ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជាបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវ ក្នុងសន្និសីទអន្តរជាតិលើកទី១៣ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ​ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ

2025-04-28 08:33:18 ថ្ងៃចន្ទ, 28 មេសា 2025 ម៉ោង 03:33 PM
អ្នកមើល 321
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច  និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម" និងប្រធានបទ "ការផ្លាស់ប្ដូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ"។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងបេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១៣ នារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនទាំងអស់ថា បេក្ខជនជាអ្នកសិក្សាស្រាវជ្រាវដែលជាប់ការវាយតម្លៃ នឹងត្រូវចុះកិច្ចសន្យាស្រាវជ្រាវជាមួយនឹងគណៈកម្មការតំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលការប្រគល់អត្ថបទសិក្សាស្រាវជ្រាវ ត្រូវធ្វើឡើងយ៉ាងយូរនៅត្រឹមខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា សន្និសីទអន្តរជាតិលើកទី១៣ ដែលបេក្ខជននឹងចូលរួមនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ គឺជាសន្និសីទអន្តរជាតិរវាងបណ្ឌិត្យសភានៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលរាជបណ្ឌិត្យសភាកម្ពុជា តែងតែបានផ្លាស់វេនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ និងចូលរួមជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ផងដែរថា កន្លងមក វាគ្មិនដែលចូលរួមតំណាងឱ្យអ្នកសិក្សាស្រាវជ្រាវកម្ពុជា សុទ្ធសឹងតែជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានបើកចំហរចំពោះចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវពីស្ថាប័នខាងក្រៅ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិលើកទី១៣ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ នាពេលខាងមុខនេះ គឺជាសន្និសីទកម្រិតវិទ្យាសាស្ត្ររវាងអ្នកប្រាជ្ញនិងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំង៤ ដែលទាមទារឱ្យវាគ្មិនទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះអត្ថបទស្រាវជ្រាវរបស់ខ្លួន ឱ្យមានលក្ខណៈត្រឹមត្រូវ និងជាក់លាក់ ដោយឈរលើមូលដ្ឋានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិត បានចាត់ទុកថា នេះគឺជាការបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវកម្ពុជា ដើម្បីបង្ហាញស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន នៅក្នុងសន្និសីទអន្តរជាតិ៤ប្រទេស រវាងរវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ​ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ក៏បានថ្លែងលើកឡើងផងដែរថា នាពេលខាងមុខ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំមូលនិធិសម្រាប់ការស្រាវជ្រាវផ្សេងៗ ដើម្បីបើកទូលាយចំពោះការចូលរួមស្រាវជ្រាវពីសំណាក់អ្នកសិក្សាស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ដល់ធាតុចូលជូនដល់ក្រសួង ស្ថាប័ន និងរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជ្រើសរើសអ្នកស្រាវជ្រាវ សម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ទៅលើប្រធានបទចំនួន ២ ដែលចែកចេញជាប្រធានបទរងចំនួន ៦គឺ៖

វគ្គទី១ ប្រធានបទ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម» ដែលមានប្រធានបទរងចំនួន ៣ គឺ៖

        - ប្រធានបទរងទី១៖ ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៖ មាគ៌ាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឡាវ និងវៀតណាម

        - ប្រធានបទរងទី២៖ ការរក្សាអត្តសញ្ញាណវប្បធម៌ និងការពង្រឹងឯកភាពតំបន់

        - ប្រធានបទរងទី៣៖ សុខដុមនីយកម្មគោលនយោបាយសង្គម៖ ការដោះស្រាយបញ្ហាប្រឈមរួមគ្នាក្នុងវិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម

វគ្គទី២ ប្រធានបទ ស្ដីពី «ការផ្លាស់ប្ដូបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» ដែលមានប្រធានបទរងចំនួន ៣ គឺ៖

        - ប្រធានបទរងទី១៖ គោលនយោបាយបរិវត្តកម្មបៃតងរបស់កូរ៉េ៖ បទពិសោធន៍និងទស្សនទានសម្រាប់កម្ពុជា ឡាវ និងវៀតណាម

        - ប្រធានបទរងទី២៖ ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈសេដ្ឋកិច្ចចក្រា និងគំនិតផ្ដួចផ្ដើមកំណើនបៃតង

        - ប្រធានបទរងទី៣៖ កិច្ចសហប្រតិបត្តិការរបស់កូរ៉េសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា ឡាវ និងវៀតណាម៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ (ភាគទី២)»

ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...

2018-12-12 03:57:18   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 10:57 AM
«និម្មិតសញ្ញានៃមិត្តភាពរវាង រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យយូណាន ប្រទេសចិន»

ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍  តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...

2018-12-11 16:30:55   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:30 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៩ព...

2018-12-11 16:10:16   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:10 PM
«សាកលវិទ្យាល័យយូណាន សម្ភោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាកម្ពុជា»

ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...

2018-12-11 04:37:56   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:37 AM
«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ»

ដោយ លឹម សុវណ្ណរិទ្ធចុះផ្សាយថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖  ១០:៣០ នាទីយប់ភ្នំពេញ៖ មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល៣៩ឆ្នាំហើយដែលរបបប្រល័យមនុស្សជាតិត្រូវបានផ្ដួលរំលំ ហើយដែលប្រជាជាតិកម្ពុជាបានស្គាល់ជាថ្ម...

2018-12-05 15:41:38   ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 10:41 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...

2018-12-05 15:24:29   ថ្ងៃពុធ, 05 ធ្នូ 2018 ម៉ោង 10:24 PM

សេចក្តីប្រកាស