Royal Academy of Cambodia
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ពិសេសការកើនឡើងនូវកម្ដៅផែនដី ដោយសារមូលហេតុផ្សេងៗដូចជា ការបាត់បង់គម្របព្រៃឈើនៅតាមប្រទេសនិងតំបន់នានា និងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គេត្រូវតែបង្កើនទំហំព្រៃឈើ និងការដាំដុះដើមឈើនៅតាមទីកន្លែងនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាសីតុណ្ហភាពនៅតាមទីតាំងទាំងឡាយ ពិសេសនៅតាមទីសាធារណៈ កាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងជួយបង្កើនការផលិតអុកសែនពីធម្មជាតិ តាមរយៈដើមឈើដែលត្រូវបានដាំទាំងនោះ។ សម្រាប់លោកបណ្ឌិត កិច្ចការងារនេះ ទាមទារឱ្យមានការចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ គួរតែចាប់ផ្ដើមដាំដើមឈើជាប្រភេទឈើធំៗ ដើម្បីផ្ដល់ម្លប់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកបណ្ឌិតបានកត់សម្គាល់ថា នៅតាមក្រសួងស្ថាប័នសាធារណៈមួយចំនួន គេសង្កេតឃើញថា ទីធ្លាមានការរៀបចំចាក់បេតុងនិងរៀបការ៉ូឡាជាដើម ស្ទើតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលនេះក៏ជាចំណែកនៃការបង្កើនកម្ដៅនៅតាមទីតាំងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈ ដែលនៅពេលខ្លះ ក្ដៅសឹងតែមិនអាចធ្វើដំណើរបានផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ផ្លូវនៅទីប្រជុំជន ទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តនានាក្ដី គួរតែមានការដាំដើមឈើជាប្រភេទធំៗជាច្រើន សម្រាប់សាធារណជន និងអ្នកដំណើរអាចឆ្លងកាត់ ឈប់សម្រាក ឬធ្វើដំណើរជាមួយនឹងសីតុណ្ហភាពត្រជាក់សមល្មមផងដែរ ព្រោះបើតាមបទពិសោធន៍ដែលលោកបណ្ឌិត ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសរីកចម្រើនមួយចំនួន ក៏ដូចជាប្រទេសក្នុងតំបន់ មានការដាំដើមឈើធំៗដែលផ្ដល់ជាម្លប់សម្រាប់ការធ្វើដំណើរ ឈប់សម្រាក ឬឆ្លងកាត់ផងដែរ។ នេះគឺជាការផ្ដល់ភាពសុខដុមនីយកម្មនៅក្នុងការធ្វើដំណើរតាមដងផ្លូវមួយសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដែរ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា គេមិនគួរព្រួយបារម្ភចំពោះការថែទាំដើមឈើ អនាម័យ និងសោភ័ណភាពនៅតាមទីតាំងដែលដាំដើមឈើ ដែលតម្រូវឱ្យមានការអ្នកបោសសម្អាតនោះទេ ព្រោះការដាំដើមឈើធំៗនៅតាមផ្លូវឬទីតាំងសាធារណៈនានា គឺជាការផ្ដល់ផាសុកភាពទៅដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាការលើកសម្រស់រាជធានីខេត្ត និងទីប្រជុំជននានាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតយល់ឃើញថា សាលារាជធានី-ខេត្ត ឬក្រសួងមន្ទីរដែលពាក់ព័ន្ធ គួរតែកំណត់នូវលក្ខខណ្ឌសម្រាប់បុរី ឬសំណង់អគារនានា ដើម្បីទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ ត្រូវតែមានការរៀបចំប្លង់ដាំដើមឈើធំៗក្នុងកម្រិតណាមួយ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយកម្ដៅ ក៏ដូចជាបង្កើនសោភ័ណទីក្រុង ឬទីប្រជុំជនជាដើម។ លោកបណ្ឌិត បានលើកឡើងបន្ថែមថា រដ្ឋអំណាចត្រូវតែដាក់កំហិតឱ្យមានការចូលរួមតាមលទ្ធភាពជាក់ស្ដែង នៅក្នុងការកែប្រែបញ្ហាកើនឡើងកម្ដៅផែនដី តាមរយៈវិធានការគាំទ្រ និងលក្ខខណ្ឌកំណត់ផ្សេងៗ ដើម្បីឈានទៅកែសម្រួលបរិយាកាសផែនដី។ ប្រសិនបើគេមិនគិតគូរអំពីបញ្ហានេះទេ នោះពិភពលោកនឹងកាន់តែកើនឡើងកម្ដៅបន្ថែមទៀត ហើយគេក៏មិនអាចអង្គុយធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់រហូតនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដើម្បីសម្រេចបាននូវគោលដៅទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កិច្ចការងារនេះ ក្រសួងស្ថាប័នសាធារណៈត្រូវតែចាប់ផ្ដើមធ្វើជាគម្រូ ដើម្បីទាក់ទាញ និងជំរុញការចូលរួមពីសំណាក់មហាជន ព្រមទាំងត្រូវកំណត់ច្បាប់បញ្ញត្តិឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងពេលខាងមុខ ពោលគឺត្រូវសម្រេចឱ្យបាននូវបរិស្ថានល្អប្រសើរ និងទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
RAC Media | លឹម សុវណ្ណរិទ្ធ
លោក Manjunatha Venkatappa ជាអ្នកជំនាញខាងទីតាំងភូមិសាស្រ្តមក ជាវាគ្មិនមកពីប្រទេសថៃបានធ្វើបទបង្ហាញពី «ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»។ សព្វថ្ងៃនេះមានតម្រូវ...
នៅថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្...
នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្...
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...