឋកិច្ច ពុំទាន់​ពិភាក្សា​យន្តការ និង​ការកំណត់​លើ​ពន្ធ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និ​ចក្នុងស្រុកទេ»

​ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពុំទាន់បាន​ពិភាក្សា​ទៅលើ​យន្តការ ឬ​កំណត់​ពេលវេលា​ក្នុងការ​ប្រមូល​ពន្ធ លើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​(Online)​ក្នុងស្រុក​ទេ​...

2018-09-30 07:04:20   ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 02:04 PM
«មនុស្ស ជាង៣៨០ នាក់ បានស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...

2018-09-29 13:53:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:53 PM
«ក្រសួងទេសចរណ៍ កំណត់គោលដៅយកឆ្នាំ២០១៩ ជាឆ្នាំរមណីយដ្ឋានស្អាត»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...

2018-09-29 13:41:41   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:41 PM
«តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្...

2018-09-29 13:28:08   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:28 PM
«ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ...»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់...

2018-09-29 12:58:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:58 PM

សេចក្តីប្រកាស