ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

2025-04-29 09:19:36 ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
អ្នកមើល 573
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ការអប់រំប្រកបដោយគុណតម្លៃព្រះពុទ្ធសាសនាដល់ព្រះសង្ឃ ដោយ៖ លោក ប៉ាន់ សំណាង- នាយកដ្ឋានវិទ្យាសាស្ដ្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយ...

2023-09-24 04:55:04   ថ្ងៃអាទិត្យ, 24 កញ្ញា 2023 ម៉ោង 11:55 AM
សិក្ខាសាលាអន្តរជាតិ នៃស្ថាប័នស្រាវជ្រាវរបស់ប្រទេស ៖ កម្ពុជា ឡាវ វៀតណាម និង KEI (ប្រទេសកូរ៉េ)

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smar...

2023-09-21 08:09:20   ថ្ងៃព្រហស្បតិ៍, 21 កញ្ញា 2023 ម៉ោង 03:09 PM
ទស្សនវិជ្ជាសង្គមខ្មែរតាមរយៈពិធីភ្ជុំបិណ្ឌនៅកម្ពុជា ដោយ៖ លោក ឈុន ផាវ៉េង - នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្...

2023-09-20 09:04:07   ថ្ងៃពុធ, 20 កញ្ញា 2023 ម៉ោង 04:04 PM
បណ្ឌិត្យសភារបស់កម្ពុជា ឡាវ វៀតណាម៖ ជំនួបពិភាក្សានៅក្រុងហូជីមិញ លើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...

2023-09-20 02:55:57   ថ្ងៃពុធ, 20 កញ្ញា 2023 ម៉ោង 09:55 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ...

ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងត...

2023-09-19 09:05:09   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 04:05 PM
ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំ...

2023-09-19 08:16:26   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 03:16 PM

សេចក្តីប្រកាស