ព័ត៌មាន

ករណីចាប់ជនល្មើសមិនបាន ត្រូវតែទទួលវិន័យទើបត្រឹមត្រូវ មិនគួរនិយាយពីការផ្ដល់រង្វាន់ដល់សមត្ថកិច្ចចាប់ចោរបាននោះទេ

2025-05-23 09:42:29 ថ្ងៃសុក្រ, 23 ឧសភា 2025 ម៉ោង 04:42 PM
អ្នកមើល 1441
post_detail1

ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះករណីចោរកម្មដែលកើតមាននៅក្នុងភូមិសាស្ត្រនីមួយៗ គឺជាបញ្ហាដែលសមត្ថកិច្ចចាំបាច់ត្រូវអនុវត្តតួនាទីភារកិច្ចបង្ក្រាប​និងទប់ស្កាត់ប្រកបដោយការទទួលខុសត្រូវ។ លោកបណ្ឌិតបានកត់សម្គាល់ថា ករណីចោរកម្មគឺជាបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម ដែលមិនគួរកើតមាន​នោះទេ ព្រោះបានបង្កផលប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋផង មុខមាត់របស់ប្រទេសជាតិផង និងបង្កើតនូវការព្រួយបារម្ភសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញជាដើម។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា បញ្ហាចោរកម្មក៏មិនចែងនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ដែលត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យសមត្ថកិច្ចនៅតាមមូលដ្ឋាននីមួយៗ ត្រូវតែពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងដែនដី​ដែលខ្លួនគ្រប់គ្រងឱ្យបានប្រសើរឡើង ព្រោះជារឿងដែលប្រជាពលរដ្ឋមើលឃើញជាក់​ស្ដែងនៅចំពោះមុខ។ លោកបណ្ឌិតបន្តថា សមត្ថកិច្ចគួរតែដកស្រង់បទពិសោធន៍នៃការអនុវត្ត និងទិដ្ឋភាពជាវិជ្ជមានដែលមាននៅតាមបណ្ដាប្រទេសនានា យកមកធ្វើជាមេរៀន និងជាម៉ែត្រវាស់វែងការខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ជាជាងប្រៀបធៀបតែចំណុចអវិជ្ជមាន​របស់ប្រទេសនានា ដើម្បីបង្ហាញរូបភាពល្អរបស់ខ្លួន

បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងថា លោកមិនយល់ស្របចំពោះការប្រកាសផ្ដល់រង្វាន់ទៅដល់សមត្ថកិច្ចដែលបាន​បង្ក្រាបបទល្មើសនោះទេ ព្រោះនេះគឺជាការទទួលខុសត្រូវនៅក្នុងមុខនាទីរបស់ខ្លួន ដោយលោកបណ្ឌិតបានអះអាងថា ការផ្ដល់រង្វាន់លើកទឹកចិត្តក្នុងរូបភាពបែបនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ចទៅវិញ។ បើតាមលោកបណ្ឌិត ការធ្វើដូចនេះ អាចបង្កើតទៅជាទម្លាប់មិនល្អមួយសម្រាប់មន្ត្រីមានសមត្ថកិច្ច ដោយអាចនឹងមាននិន្នាការថា បើមិនមានរង្វាន់ នឹងមិនអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឡើយ ពោលគឺមន្ត្រីមានសមត្ថកិច្ចនឹងធ្វើការងាររបស់ខ្លួន ប្រសិនបើមានការផ្ដល់រង្វាន់លើកទឹកចិត្ត (ផ្ដល់រង្វាន់​ទើបធ្វើការងារ)។ លើសពីនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅមូលដ្ឋានខ្លះដែលសម្បូរទៅដោយបញ្ហាអសន្តិសុខ និងមានចោរឆក់ចោរប្លន់ច្រើន គេគួរតែពិចារណាអនុវត្ត​ការពិន័យ ឬទណ្ឌកម្មរដ្ឋបាល ដូចជាការបញ្ឈរជើង ឬដកសមត្ថកិច្ចដែលទទួលខុសត្រូវនៅ​ក្នុងមូលដ្ឋាននោះពីតួនាទីរបស់ខ្លួន ដោយសារការអនុវត្តតួនាទីមិនបានល្អប្រសើរ​ ដើម្បីជាសារជំរុញឱ្យសមត្ថកិច្ចនៅតាមមូលដ្ឋាន មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន។ លោកបណ្ឌិត យង់ ពៅ បានបន្តថា ការផ្ដល់រង្វាន់លើកទឹកចិត្តដូចនេះ អាចបង្កការអាក់អន់ស្រពន់ចិត្តចំពោះ សមត្ថកិច្ចនៅតាមមូលដ្ឋានផ្សេងទៀត ដែលបានខិតខំថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរស្រាប់ ក៏ដូចជាមន្ត្រីនៅក្នុងតួនាទីភារកិច្ចដទៃទៀត ដែលមិនទទួលបានការលើកទឹកចិត្ត។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ការធ្វើដូចនេះ នឹងបង្កើតឱ្យមានការយល់ឃើញថា ការបំពេញតួនាទីជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទទួលបានផលលាភដោយគ្មានសមធម៌និងមិនសមហេតុផល ដែលរូបភាពនេះ មិនខុសគ្នាពីការផាកពិន័យបទល្មើសចរាចរណ៍ ដើម្បីតែយកប្រាក់រង្វាន់នោះទេ គឺមន្ត្រីនគរបាលមួយចំនួន មិនបានផ្ដោតសំខាន់ទៅលើការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍នោះទេ តែបែរជាផ្ដោតថា ត្រូវធ្វើយ៉ាងណាឱ្យតែផាកពិន័យបានច្រើនទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមថា ក្នុងនាមជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែបំពេញការងាររបស់ខ្លួនឱ្យស្របទៅនឹងលក្ខខន្តិកៈដែលច្បាប់​បានកំណត់ ប្រកបដោយមនសិកា និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត មិនគួរបំពេញការងារ​ដោយរង់ចាំមើលតែការផ្ដល់រង្វាន់លើកទឹកចិត្ត ឬលាភសក្ការៈផ្សេងទៀតក្រៅពីប្រាក់បៀវត្សរ៍ដែលខ្លួនទទួលបាននោះឡើយ។ លោកបណ្ឌិត បានស្នើសុំដោយទទូចថា ដើម្បីពង្រឹង​ការអនុវត្តតួនាទីមន្ត្រីមានសមត្ថកិច្ចឱ្យមានប្រសិទ្ធភាព គឺត្រូវផ្ដោតលើការជំរុញមន្ត្រីបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនមែនជាការផ្ដល់រង្វាន់លើកទឹកចិត្តក្នុងរូបភាពដូចនេះឡើយ ខណៈវិន័យគឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយសម្រាប់កងកម្លាំង​ប្រដាប់អាវុធ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស