ព័ត៌មាន

ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី៖ ការពង្រឹងចំណងមិត្តភាពក្នុងស្ថានភាពនៃការប្រកួតប្រជែងរវាងមហាអំណាច

2025-04-30 05:11:22 ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 12:11 PM
អ្នកមើល 847
post_detail1

ដោយ : គិន ភា បណ្ឌិត

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ឆ្នាំនេះគឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃកាបង្រួបបង្រួមប្រទេសវៀតណាម។ វាជាឱកាសដ៏ល្អមួយដើម្បីឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ ក្នុងយុគសម័យក្រោយជម្លោះ កម្ពុជានិងវៀតណាមបានកសាងស្ថាប័នក្នុងស្រុករបស់​​ខ្លួនឡើងវិញ និងពូនជ្រំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលបង្កើតឡើងដោយផ្អែកលើសាមគ្គីភាពជាប្រវត្តិសាស្ត្រ សមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតចំពោះគោលការណ៍គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។

តែទោះជាបែបនេះក្តី ទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នរវាងកម្ពុជានិងវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាដែលកើតឡើងដែលមិនមែនមកពីជវភាពផ្ទៃក្នុងទេ ប៉ុន្តែមកពីទិដ្ឋភាពវិវត្តន៍នៃទំនាក់ទំនងអន្តរជាតិ។ ជាពិសេស ការត្រឡប់មកវិញរបស់លោក Donald Trump ទៅកាន់តំណែងប្រធានាធិបតីអាម៉េរិក និងការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងផ្លាស់ប្តូរជាមូលដ្ឋាននូវនិម្មាបនកម្មភូមិសាស្ត្រនយោបាយសកលនិងក្នុងតំបន់។ ក្នុងបរិបទដែលកំពុងវិវត្តនេះ កម្ពុជានិងវៀតណាមចាំបាច់ត្រូវតែបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់​​របស់ខ្លួនក្នុងការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះដែលគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

ទំនាក់ទំនងកម្ពុជា-វៀតណាមបានទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅពីបទពិសោធន៍ ប្រវត្តិសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា។ អន្តរាគមន៍យោធារបស់វៀតណាមក្នុងឆ្នាំ១៩៧៩ ដែលនាំទៅដល់ការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានក្លាយជាពេលវេលាដ៏សំខាន់ ក្នុងការផ្លាស់ប្តូរនយោបាយនិងសង្គមនៃប្រទេសទាំងពីរ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ប្រទេសទាំងពីរបានផ្លាស់ប្តូរបន្តិចម្តងៗពីបដិបក្ខភាពនឹងគ្នានិងការមិនទុកចិត្តគ្នាជាប្រវត្តិសាស្ត្រ ឈានទៅបង្កើតក្របខណ្ឌទ្វេភាគីដែលផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបន្ស៊ីផលប្រយោជន៍យុទ្ធសាស្ត្រនិងសេដ្ឋកិច្ចជាមួយគ្នាមាគ៌ានេះបង្ហាញពីការផ្លាស់ប្តូរដោយចេតនាឆ្ពោះទៅរកការបង្រួបបង្រួមគោលដៅអភិវឌ្ឍន៍នៅក្នុងទិដ្ឋភាពតំបន់ដ៏ទូលំទូលាយ។

សាមគ្គីភាពបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគាំទ្រគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ស្ថិរភាពនយោបាយ និងមាគ៌ាអភិវឌ្ឍន៍ជាតិរបស់គ្នាទៅវិញទៅមក។ កម្ពុជាបានទទួលស្គាល់តួនាទីដ៏សំខាន់របស់វៀតណាមក្នុងការបញ្ចប់របបខ្មែរក្រហមប្រល័យពូជសាសន៍ដោយទទួលស្គាល់ថា វាជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ ដូចគ្នានេះដែរ វៀតណាមបានសម្តែងការដឹងគុណចំពោះការរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេលតស៊ូរបស់វៀតណាមដើម្បីបង្រួបបង្រួមជាតិ ដែលគូសបញ្ជាក់ពីលក្ខណៈបដិការនៃការគាំទ្រគ្នាជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ការទទួលស្គាល់គ្នាទៅវិញទៅមកនេះ បានពង្រឹងទំនាក់ទំនងដែលចាក់ឫសនៅក្នុងការលះបង់រួមគ្នា និងភាពជាដៃគូក្នុងតំបន់យូរអង្វែង។

