Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពិភាក្សា ស្វែងយល់អំពីដំណើរការនិងរចនាសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះជំនួបលើកទីមួយនេះ និងបានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតអំពីសមាសភាពថ្នាក់ដឹកនាំ ប្រវត្តិនៃការបង្កើត និងរចនាសម្ព័ន្ធក៏ដូចជាស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញចំណាប់អារម្មណ៍អំពីសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា និងសង្ឃឹមថា រាជបណ្ឌិត្យសភាកម្ពុជានឹងជំរុញការសិក្សាភាសាបារាំង ដើម្បីសិក្សាប្រវត្តិសាស្ត្រខ្មែរ និងជំនាញផ្សេងៗទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង នៅក្នុងវិស័យផ្សេងៗដូចជា វិស័យបណ្ណាសារដ្ឋាន វិស័យកសិកម្ម កសិកម្ម និងវិស័យអប់រំជាដើម។ ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញពីក្ដីរំពឹងថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នឹងឈានទៅដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ឯកឧត្ដមមានក្ដីរំពឹងថា តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយនឹងស្ថាប័នស្រាវជ្រាវបារាំង ដែលមានដូចជាការរៀបចំគម្រោងស្រាវជ្រាវរួមគ្នាលើប្រធានបទសំខាន់ ការរៀបចំសិក្ខាសាលានិងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗជាដើម។
ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតបារាំង បានឯកភាពគ្នាគ្រោងនឹងរៀបចំបាឋកថាស្ដីពី «ទំនាក់ទំនងកម្ពុជា-បារាំង» នាពេលមុខខាងមុខ ដើម្បីពង្រីកការយល់ដឹងរបស់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជន អំពីទំនាក់ទំនងជាមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងការប្រមើលមើលអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
សៀមរាប៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ...
រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្...
(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ...
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្...
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...