ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

2025-04-29 09:19:36 ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
អ្នកមើល 252
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។វិទ្យាស្ថាន...

2018-09-28 04:45:20   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត ន...

2018-09-28 04:05:07   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:05 AM
«ការទាញសន្លឹកឆ្នោត និងការបញ្ជាក់ពីគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨នៅ​ទូទាំង​អាម៉េរិក ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឬនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​របស់​ខ្លួន​ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្...

2018-09-28 02:49:27   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:49 AM
«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។...

2018-09-28 02:22:00   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:22 AM
ពិធីបិទសិក្ខាសាលាស្តីពីសៀវភៅភាសាខ្មែរ

                         ភាសាមានការប្រែប្រួល តែអក្ខរាវិរុទ្ធមិនងាយប្រែប្រួលនោះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភា...

2018-09-27 18:12:10   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 01:12 AM
«កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង»

កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូ...

2018-09-27 07:24:27   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 02:24 PM

សេចក្តីប្រកាស