Royal Academy of Cambodia
ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរបស់ខ្លួនចំពោះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ អង្គសមាជជាព្រឹទ្ធសភា-រដ្ឋសភា បានប្រកាសគាំទ្រនូវការដាក់ចេញនូវវិធានការផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ឆ្លើយតបនឹងពាក់ព័ន្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសការលើកយកករណីតំបន់មុំ៣ ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនៅក្នុងតំបន់ទាំង៤។ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គាំទ្រចំពោះការសម្រេចចិត្តនេះ ដោយលោកបណ្ឌិតបានអះអាងថា ចំណាត់ការទាំងយន្តការផ្លូវច្បាប់ ការទូត និងយោធា គឺជាកញ្ចប់វិធានការដែលកម្ពុជាត្រូវប្រកាន់ខ្ជាប់ទាំងព្រម ដើម្បីបង្ហាញទៅកាន់ភាគីថៃអំពីជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ចប់ការប្រឈមជាមួយនឹងប្រទេសជិតខាងមួយនេះ។ លោកបណ្ឌិតបានបន្តថា កម្ពុជា ត្រូវតែបន្តការចរចាទ្វេភាគីជាមួយនឹងប្រទេសថៃនៅគ្រប់កម្រិតទាំងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) គណៈកម្មាធិការព្រំដែនចម្រុះ (JBC) អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងយន្តការផ្សេងៗទៀត ដើម្បីបញ្ចៀសភាពតានតឹង និងការប្រឈមគ្នាខាងយោធាជាថ្មីទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យប្រទេសទាំងពីរ ពិសេសប្រទេសថៃ ត្រូវគ្រប់គ្រងកងទ័ពឱ្យស្ថិតនៅក្នុងស្ថានភាពដើម ហើយទុកឱ្យអ្នកជំនាញកិច្ចការព្រំដែនធ្វើការងារជាមួយគ្នា។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា ការពង្រឹងសមត្ថភាពយោធា និងត្រៀមលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ គឺជាចំណុចសំខាន់មួយទៀតនៅក្នុងកាលៈទេសៈនេះ ខណៈស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានភាពផុយស្រួយជាខ្លាំង ដោយសារតែនយោបាយជាតិនិយមជ្រុលនិងយោធានិយមជ្រុលរបស់អ្នកនយោបាយនិងកងទ័ពថៃមួយចំនួន។ លោកបណ្ឌិតបានបញ្ជាក់ថា ការបន្តធ្វើទំនើបកម្មនិងត្រៀមលក្ខណៈខាងយោធា គឺជាជម្រើសមួយដែលកម្ពុជា ត្រូវតែប្រកាន់ខ្ជាប់ជាប់ជានិច្ច ព្រោះទោះបីជាស្ថានការណ៍ធូរស្រាលយ៉ាងណាក្ដី ក៏ក្រុមអ្នកនយោបាយជ្រុលនិយម និងយោធានិយមអាចបញ្ឆេះកំហឹងមហាជន និងបង្កើតហេតុការណ៍ញុះញង់នៅតាមព្រំដែនបានគ្រប់ពេលវេលា។
បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងសង្កត់ធ្ងន់ អំពីភាពចាំបាច់ខានពុំបាន ដែលកម្ពុជាត្រូវតែលើកករណីព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់បញ្ចប់ការប្រើប្រាស់ផែនទីឯកត្តោភាគី និងបញ្ចៀសឱ្យបានជាអតិបរមានូវការចូលឈ្លានពានលើទឹកដីប្រទេសកម្ពុជាសារជាថ្មី។ បើតាមលោកបណ្ឌិត ផ្អែកលើហេតុការណ៍ឈ្លានពានរបស់កងទ័ពថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យយោធិនកម្ពុជាម្នាក់បាត់បង់អាយុជីវិត បានឆ្លុះបញ្ចាំងអំពីឥរិយាបថយ៉ាងគឃ្លើនរបស់ថៃ អស់រយៈពេលជាង១០០ឆ្នាំមកហើយ ដែលចាប់តាំងពីឆ្នាំ១៩០៤ ក្នុងសម័យអាណាព្យាបាលបារាំង ថៃមិនបានបោះបង់ចោលចេតនាឈ្លានពានទឹកដីកម្ពុជានោះឡើយ បើទោះបីជាមានសន្ធិសញ្ញា និងលិខិតបទដ្ឋានគតិយុត្តិ និងពិធីសារបោះបង្គោលព្រំដែន ដែលមានតម្លៃជាច្បាប់អន្តរជាតិហើយក៏ដោយក្ដី។ សៀម ដែលក្រោយមកបានផ្លាស់ប្ដូរឈ្មោះទៅជា ថៃ មិនធ្លាប់បានគោរពនូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាឡើយ ដោយបានធ្វើសកម្មភាពបំពានលើលិខិតបទដ្ឋានគតិយុត្តិជាគោលការណ៍ច្បាប់អន្តរជាតិ ពោលគឺតាំងចិត្តមិនគោរពកិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋ បើទោះបីជាកិច្ចព្រមព្រៀងនោះធ្វើជាមួយអតីតប្រទេសដាក់អាណានិគមលើកម្ពុជា ដែលជាមហាអំណាចក៏ដោយក្ដី។ ជាការកត់សម្គាល់រប់សលោកបណ្ឌិត យង់ ពៅ ថៃតែងតែសម្ដែងនូវការគោរពនូវកិច្ចព្រមព្រៀងនៅតែនៅពេលដែលខ្លននៅទន់ខ្សោយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលខ្លួនខ្លាំងថៃ បែរជាលែងគោរពទៅវិញ ពោលគឺថៃ តែងតែប្រកាន់ឥរិយាបថ “ស៊ីញ៉េនឹងដៃ លុបនឹងជើងទៅវិញ” និងបង្ហាញសកម្មភាពគឃ្លើននឹងរដ្ឋជុំវិញខ្លួន។ ជាថ្មីម្ដងហើយម្ដងទៀត ភាគីថៃ តែងតែបានអះអាងថា តំបន់កំពុងប្រឈម និងតំបន់ផ្សេងៗទៀតរបស់កម្ពុជា ដែលស្ថិតនៅជិតព្រំដែនកម្ពុជា ថាជាទឹកដីរបស់ខ្លួនទៅវិញ ដែលនេះគឺជារឿងមិនអាចទទួលយកបាន ហើយថៃហាក់បានយល់សុបិន្តខុសសម័យកាល ដោយយល់ច្រឡំថា សម័យតេជោសែន ថាជាសម័យលង្វែក។ ប្រទេសថៃ ជានិច្ចកាលតែងតែរំលោភបំពានទឹកដីប្រទេសជិតខាង ដោយមិនមែនតែកម្ពុជានោះទេ គឺជាមួយនឹងប្រទេសជុំវិញខ្លួនតែម្ដង។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងសម័យសាកលភាវូបនីយកម្ម និងក្នុងនាមថៃជាប្រទេសស៊ីវិល័យ ថៃមិនគួរប្រកាន់ខ្ជាប់នូវឥរិយាបថគឃ្លើន មិនស្គាល់នូវតម្លៃនៃច្បាប់អន្តរជាតិនោះទេ ខណៈប្រទេសទាំងពីរ កម្ពុជា-ថៃ សុទ្ធសឹងជាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាប្រទេសមានព្រំដែនជាប់គ្នា និងមានប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ជាប់ពាក់ព័ន្ធនឹងគ្នាជាច្រើនផង ប្រទេសថៃ មិនគួរប្រកាន់នូវឥរិយាបថចាស់គំរិលដូចនេះឡើយ។
ទោះជាយ៉ាងណា លោកបណ្ឌិតបានមានប្រសាសន៍ថា ករណីព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃ ប្រទេសទាំងពីរ មានឯកសារបន្សល់ទុកដោយអាណានិគមបារាំង សម្រាប់ព្រំដែនប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណ ៨០០គីឡូម៉ែត្រ ជាមួយនឹងផែនទីជាឧបសម្ព័ន្ធសរុបចំនួន ១៧ផ្ទាំង ដែលក្នុងនោះ ត្រូវបានបោះបង្គោលចំនួន ៧៣ទីតាំង ស្មើនឹង៧៤បង្គោលរួចមកហើយ។
ក្រៅតែពីការគាំទ្រចំពោះការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ផងដែរថា កម្ពុជា ត្រូវតែពិនិត្យមើលលទ្ធភាពដទៃផ្សេងៗទៀត ខណៈប្រទេសថៃ តែងតែគឃ្លើនជាមួយនឹងរដ្ឋជិតខាងដែលទន់ខ្សោយជាងខ្លួន។ នៅត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា កម្ពុជាមានភាពចាំបាច់នៅក្នុងការអភិវឌ្ឍសមត្ថភាពជាតិលើគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនលទ្ធភាពឆ្លើយតបទៅនឹងស្ថានការណ៍ និងការប្រែប្រួលស្ថានភាពនៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង។ លោកបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រជាជនធ្វើការជាពលករចំណាកស្រុកជាច្រើនលាននាក់នៅក្នុងប្រទេសថៃ ដែលនេះជាសម្មតិកម្មមួយធ្វើឱ្យក្រុមអ្នកជាតិនិយមជ្រុលនិងយោធានិយមថៃ សម្លឹងមើលកម្ពុជានៅក្នុងរូបភាពមួយមានកម្រិត។ បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមានភាពចាំបាច់ដោយខានពុំបាន នៅក្នុងការបន្តពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន ដើម្បីអាចឆ្លើយតបបានកាន់តែលឿនរហ័សទៅនឹងសភាពការណ៍នៅតាមព្រំដែន ទាំងជើងទឹកនិងជើងគោក ដោយមិនត្រូវអនុញ្ញាតឱ្យរដ្ឋបរទេសណាមួយ អាចប្រមាថមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជានោះទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...
In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...
ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...
Cambodia's political landscape has been shaped by a complex history and is currently at a critical juncture as the country looks towards the future. At the heart of this landscape is the role of the P...
លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត សួន រ៉ានី ដែលបានផ្ដល់សៀវភៅចំនួន៩មុខ សរុប៦៤ក្បាល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ សៀវភៅទាំងនោះរួមមាន៖១- ការគ្រប់គ្រងសេវា២...
ជាទូទៅបើគេនិយាយពីធម្មជាតិ នៃការរស់នៅ របស់មនុស្សក្នុងសង្គមគេតែងតែជួបប្រទះនឹងមនុស្សពីរប្រភេទ ដែលមាន ឋានៈសង្គមខុសប្លែកគ្នា ពោលគឺ មនុស្សមួយប្រភេទមានឋានៈជាមេដឹកនាំ ហើយមនុស្សមួយប្រភេទទៀតជាអ្នកនៅក្រោមបង្...