ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជាពិតជាត្រូវការប្រើប្រាស់យន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីបញ្ចប់មហិច្ឆតារំលោភអធិបតេយ្យភាពពីអ្នកនយោបាយជ្រុលនិយម និងយោធានិយមរបស់ថៃ

2025-06-02 09:13:20 ថ្ងៃចន្ទ, 02 មិថុនា 2025 ម៉ោង 04:13 PM
អ្នកមើល 582
post_detail1

ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាល​រហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរបស់ខ្លួនចំពោះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ អង្គសមាជជាព្រឹទ្ធសភា-រដ្ឋសភា បានប្រកាសគាំទ្រនូវការដាក់ចេញនូវវិធានការផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើង ឆ្លើយតបនឹងពាក់ព័ន្ធនឹងការឈ្លាន​ពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា ពិសេសការលើកយកករណីតំបន់មុំ៣  ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនៅក្នុងតំបន់ទាំង៤។ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គាំទ្រចំពោះការសម្រេចចិត្តនេះ ដោយលោកបណ្ឌិតបានអះអាងថា ចំណាត់ការទាំងយន្តការផ្លូវច្បាប់ ការទូត និងយោធា គឺជាកញ្ចប់វិធានការដែលកម្ពុជាត្រូវប្រកាន់ខ្ជាប់ទាំងព្រម ដើម្បីបង្ហាញទៅកាន់ភាគីថៃអំពីជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៅក្នុងការ​ដោះស្រាយបញ្ចប់ការប្រឈមជាមួយនឹងប្រទេសជិតខាងមួយនេះ។ លោកបណ្ឌិតបានបន្តថា កម្ពុជា ត្រូវតែបន្តការចរចាទ្វេភាគីជាមួយនឹងប្រទេសថៃនៅគ្រប់កម្រិតទាំងគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​ (GBC)​ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងយន្តការផ្សេងៗទៀត ដើម្បីបញ្ចៀសភាពតានតឹង និងការប្រឈមគ្នាខាងយោធាជាថ្មីទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យប្រទេសទាំង​ពីរ ពិសេសប្រទេសថៃ ត្រូវគ្រប់គ្រងកងទ័ពឱ្យស្ថិតនៅក្នុងស្ថានភាពដើម ហើយទុកឱ្យ​អ្នកជំនាញកិច្ចការព្រំដែនធ្វើការងារជាមួយគ្នា។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា ការពង្រឹងសមត្ថភាពយោធា និងត្រៀមលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ គឺជាចំណុចសំខាន់មួយទៀតនៅក្នុងកាលៈទេសៈនេះ ខណៈស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានភាពផុយស្រួយជាខ្លាំង ដោយសារតែនយោបាយជាតិនិយមជ្រុលនិងយោធា​និយម​ជ្រុលរបស់អ្នកនយោបាយនិងកងទ័ពថៃមួយចំនួន។ លោកបណ្ឌិតបានបញ្ជាក់ថា ការបន្តធ្វើទំនើបកម្មនិងត្រៀមលក្ខណៈខាងយោធា គឺជាជម្រើសមួយដែលកម្ពុជា ត្រូវតែប្រកាន់ខ្ជាប់ជាប់ជានិច្ច ព្រោះទោះបីជាស្ថានការណ៍ធូរស្រាលយ៉ាងណាក្ដី ក៏ក្រុមអ្នកនយោបាយជ្រុល​និយម និងយោធានិយមអាចបញ្ឆេះកំហឹងមហាជន និងបង្កើតហេតុការណ៍ញុះញង់នៅតាមព្រំដែនបានគ្រប់ពេលវេលា។

បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងសង្កត់ធ្ងន់ អំពីភាពចាំបាច់ខានពុំបាន ដែលកម្ពុជាត្រូវតែលើកករណីព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់បញ្ចប់​ការប្រើប្រាស់ផែនទីឯកត្តោភាគី និងបញ្ចៀសឱ្យបានជាអតិបរមានូវការចូលឈ្លាន​ពាន​លើទឹកដីប្រទេសកម្ពុជាសារជាថ្មី។ បើតាមលោកបណ្ឌិត ផ្អែកលើហេតុការណ៍ឈ្លាន​ពានរបស់កងទ័ពថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យយោធិនកម្ពុជា​ម្នាក់​បាត់បង់អាយុជីវិត បានឆ្លុះបញ្ចាំងអំពីឥរិយាបថយ៉ាងគឃ្លើនរបស់ថៃ អស់រយៈពេលជាង១០០ឆ្នាំមកហើយ ដែលចាប់តាំងពីឆ្នាំ១៩០៤ ក្នុងសម័យអាណាព្យាបាលបារាំង ថៃមិនបានបោះបង់ចោលចេតនាឈ្លានពានទឹកដីកម្ពុជានោះឡើយ បើទោះបីជាមានសន្ធិសញ្ញា និងលិខិតបទដ្ឋានគតិយុត្តិ និងពិធីសារបោះបង្គោលព្រំដែន ដែលមានតម្លៃជាច្បាប់អន្តរជាតិហើយក៏ដោយក្ដី។ សៀម ដែលក្រោយមកបានផ្លាស់ប្ដូរឈ្មោះទៅជា ថៃ មិនធ្លាប់បានគោរព​នូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាឡើយ ដោយបានធ្វើសកម្មភាព​បំពានលើលិខិតបទដ្ឋានគតិយុត្តិជាគោលការណ៍ច្បាប់អន្តរជាតិ ពោលគឺតាំងចិត្តមិនគោរព​កិច្ចព្រមព្រៀងរវាងរដ្ឋនិងរដ្ឋ បើទោះបីជាកិច្ចព្រមព្រៀងនោះធ្វើជាមួយអតីតប្រទេសដាក់​អាណានិគមលើកម្ពុជា ដែលជាមហាអំណាចក៏ដោយក្ដី។ ជាការកត់សម្គាល់រប់សលោកបណ្ឌិត យង់ ពៅ ថៃតែងតែសម្ដែងនូវការគោរពនូវកិច្ចព្រមព្រៀងនៅតែនៅពេលដែលខ្លននៅទន់ខ្សោយតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលខ្លួនខ្លាំងថៃ បែរជាលែងគោរពទៅវិញ ពោលគឺថៃ តែងតែប្រកាន់ឥរិយាបថ “ស៊ីញ៉េនឹងដៃ លុបនឹងជើងទៅវិញ” និងបង្ហាញសកម្មភាព​គឃ្លើននឹងរដ្ឋជុំវិញខ្លួន។ ជាថ្មីម្ដងហើយម្ដងទៀត ភាគីថៃ តែងតែបានអះអាងថា តំបន់កំពុងប្រឈម និងតំបន់ផ្សេងៗទៀតរបស់កម្ពុជា ដែលស្ថិតនៅជិតព្រំដែនកម្ពុជា ថាជាទឹកដីរបស់ខ្លួនទៅវិញ ដែលនេះគឺជារឿងមិនអាចទទួលយកបាន ហើយថៃហាក់បានយល់សុបិន្តខុសសម័យកាល ដោយយល់ច្រឡំថា សម័យតេជោសែន ថាជាសម័យលង្វែក។ ប្រទេសថៃ ជានិច្ចកាលតែងតែរំលោភបំពានទឹកដីប្រទេសជិតខាង ដោយមិនមែនតែកម្ពុជានោះទេ គឺជាមួយនឹងប្រទេសជុំវិញខ្លួនតែម្ដង។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងសម័យសាកលភាវូបនីយកម្ម និងក្នុងនាមថៃជាប្រទេសស៊ីវិល័យ ថៃមិនគួរប្រកាន់ខ្ជាប់នូវឥរិយាបថគឃ្លើន មិនស្គាល់នូវតម្លៃនៃច្បាប់អន្តរជាតិនោះទេ ខណៈប្រទេសទាំងពីរ កម្ពុជា-ថៃ សុទ្ធសឹងជាប្រទេស​សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាប្រទេសមានព្រំដែនជាប់គ្នា និងមានប្រវត្តិសាស្ត្រ អរិយធម៌ វប្បធម៌ជាប់ពាក់ព័ន្ធនឹងគ្នាជាច្រើនផង ប្រទេសថៃ មិនគួរប្រកាន់នូវឥរិយាបថ​ចាស់គំរិលដូចនេះឡើយ។