សាមគ្គីភាពជាមូលដ្ឋាននេះបានឆ្លងហួសពីប្រភពដើមប្រវត្តិសាស្ត្រ ដោយបានវិវត្តទៅជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ទៅលើវិស័យនានា ដូចជា សុន្ទរកថានយោបាយ សកម្មភាពសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការផ្លាស់ប្តូរវប្បធម៌។ ការបង្ហាញឱ្យឃើញជាក់ស្តែងនូវទំនុកចិត្តដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំងពីរ បានរំលេចឱ្យឃើញតាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ការចុះកិច្ចព្រមព្រៀងផ្លូវការស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែន និងជាពិសេសការផ្លាស់ប្តូរការទូតកម្រិតខ្ពស់រវាងរដ្ឋាភិបាលនិងបក្សកាន់អំណាចនៃប្រទេសទាំងពីរ។

ជាសក្ខីភាពជាក់ស្ដែង កិច្ចប្រជុំកំពូលនៅថ្ងៃទី២១ ខែកុម្ភៈ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រវាងប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺលោក តូ ឡាំ នៅទីក្រុងហូជីមិញ បានបង្ហាញពីភាពស៊ីជម្រៅនៃការផ្លាស់ប្តូរការទូតរវាងកម្ពុជានិងវៀតណាម។ កិច្ចប្រជុំកំពូលទាំងពីរនេះបានអះអាងឡើងវិញនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាព វាមានសារៈសំខាន់ជាពិសេសចំពេលដែលវៀតណាមប្រារព្ធខួប លើក​​ទី៥០នៃការបង្រួបបង្រួមជាតិ និងផ្លាស់ប្តូរជាសក្ដានុពលក្នុងតំបន់។

កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ ហើយបានរួមគ្នាកាន់តែខ្លាំង​​ឡើងលើបញ្ហាសំខាន់ៗក្នុងតំបន់និងពិភពលោកប្រទេសទាំងពីរគាំទ្រមជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងកម្រិតសាកល ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាម៉េរិកនិងចិន ប្រទេសទាំងពីរបានផ្តល់អាទិភាពចំពោះស្ថិរភាពក្នុងតំបន់ ការសន្ទនា និងស្វ័យភាពជាយុទ្ធសាស្ត្រ ជាជាងការចូលរួមជាមួយប្លុកដែលកំពុងប្រកួតប្រជែងគ្នា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាលំនឹងនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងវិវត្ត។ ទស្សនៈរួមបែបនេះពង្រឹងការសម្របសម្រួល​​របស់ពួកគេមិនត្រឹមតែសម្រាប់ក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាតំបន់ ដូចជា អាស៊ាន យន្តការអាស៊ានបូក និងក៏ដូចជានៅក្នុងវេទិកាសាកល ដូចជា អង្គការសហប្រជាជាតិ ជាដើម។

ក្នុងមាគ៌ាឆ្ពោះទៅមុខ គោលការណ៍បច្ចសីលាសន្តិសហវិជ្ជមានជាមូលដ្ឋានគ្រឹះគ្របដណ្តប់លើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដី, ការមិនឈ្លានពានគ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា, សមភាពនិងផលប្រយោជន៍ទៅវិញទៅមក និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ត្រូវតែដើរតួនាទីជាមូលដ្ឋានគ្រឹះជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ជាឧទាហរណ៍ ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី តម្រូវឱ្យមានការដោះស្រាយដោយសន្តិវិធីនូវបញ្ហាព្រំដែនតាមរយៈការសន្ទនានិងក្របខណ្ឌច្បាប់ ដោយមិនធ្វើសកម្មភាពណាមួយជាឯកតោភាគីដែលអាចបំផ្លាញទំនុកចិត្ត។ ដូចគ្នានេះដែរ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាកំណត់ថា ការវិវត្តនយោបាយក្នុងស្រុករបស់ប្រទេសនីមួយៗ ត្រូវបានចាត់ទុកជាកិច្ចការអធិបតេយ្យដោយមិនមានការបង្ខិតបង្ខំឬសម្ពាធពីខាងក្រៅនោះឡើយ។

ការប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនិងផលប្រយោជន៍ទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និរន្តរភាព និងតម្លាភាពក្នុងពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងវៀតណាម។ ក្នុងវិស័យសន្តិសុខ ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមឆ្លងដែន ដូចជា ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាចត្រូវបានអនុវត្តក្នុងក្របខណ្ឌដែលគោរពអធិបតេយ្យភាពជាតិ និងយុត្តាធិការផ្លូវច្បាប់។ ការរក្សាការប្តេជ្ញាចិត្តជាបទដ្ឋានទាំងនេះមិនត្រឹមតែពង្រឹងភាពជាដៃគូទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវយន្តការប្រកបដោយស្ថិរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសម្ពាធភូមិសាស្ត្រនយោបាយខាងក្រៅ និងសក្ដានុពលសង្គម-នយោបាយផ្ទៃក្នុង ដែលអាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។

