ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ សមាជជាលើកដំបូងនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងរំលេចពីការជជែកគ្នាជាពហុមតិ ដើម្បីប្រមូលទស្សនៈរួមរបស់ជាតិដើម្បីអភិវឌ្ឍប្រទេស

2025-05-13 08:26:29 ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 03:26 PM
អ្នកមើល 403
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្នុងសម័យរាជាណាចក្រទីពីរ នៃប្រទេសកម្ពុជា ដែលស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពោលគឺរដ្ឋសភានិងព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតរៀបចំសមាជរួមគ្នា ដែលជាសញ្ញាណមួយដ៏ប្រសើរសម្រាប់ការ​ដោះដូរទស្សនៈយល់ឃើញរវាងអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយគណបក្ស​ជំទាស់ នៅក្នុងការជជែកអំពីការព្រាង ការអនុម័តច្បាប់ និងការដោះស្រាយបញ្ហាសំខាន់ៗ​នានារបស់ជាតិ ដូចជានៅក្នុងវិស័យកសិកម្ម ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះនយោបាយរបស់កម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត សមាជដែលគ្រោងធ្វើនាពេលខាងមុខនេះ ពិតជាសមស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៩ ថ្មី ដែលបានចែងអំពីការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលនឹងចារឹកទុកនៅក្នុងប្រវ​ត្តិសាស្ត្រស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា សមាជស្ថាប័ននីតិប្បញ្ញត្តិនាពេលខាងមុខនេះ ក៏ជាការគូសរំលេចអំពីការជជែកពិភាក្សាគ្នានៅក្នុងក្របខ័ណ្ឌពហុមតិ ក៏ដូចជា​ពហុបក្សផងដែរ ពោល នៅក្នុងសភាទាំងពីរមានសមាជិកពីគណបក្សប្រជាជនជាបក្សកាន់អំណាច និងមានសមាជិកមកពីគណបក្សជំទាស់ពីរគឺ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅឯរដ្ឋសភា និងគណបក្សឆន្ទៈនៅឯព្រឹទ្ធសភា។ លោកបណ្ឌិតបានសាទរចំពោះការរៀបចំសមាជនេះ និងបានស្នើសុំឱ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា មកពីគណបក្សទាំងបី នឹងបើកចិត្តទូលាយនៅក្នុងវេទិកាកម្រិតសភា ដើម្បីជជែកដេញដោល និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក​ក្នុងរយៈពេល២ថ្ងៃនេះ ដោយឈរលើទស្សនៈរួមរបស់ជាតិកម្ពុជាថា តើអ្នកនយោបាយកម្ពុជាត្រូវរួមគ្នាធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ។

បន្ថែមពីនេះ សមាជលើកទីមួយនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏បានគូសរំលេចឱ្យឃើញអំពីដំណើរការស្ថាប័នសភាទាំងពីរ ពិសេសព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញតួនាទីកាន់តែសកម្ម នៅក្នុងការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់ និងការងារពិនិត្យភាពចាំបាច់នៃនយោបាយកម្ពុជា ដើម្បីធ្វើឱ្យសង្គមនយោបាយកម្ពុជាកាន់តែមានស្ថានភាពប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងស្ថានភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏ក្ដៅគគុក និងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកជាបន្តបន្ទាប់ ក្នុងគោលដៅរក្សាឱ្យបាននូវឧត្ដមប្រយោជន៍នៃប្រជាជាតិខ្មែរ។ លោកបណ្ឌិតបានបន្តថា ការប្រមូលផ្ដុំនូវពហុមតិនៅក្នុងសមាជជាប្រវត្តិសាស្ត្រនៃស្ថាប័ននីតិប្បញ្ញត្តិនេះ នឹងអាចមានការជជែកពិភាក្សា ដោះដូរទស្សនៈយោបល់គ្នាទៅវិញទៅមក និងបង្ហាញពីចេតនានយោបាយជាវិជ្ជមាននៅក្នុងសង្គម​នយោបាយកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ជាសញ្ញាណដ៏ល្អមួយ ដែលបើកឱកាសឱ្យមានការចូលរួមប្រកបដោយន័យស្ថាបនា ពិសេសនៅក្នុងកិច្ចការដឹកនាំរដ្ឋនិយាយជារួម និងនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិនិយាយដោយឡែក ពីសំណាក់អ្នកនយោបាយជំទាស់ ខណៈដែលកន្លងមក ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានព្យាយាមប្រើប្រាស់វេទិកាឬកម្មវិធីក្រៅផ្លូវការផ្សេងៗ ទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីវាយប្រហារ ឬរិះគន់បែបជាន់ពន្លិច ឬនៅក្នុងរូបភាពហុចដងដាវទៅឱ្យបរទេសទៅវិញ។ សមាជិកនាពេលខាងមុខនេះ គឺជាឱកាសដែលគណបក្ស​កាន់អំណាចបានផ្ដួចផ្ដើមគំនិត ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយនៃគណបក្សជំទាស់ដែលមានអសនៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ អាចចូលរួមជាទស្សនៈយោបល់ក្នុងអត្ថន័យស្ថាបនា ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនៈជារួមរបស់ជាតិ ឈានទៅថែរក្សាការពារ និងនាំមកនូវផលប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរផងដែរ​ចំពោះអ្នកនយោបាយនៃគណបក្សជំទាស់ដែលជាសមាជិករដ្ឋសភានិងព្រឹទ្ធសភា គួរតែត្រៀមលក្ខណៈ និងគិតគូរពិចារណាទុកជាមុន ធ្វើយ៉ាងណាលើកបង្ហាញនូវទស្សនៈយល់ឃើញនៅក្នុងជ្រុងនៃការគិតគូរខាងនយោបាយរបស់គណបក្ស ដែលត្រូវមានគុណតម្លៃបម្រើជាប្រយោជន៍ក្នុងការដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ ដោយ​យោង​តាមរបៀបវារៈដែលបានកំណត់និងប្រកាសជូនដំណឹងទុកជាមុននេះ។ លោកបណ្ឌិតបានបង្ហាញក្ដីរំពឹងថា សមាជស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជានាខែមិថុនាខាងមុខ​នេះ នឹងក្លាយជាវេទិកាសភាជាប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជា ដែលអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយជំទាស់ អាចសម្រេចបាននូវទស្សនៈរួមមួយរបស់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាសម្រេចបាននូវឧត្ដមប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដើម្បីធានាបាននូវភាពរឹងមាំខាងនយោបាយរបស់កម្ពុជា ប្រឈមទល់នឹងស្ថានភាពវិវត្តនិងប្រកួតប្រជែងឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM

សេចក្តីប្រកាស