ទោះជាយ៉ាងណា លោកបណ្ឌិតបានមានប្រសាសន៍ថា ករណីព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃ ប្រទេសទាំងពីរ មានឯកសារបន្សល់ទុកដោយអាណានិគមបារាំង សម្រាប់ព្រំដែនប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណ ៨០០គីឡូម៉ែត្រ ជាមួយនឹងផែនទីជាឧបសម្ព័ន្ធសរុបចំនួន ១៧ផ្ទាំង ដែលក្នុងនោះ ត្រូវបានបោះបង្គោលចំនួន ៧៣ទីតាំង ស្មើនឹង៧៤បង្គោលរួចមកហើយ។

ក្រៅតែពីការគាំទ្រចំពោះការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ផងដែរថា កម្ពុជា ត្រូវតែពិនិត្យមើលលទ្ធភាពដទៃផ្សេង​ៗទៀត ខណៈប្រទេសថៃ តែងតែគឃ្លើនជាមួយនឹងរដ្ឋជិតខាងដែលទន់ខ្សោយជាងខ្លួន​។ នៅត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា កម្ពុជាមានភាពចាំបាច់នៅក្នុងការ​អភិវឌ្ឍសមត្ថភាពជាតិលើគ្រប់វិស័យទាំងអស់ ដើម្បីបង្កើនលទ្ធភាពឆ្លើយតបទៅនឹងស្ថានការណ៍ និងការប្រែប្រួលស្ថានភាពនៅក្នុងទំនាក់ទំនងជាមួយនឹងប្រទេសជិតខាង។ លោកបណ្ឌិតបានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រជាជនធ្វើការជាពលករចំណាកស្រុកជាច្រើនលាននាក់នៅក្នុងប្រទេសថៃ ដែលនេះជាសម្មតិកម្មមួយធ្វើឱ្យក្រុមអ្នកជាតិនិយមជ្រុលនិងយោធានិយមថៃ សម្លឹងមើលកម្ពុជានៅក្នុងរូបភាពមួយមានកម្រិត។ បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមានភាពចាំបាច់ដោយខានពុំបាន នៅក្នុងការបន្តពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន ដើម្បីអាចឆ្លើយតបបានកាន់តែ​លឿនរហ័សទៅនឹងសភាពការណ៍នៅតាមព្រំដែន ទាំងជើងទឹកនិងជើងគោក ដោយមិនត្រូវ​អនុញ្ញាតឱ្យរដ្ឋបរទេសណាមួយ អាចប្រមាថមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជានោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម...»

កញ្ញា មាស អេឡែន  ដែលជានិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងជានិស្សិតស្ថិតនៅក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្...

2019-01-10 03:36:09   ថ្ងៃព្រហស្បតិ៍, 10 មករា 2019 ម៉ោង 10:36 AM
«ត្រូវចេះខ្ចីកម្លាំងជនបរទេសជួយអភិវឌ្ឍប្រទេស, រៀនសូត្រពីប្រទេស២» ដោយ៖ យង់ ពៅ

ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស...

2019-01-09 04:05:31   ថ្ងៃពុធ, 09 មករា 2019 ម៉ោង 11:05 AM
«កិច្ចប្រជុំប្រចាំខែរបស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម»

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ប...

2019-01-08 08:17:27   ថ្ងៃអង្គារ, 08 មករា 2019 ម៉ោង 03:17 PM
«ថ្ងៃ៧ មករា មិនមែនជាថ្ងៃសម្រាប់តែគណបក្សប្រជាជនកម្ពុជានោះទេ‌»

ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាក...

2019-01-07 06:48:35   ថ្ងៃចន្ទ, 07 មករា 2019 ម៉ោង 01:48 PM
«៥៦ឆ្នាំមុន ទង់ជាតិកម្ពុជាដំបូងបានបង្ហូតនៅលើប្រាសាទព្រះវិហារ៖ ៥ មករា ១៩៦៣ - ៥ មករា ២០១៩»

តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណី​ប្រាសាទព្រះវិហារដែលបានប្តឹង​ផ្ដល់​ជាមួយ​ប្រទេស​សៀម ដែល​ទន្ទ្រាន​កាន់កាប់ប...

2019-01-05 17:48:14   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:48 AM
«លោកបណ្ឌិតសភាចារ្យ សុខ ទូច ជូនសារពន្យល់ដល់អ្នកវិភាគមួយចំនួន អំពីវិនិយោគចិននៅកម្ពុជា»

ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មាន​ឆ្...

2019-01-05 17:18:28   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:18 AM

សេចក្តីប្រកាស