ចំពេលដែលភាពមិនប្រាកដប្រជាជាសកលដែលកំពុងកើនឡើង និងការត្រលប់មកវិញដ៏មានសក្តានុពលនៃគោលនយោបាយការបរទេសផ្តោតលើផលប្រយោជន៍និយមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល Trump អាណត្តិទី២ ដែលធ្វើឱ្យគោលការណ៍ពហុភាគីនិយមធ្លាក់ចុះ និងការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិកនិងចិនកាន់តែខ្លាំង កម្ពុជានិងវៀតណាមប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រកាន់តែស្មុគស្មាញ។ ក្នុងបរិបទនេះ ស្វ័យភាពជាយុទ្ធសាស្ត្រគួរតែជាមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយអនុញ្ញាតឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយមហាអំណាច ខណៈផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ស្ថិរភាពក្នុងតំបន់ និងមាគ៌ាគោលនយោបាយការបរទេសឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។

ការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រតម្រូវឱ្យកម្ពុជានិងវៀតណាមនៅតែយកចិត្តទុកដាក់ចំពោះកង្វល់ជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងផ្តល់ការធានាឱ្យគ្នាទៅវិញទៅមក។ ការគិតតែពីការមានឥទ្ធិពលើគ្នា អតុល្យភាព ឬការរំលោភលើអធិបតេយ្យភាពគ្នា អាចធ្វើឱ្យចំណុចរសើបប្រវត្តិសាស្ត្រឆាបឆេះឡើងវិញនិងបំផ្លាញទំនុកចិត្ត។ ទំនាក់ទំនងដែលមានមូលដ្ឋានលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងសម្ពាធខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសទាំងពីរត្រូវតែមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែងរវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ ក្នុងការសម្របសម្រួលជាមួយអាស៊ាន ប្រទេសទាំងពីរត្រូវតែទប់ទល់នឹងការគាបសង្កត់​​ដើម្បីឱ្យចូលរួមជាមួយប្លុកតែមួយ ជំនួសឱ្យការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលចាក់ឫសក្នុងសន្តិភាព សមាហរណកម្ម និងការចូលរួមប្រកបដោយកិច្ចសហប្រតិបត្តិការ។

ខណៈដែលកម្ពុជានិងវៀតណាមប្រារព្ធខួបលើកទី៥៨នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងខួបលើកទី៥០នៃការបង្រួបបង្រួមជាតិរបស់វៀតណាម និងការបន្តរីកចម្រើនរបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិ ប្រជាជាតិទាំងពីរត្រូវតែបញ្ជាក់ឡើងវិញនូវភាពអាស្រ័យគ្នាទៅវិញទៅមកនៃអនាគតរបស់ខ្លួន។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំណត់ដោយអតីតកាលរួម និងគោលបំណងឆ្ពោះទៅរកអនាគតរួម គួរតែត្រូវបានរឹតបន្តឹងឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការគោរពបូរណភាពទឹកដី សាមគ្គីភាពយូរអង្វែង និងចក្ខុវិស័យរួមសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ខណៈដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនិងភាពមិនប្រាកដប្រជាជាសកល កម្ពុជា និងវៀតណាមមានឱកាសដើម្បីបង្ហាញឃើញពីរបៀបដែលប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្រស្មុគស្មាញជាមួយគ្នា អាចសហការគ្នាដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាព។ តាមរយៈការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រនិងតម្លៃរួម ភាពជាដៃគូរវាងប្រទេសទាំងពីរមិនត្រឹមតែរឹងមាំយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាសសរស្តម្ភនៃស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

RAC Media

អត្ថបទទាក់ទង

«ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី...»

កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវមានកិច្ចប្រជុំមួយស្តីពី «ការត្រៀមលក្ខណៈបើកបវេសនកាលវ...

2019-02-26 02:11:00   ថ្ងៃអង្គារ, 26 កុម្ភៈ 2019 ម៉ោង 09:11 AM
«ការងារជាអាទិភាពចំនួន៥ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ...»

ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...

2019-02-25 08:32:10   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 03:32 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ២) អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...

2019-02-25 02:37:06   ថ្ងៃចន្ទ, 25 កុម្ភៈ 2019 ម៉ោង 09:37 AM
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...

2019-02-22 16:26:08   ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 11:26 PM
«មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជួបពិភាក្សាជាមួយប្រតិភូសាកលវិទ្យាល័យ ហ័រ ឈាវ »

លោកបណ្ឌិត គី សេរីវឌ្ឍន៍  ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា  លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...

2019-02-22 10:12:35   ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 05:12 PM
អត្ថបទស្រាវជ្រាវ៖ «ការព្យាករណ៍ស៊េរីពេលនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា» ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នា...

2019-02-22 05:06:08   ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 12:06 PM

សេចក្តីប្រកាស