Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្នុងសម័យរាជាណាចក្រទីពីរ នៃប្រទេសកម្ពុជា ដែលស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពោលគឺរដ្ឋសភានិងព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតរៀបចំសមាជរួមគ្នា ដែលជាសញ្ញាណមួយដ៏ប្រសើរសម្រាប់ការដោះដូរទស្សនៈយល់ឃើញរវាងអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយគណបក្សជំទាស់ នៅក្នុងការជជែកអំពីការព្រាង ការអនុម័តច្បាប់ និងការដោះស្រាយបញ្ហាសំខាន់ៗនានារបស់ជាតិ ដូចជានៅក្នុងវិស័យកសិកម្ម ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះនយោបាយរបស់កម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត សមាជដែលគ្រោងធ្វើនាពេលខាងមុខនេះ ពិតជាសមស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៩ ថ្មី ដែលបានចែងអំពីការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលនឹងចារឹកទុកនៅក្នុងប្រវត្តិសាស្ត្រស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា សមាជស្ថាប័ននីតិប្បញ្ញត្តិនាពេលខាងមុខនេះ ក៏ជាការគូសរំលេចអំពីការជជែកពិភាក្សាគ្នានៅក្នុងក្របខ័ណ្ឌពហុមតិ ក៏ដូចជាពហុបក្សផងដែរ ពោល នៅក្នុងសភាទាំងពីរមានសមាជិកពីគណបក្សប្រជាជនជាបក្សកាន់អំណាច និងមានសមាជិកមកពីគណបក្សជំទាស់ពីរគឺ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅឯរដ្ឋសភា និងគណបក្សឆន្ទៈនៅឯព្រឹទ្ធសភា។ លោកបណ្ឌិតបានសាទរចំពោះការរៀបចំសមាជនេះ និងបានស្នើសុំឱ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា មកពីគណបក្សទាំងបី នឹងបើកចិត្តទូលាយនៅក្នុងវេទិកាកម្រិតសភា ដើម្បីជជែកដេញដោល និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកក្នុងរយៈពេល២ថ្ងៃនេះ ដោយឈរលើទស្សនៈរួមរបស់ជាតិកម្ពុជាថា តើអ្នកនយោបាយកម្ពុជាត្រូវរួមគ្នាធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ។
បន្ថែមពីនេះ សមាជលើកទីមួយនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏បានគូសរំលេចឱ្យឃើញអំពីដំណើរការស្ថាប័នសភាទាំងពីរ ពិសេសព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញតួនាទីកាន់តែសកម្ម នៅក្នុងការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់ និងការងារពិនិត្យភាពចាំបាច់នៃនយោបាយកម្ពុជា ដើម្បីធ្វើឱ្យសង្គមនយោបាយកម្ពុជាកាន់តែមានស្ថានភាពប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងស្ថានភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏ក្ដៅគគុក និងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកជាបន្តបន្ទាប់ ក្នុងគោលដៅរក្សាឱ្យបាននូវឧត្ដមប្រយោជន៍នៃប្រជាជាតិខ្មែរ។ លោកបណ្ឌិតបានបន្តថា ការប្រមូលផ្ដុំនូវពហុមតិនៅក្នុងសមាជជាប្រវត្តិសាស្ត្រនៃស្ថាប័ននីតិប្បញ្ញត្តិនេះ នឹងអាចមានការជជែកពិភាក្សា ដោះដូរទស្សនៈយោបល់គ្នាទៅវិញទៅមក និងបង្ហាញពីចេតនានយោបាយជាវិជ្ជមាននៅក្នុងសង្គមនយោបាយកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ជាសញ្ញាណដ៏ល្អមួយ ដែលបើកឱកាសឱ្យមានការចូលរួមប្រកបដោយន័យស្ថាបនា ពិសេសនៅក្នុងកិច្ចការដឹកនាំរដ្ឋនិយាយជារួម និងនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិនិយាយដោយឡែក ពីសំណាក់អ្នកនយោបាយជំទាស់ ខណៈដែលកន្លងមក ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានព្យាយាមប្រើប្រាស់វេទិកាឬកម្មវិធីក្រៅផ្លូវការផ្សេងៗ ទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីវាយប្រហារ ឬរិះគន់បែបជាន់ពន្លិច ឬនៅក្នុងរូបភាពហុចដងដាវទៅឱ្យបរទេសទៅវិញ។ សមាជិកនាពេលខាងមុខនេះ គឺជាឱកាសដែលគណបក្សកាន់អំណាចបានផ្ដួចផ្ដើមគំនិត ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយនៃគណបក្សជំទាស់ដែលមានអសនៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ អាចចូលរួមជាទស្សនៈយោបល់ក្នុងអត្ថន័យស្ថាបនា ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនៈជារួមរបស់ជាតិ ឈានទៅថែរក្សាការពារ និងនាំមកនូវផលប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរផងដែរចំពោះអ្នកនយោបាយនៃគណបក្សជំទាស់ដែលជាសមាជិករដ្ឋសភានិងព្រឹទ្ធសភា គួរតែត្រៀមលក្ខណៈ និងគិតគូរពិចារណាទុកជាមុន ធ្វើយ៉ាងណាលើកបង្ហាញនូវទស្សនៈយល់ឃើញនៅក្នុងជ្រុងនៃការគិតគូរខាងនយោបាយរបស់គណបក្ស ដែលត្រូវមានគុណតម្លៃបម្រើជាប្រយោជន៍ក្នុងការដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ ដោយយោងតាមរបៀបវារៈដែលបានកំណត់និងប្រកាសជូនដំណឹងទុកជាមុននេះ។ លោកបណ្ឌិតបានបង្ហាញក្ដីរំពឹងថា សមាជស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជានាខែមិថុនាខាងមុខនេះ នឹងក្លាយជាវេទិកាសភាជាប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជា ដែលអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយជំទាស់ អាចសម្រេចបាននូវទស្សនៈរួមមួយរបស់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាសម្រេចបាននូវឧត្ដមប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដើម្បីធានាបាននូវភាពរឹងមាំខាងនយោបាយរបស់កម្ពុជា ប្រឈមទល់នឹងស្ថានភាពវិវត្តនិងប្រកួតប្រជែងឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិន...
យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសប្រ...
តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យ...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខ...
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស...