Royal Academy of Cambodia
ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ពុជាគួរពឹងផ្អែកលើការនាំចូលស្បៀងអាហារពីប្រទេសជិតខាង ឬផ្តោតលើភាពគ្រប់គ្រាន់របស់ខ្លួនឯង? នៅពេលដែលពាណិជ្ជកម្មក្នុងតំបន់កាន់តែអាចមានលទ្ធភាពនាំចេញនាំចូលបានដោយងាយស្រួលជាងមុន ហើយតម្រូវការចំពោះផលិតផលចម្រុះបានកើនឡើង ការជជែកពិភាក្សាលើការនាំចូលម្ហូបអាហារពីក្រៅប្រទេស កាន់តែក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនធម្មតា អ្នកជំនាញ និងអ្នកនយោបាយ។
ម្យ៉ាងវិញទៀត ការនាំចូលម្ហូបអាហារពីប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ផ្តល់អត្ថប្រយោជន៍ភ្លាមៗដល់កម្ពុជា។ ប្រទេសទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធកសិកម្មទំនើបជាងកម្ពុជា ហើយក៏ជាប្រទេសដែលផលិតដំណាំមួយចំនួនកាន់តែមានប្រសិទ្ធភាព និងមានតម្លៃថោកជាងកម្ពុជា។ ឧទាហរណ៍ ការនាំចូលពូជស្រូវ ផ្លែឈើ ឬអាហារកែច្នៃដែលមិនទាន់មានការដាំដុះឬមិនទាន់ការផលិតក្នុងប្រទេសកម្ពុជា អាចជួយបំពេញតម្រូវការក្នុងស្រុកនិងរក្សាតម្លៃស្បៀងឱ្យមានស្ថិរភាព ជាពិសេស ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតឬទឹកជំនន់ ដែលនៅតែជះឥទ្ធិពលដល់វិស័យកសិកម្មរបស់កម្ពុជា។
លើសពីនេះទៅទៀត ពាណិជ្ជកម្មអន្តរជាតិជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការទិញលក់ម្ហូបអាហារឆ្លងកាត់ព្រំដែន ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយប្រទេសជិតខាងរបស់ខ្លួនដែរ។ ខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារក្នុងតំបន់ក៏គាំទ្រដល់ជម្រើសនិងភាពខុសគ្នារបស់អ្នកប្រើប្រាស់ផងដែរ ដោយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារតាមរយៈការទទួលបានផលិតផលចម្រុះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការពឹងផ្អែកខ្លាំងពេកលើការនាំចូលម្ហូបអាហារពីបរទេសក៏នាំមកនូវហានិភ័យមួយចំនួនដែរ។ វាអាចធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតនៅក្នុងស្រុក។ កសិករខ្មែរដែលភាគច្រើនជាអ្នកប្រកបរបរតូចតាច ត្រូវតស៊ូប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃថោក។ បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជានតាមជនបទ និងធ្វើឱ្យការអភិវឌ្ឍមានភាពយឺតយ៉ាវក្នុងវិស័យដែលផ្តល់ការងារយ៉ាងច្រើនដល់ប្រជាជន។ វាក៏បង្កើតភាពអាស្រ័យខ្លាំងពេកលើប្រទេសជិតខាងដែលអាចប្រថុយប្រថានក្នុងគ្រាមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឬសកលលោក ដូចជា អ្នកដែលមានបទពិសោធអំឡុងពេលជំងឺរាតត្បាត COVID-19 ឬអំឡុងពេលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសនានាក្នុងតំបន់។
លើសពីនេះទៀត ការនាំចូលម្ហូបអាហារ ពេលខ្លះអាចបង្កឱ្យមានកង្វល់ខាងបញ្ហាសុខភាពនិងសុវត្ថិភាព ប្រសិនបើការត្រួតពិនិត្យខាងផ្លូវច្បាប់និងបច្ចេកទេសមានភាពទន់ខ្សោយខ្លាំងពេក។ ការធានាថា ម្ហូបអាហារដែលនាំចូលត្រូវតែគោរពតាមស្តង់ដារសុខភាពរបស់កម្ពុជាដែលទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យដ៏រឹងមាំនោះ នៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្ដែង ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ អាហារកែច្នៃ ដែលខូចគុណភាពឬមានជាតិគីមីលើសម្រិតសុវត្ថិភាពមួយចំនួននៅតែត្រូវបានគេនាំចូលមកក្នុងទីផ្សាររបស់កម្ពុជាជា បន្តបន្ទាប់។
សំណួរសំខាន់មួយគឺថាតើកម្ពុជាមិនគួរនាំចូលស្បៀងអាហារពីបរទេសឬយ៉ាងណា។ ខ្ញុំយល់ថា កម្ពុជាគួរបន្តនាំចូលម្ហូបអាហារពីបរទេស ប៉ុន្តែ ត្រូវមានលក្ខខណ្ឌ មានន័យថា ត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពរវាងការនាំចូលនិងផលិតកម្មក្នុងស្រុកដែលកំពុងតែមានសន្ទុះកើនឡើងជាបណ្ដើរៗ។ រាជរដ្ឋាភិបាលត្រូវតែគាំទ្រកសិករក្នុងស្រុកតាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការស្តុកទុកផលិតផល គ្រាប់ពូជ និងការទទួលបានទីផ្សារ គ្រប់គ្រាន់ ក្នុងពេលជាមួយគ្នានេះ នៅតែអនុញ្ញាតឱ្យមានការនាំចូលជាយុទ្ធសាស្រ្តដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងបំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់ មិនមែននាំចូលដោយសេរី ដែលនាំទៅដល់ការធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតក្នុងស្រុក សម្លាប់ទីផ្សារក្នុងស្រុក និងធ្វើឱប៉ះប៉ពាល់ដល់ជីវភាព ការងារ សុខភាព និងសុខុមាលរបស់ប្រជាជនកម្ពុជានោះទេ។
សរុបមក ការនាំចូលម្ហូបអាហារពីប្រទេសជិតខាងអាចមានប្រយោជន៍ ប៉ុន្តែ ប្រសិនបើការនាំចូលនោះធ្វើឡើងដោយឈ្លាសវៃឬគតិបណ្ឌិត។ កម្ពុជាគួរតែខិតខំស្វែងរកវិធីសាស្រ្តប្រកបដោយតុល្យភាព ដែលការពារសន្តិសុខស្បៀង ការពារកសិករក្នុងស្រុកផង និងអាចធានាឱ្យមានម្ហូបអាហារដែលមានសុវត្ថិភាពនិងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដើម្បីធ្វើបែបនេះបាន ទាំងអ្នកនាំចូល អ្នកចែកចាយ ទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមច្រកព្រំដែន អាជ្ញាធរដែនដី និងអាជ្ញាធរថ្នាក់ជាតិ ត្រូវតែបំពេញភារកិច្ចឱ្យហ្មត់ចត់និងស៊ីចង្វាក់គ្នា ដោយសហការនិងសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដែលក្នុងនោះបំពេញការងារដោយអនុលោមតាមគោលការណ៍ច្បាប់ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ហើយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕
RAC Media
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...