ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ បារីអេឡិចត្រូនិក គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាសង្គមដែលទាមទារការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត

2025-05-08 10:28:30 ថ្ងៃព្រហស្បតិ៍, 08 ឧសភា 2025 ម៉ោង 05:28 PM
អ្នកមើល 1063
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការសាទរ និងគាំទ្រទាំងស្រុងនូវ​ជំហរដ៏មុតមាំនេះ។ ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា បារីអេឡិចត្រូនិក​គឺជាផលិតផលផ្ទុកទៅដោយសារធាតុញៀនមួយ ដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពអ្នកជក់ក៏ដូចជាអ្នកទទួលរងផ្សេងបារីនេះ ពិសេសផលិតផលនេះកំពុងពេញនិយមគួរឱ្យកត់សម្គាល់នៅក្នុងចំណោមយុវវ័យមួយចំនួន ដែលខ្លះថែមទាំងមានការយល់ច្រឡំថា បារីអេឡិចត្រូនិកមិនមានប៉ះពាល់ដល់សុខភាពរបស់ខ្លួនដូចជាបារីធម្មតាទៅវិញ។ លោកបណ្ឌិតបានបន្តថា តាមការសង្កេតរបស់លោក បារីអេឡិចត្រូនិកបានជ្រៀតចូលទៅក្នុងចំណោម​យុវ​ជនវ័យជំទង់ដែលជាវ័យកំពុងពេញសិក្សារៀនសូត្រនៅមធ្យមសិក្សា និងក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលតាមការស្រាវជ្រាវរបស់អ្នកជំនាញ បារីអេឡិចត្រូនិកថែមទាំងបង្កផលប៉ះពាល់ខ្លាំងខួរក្បាល ធ្វើឱ្យខូចសរីរាង្គផ្សេងៗ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខមាលភាពសាធារណៈ ដែលនៅថ្ងៃអនាគត កម្ពុជានឹងអាចបាត់បង់ធនធានមនុស្សប្រកបដោយបញ្ញាញាណ ប្រសិនបើគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីសម្រេចនូវ​ចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាចំណុចស្នូលសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។

          លោកបណ្ឌិត បានបន្ថែមទៀតថា ប្រសិនបើមិនមានយុទ្ធសាស្ត្រជាក់លាក់ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព ថាម​ភាព និងសុខភាពបរិបូរណ៍ទេ កម្ពុជាពិតជាលំបាកនៅក្នុងការឈានទៅសម្រេចគោលដៅរបស់ខ្លួនណាស់។ ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថ្មីថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការឱ្យបានជាក់លាក់ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់បញ្ហាសង្គមដែលបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀន និងការគ្រឿងស្រវឹង ដើម្បីប្រទេស​កម្ពុជាទទួលបាននូវពលរដ្ឋប្រកបដោយថាមពល និងសក្ដានុពលនៅក្នុងការជំរុញសេដ្ឋកិច្ច​ជាតិនោះឡើយ។

          លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋភិបាលឱ្យបានមោះ​មុតបំផុត លុបបំបាត់និន្នាការនៃការប្រើប្រាស់បារីអេឡិចត្រូនិកនិងគ្រឿងញៀនឱ្យបានកម្រិតខ្ពស់បំផុត ខណៈពេលកន្លងទៅ គេឃើញមានការដាក់លក់បារីអេឡិចត្រូនិក និងគ្រឿងស្រវឹង នៅតាមទីកន្លែងសាធារណៈ នៅជិតសាលារៀន ក៏ដូចជានៅតាមកន្លែងដែលប្រមូលផ្ដុំយុវវ័យ​ជាដើម។ លោកបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលត្រូវតែជំរុញឱ្យមានការអនុវត្តវិធានការក្ដៅឱ្យខាងតែបាន ដោយដាក់កំហិតថា រាល់ភាពអសកម្មខាងលើ កើតមានឡើងនៅក្នុងមូលដ្ឋានណា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានឬទីតាំងនោះ ត្រូវទទួលរងនូវវិធានការរដ្ឋបាល ឬការពិន័យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ជាធរមាន ចៀសវាងការអនុវត្តដែលគ្មានតម្លាភាព និងការទទួលខុសត្រូវ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចចាត់វិធានការឱ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ទេនោះ រាជរដ្ឋាភិបាលនឹងត្រូវប្រឈមការចំណាយដ៏ខ្ពស់នៅក្នុងការរ៉ាប់រងលើសេវាសុខភាពសាធារណៈ ហើយគោលដៅអភិវឌ្ឍនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ អាចនឹងត្រូវពន្យាពេល​ផងដែរ។ លោកបណ្ឌិតបានថ្លែងជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច​ចូលរួមអនុវត្តសកម្មភាពឱ្យបានជាក់ស្ដែង មិនមែនត្រឹមតែជាការអនុវត្តដោយគ្រាន់តែជាការបង្ហាញរបាយការណ៍ ឬរូបភាព ដើម្បីយករួចខ្លួនដោយគ្មានការទទួលខុសត្រូវនោះឡើយ​។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ទស្សនៈប្រធានវិស័យនិយម (The subjectivism) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា

វត្ថុទាំងឡាយ នៅក្នុងធម្មជាតិ ឬក៏ ហៅម្យ៉ាងទៀតថាវត្ថុធម្មជាតិ (natural things) ក៏បាន។ វត្ថុទាំងឡាយនេះសុទ្ធតែ មាន គុណភាព (quality) ផ្ទាល់របស់ពួកវា ប៉ុន្តែ មនុស្សទាំងឡាយមានការយល់ដឹង អំពី ទីតាំងគុណភាព (qua...

2024-05-20 03:41:37   ថ្ងៃចន្ទ, 20 ឧសភា 2024 ម៉ោង 10:41 AM
រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ទឹកដោះគោស្រស់ជូនកុមារកំព្រា កុមារមានពិការភាព នៅមណ្ឌលកុមារកំព្រា២កន្លែងនៅរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រ...

2024-05-19 03:20:12   ថ្ងៃអាទិត្យ, 19 ឧសភា 2024 ម៉ោង 10:20 AM
អត្ថិភាពទស្សនវិជ្ជាខ្មែរក្នុងវិស័យផ្សេងៗក្នុងសង្គមខ្មែរ ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា ប្រធានស្ដីទីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

គ្រប់វិស័យទាំងអស់សុទ្ធតែមានទស្សនវិជ្ជានៅក្នុនោះ ព្រោះវាមានចំណោទបញ្ហា ទ្រឹស្តី គំនិត និងវិធីដោះស្រាយបញ្ហា ជាលក្ខណៈទស្សនវិជ្ជា ហើយគោលបំណង នៃការប្រតិបត្តិក្នុងគ្រប់វិស័យទាំងអស់សុទ្ធតែតម្រង់ទៅរកទស្សនវិជ្ជ...

2024-05-17 07:33:27   ថ្ងៃសុក្រ, 17 ឧសភា 2024 ម៉ោង 02:33 PM
ការឡើងកម្ដៅភពផែនដី Global Warming ដោយ៖ លោក ហៃ សុគន្ធា ប្រធានស្តីទីនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថាន​មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

សីតុណ្ហភាពមធ្យមនៅលើភពផែនដី នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងខ្លាំង និងលឿនជាងអ្វីដែលមនុស្សធ្លាប់បានសង្កេតតាមលក្ខណៈធម្មជាតិ បើធៀបទៅនឹង កាលពីពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ សហប្រជាជ...

2024-05-17 03:01:06   ថ្ងៃសុក្រ, 17 ឧសភា 2024 ម៉ោង 10:01 AM
ប្រវត្តិនិងវិវត្តន៍របស់ស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៤ ដោយ៖ បណ្ឌិត ហែម ឡាច ប្រធានស្ដីទីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទ...

2024-05-17 02:46:05   ថ្ងៃសុក្រ, 17 ឧសភា 2024 ម៉ោង 09:46 AM
ប្រភពនៃទស្សនវិជ្ជាអប់រំ៖ បច្ឆានវនិយម ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ដែលជាទស្សនវិជ្ជាទំនើបឈានមុខគេនោះ អះអាងថា សម័យកាលប្រវត្ដិសាស្ដ្រ ទំនើប បានបញ្ចប់ទៅហើយ ហើយយើងកំពុង រស់នៅក្នុងសករាជក្រោយសម័យទំនើប។ បច្ឆានវនិយម ឬសម័យក្រោយទំនើបនិយម ក្នុងបស...

2024-05-17 02:30:40   ថ្ងៃសុក្រ, 17 ឧសភា 2024 ម៉ោង 09:30 AM

សេចក្តីប្រកាស