ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍ សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ

2025-05-20 08:16:32 ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:16 PM
អ្នកមើល 826
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតី​នាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគស្ថានភាពនយោបាយនិងសង្គមកម្ពុជា បានថ្លែងសាទរចំពោះការប្រកាសនេះ និងបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ។ លោកបណ្ឌិត បានលើកឡើងថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗដើម្បីកេងចំណេញលើករណីនេះ ដោយអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលជារឿងរសើបមួយផងដែរ ខណៈ​កន្លងទៅធ្លាប់មានការប្រើប្រាស់ដីសាធារណៈផ្សេងៗរបស់រដ្ឋ តាមរយៈការដោះដូរផ្សេងៗ។ ការបង្កើតពាក្យចចាមអារ៉ាមដែលថាដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបានដាក់ដេញថ្លៃលក់ឱ្យក្រុមហ៊ុនឯកជននោះ ត្រូវបានអ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាអ្នកវិភាគមួយចំនួន បានទាញករណីនេះភ្ជាប់ទៅនឹងប្រធានបទយោបាយផ្សេងៗ​ តាមចេតនានិងការចង់បានរបស់ខ្លួន។

លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ថា មានការលើកឡើងជាច្រើនផ្សេងៗគ្នា អំពីការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនាពេលខាងមុខ ហើយការប្រកាសថែរក្សាទីតាំងនេះទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ គឺជាការប្រកាសអំពីការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិតបានលើកឡើងនូវលទ្ធភាពនៃការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិនេះបន្ថែមថា ដោយ​សារតែការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម បញ្ហាដែលប្រជាពលរដ្ឋទូទៅបានជួបប្រទះខ្លាំងជាងគេនៅរាជធានីភ្នំពេញគឺ បញ្ហាស្ទះចរាចរណ៍ ដោយសារតែក្រសួងស្ថាប័នជាច្រើន ត្រូវបានសាងសង់នៅទីតាំងប្រជុំជនដែលមានសភាពតូចចង្អៀត និងចរាចរណ៍មមាញឹក។ ត្រង់ចំណុចនេះ លោកបណ្ឌិត​បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិនេះ គួរតែត្រូវបានពិចារណាសម្រាប់ការរៀបចំជាទីបណ្ដុំក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ នៅក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗពីក្រសួងស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីការកសាង​ក្រសួងស្ថាប័ន ក៏ដូចជាមន្ទីររដ្ឋនានានៅក្នុងទម្រង់រចនាបថស្ថាបត្យកម្មដែលមានការឯកភាពគ្នាជារួមមួយ ពិសេសតាមរចនាបថសំណង់ខ្មែរសហសម័យ ដែលអាចឆ្លុះបញ្ចាំងអំពីកិត្យានុភាពសំណង់សហសម័យរបស់ខ្មែរផង និងសម្រាប់ទុកជាប្រយោជន៍សាធារណៈ​ដែលមានលក្ខណៈនិរន្តរភាពផងដែរ។

ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល ដែលគេងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតនៅជិតនឹងទីតាំងអាកាសយានដ្ឋានចាស់ផងដែរ ដូច្នេះនឹងបង្ក​ភាពងាយស្រួលនៅក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងទីតាំងរដ្ឋបាល និងអាកាសយានដ្ឋានអន្តរជាតិថ្មី ហើយដែលការតភ្ជាប់នេះ ក៏បម្រើដល់ការអភិវឌ្ឍនៅតំបន់ជាយក្រុងនេះផងដែរ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីលទ្ធភាពនៃការរៀបចំ​ទីតាំងអាកាសយានដ្ឋានចាស់ សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈមួយផ្សេងទៀត​នោះគឺ ការកសាងមន្ទីរពេទ្យកម្រិតស្តង់ដាជាតិដ៏ធំមួយ ជាមួយនឹងបរិវេណដ៏ធំទូលាយ ដែលគេអាចរៀបចំប្រមូលផ្ដុំទាំងមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្រិតខ្ពស់ និងសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់សាធារណជន និងអ្នកទទួលប្រើប្រាស់សេវាសុខាភិបាលនៅទីនោះផងដែរ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ទីតាំងអាកាសយានដ្ឋានចាស់ គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឱ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតក​អ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទៅផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM

សេចក្តីប្រកាស