Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពិភាក្សា ស្វែងយល់អំពីដំណើរការនិងរចនាសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះជំនួបលើកទីមួយនេះ និងបានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតអំពីសមាសភាពថ្នាក់ដឹកនាំ ប្រវត្តិនៃការបង្កើត និងរចនាសម្ព័ន្ធក៏ដូចជាស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញចំណាប់អារម្មណ៍អំពីសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា និងសង្ឃឹមថា រាជបណ្ឌិត្យសភាកម្ពុជានឹងជំរុញការសិក្សាភាសាបារាំង ដើម្បីសិក្សាប្រវត្តិសាស្ត្រខ្មែរ និងជំនាញផ្សេងៗទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង នៅក្នុងវិស័យផ្សេងៗដូចជា វិស័យបណ្ណាសារដ្ឋាន វិស័យកសិកម្ម កសិកម្ម និងវិស័យអប់រំជាដើម។ ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញពីក្ដីរំពឹងថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នឹងឈានទៅដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ឯកឧត្ដមមានក្ដីរំពឹងថា តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយនឹងស្ថាប័នស្រាវជ្រាវបារាំង ដែលមានដូចជាការរៀបចំគម្រោងស្រាវជ្រាវរួមគ្នាលើប្រធានបទសំខាន់ ការរៀបចំសិក្ខាសាលានិងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗជាដើម។
ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតបារាំង បានឯកភាពគ្នាគ្រោងនឹងរៀបចំបាឋកថាស្ដីពី «ទំនាក់ទំនងកម្ពុជា-បារាំង» នាពេលមុខខាងមុខ ដើម្បីពង្រីកការយល់ដឹងរបស់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជន អំពីទំនាក់ទំនងជាមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងការប្រមើលមើលអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ភ្នំពេញ៖ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រ...
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ នាពេលខាងមុខ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រ...
ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានក...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតី...
កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...