ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»

2025-04-17 08:40:08 ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 03:40 PM
អ្នកមើល 1266
post_detail1

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» នារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ចម្លាក់ដែលបរិយាយពីវត្តមានរបស់ប្រជាជនចិន, អាជីវករចិន និងកងព័ទចិននៅលើជញ្ជាំងប្រាសាទបុរាណកម្ពុជា គឺជាភស្តុតាងដ៏សំខាន់ដើម្បីពីជម្រៅនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរតាំងពីសម័យបុរាណកាលមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តទៀតថា ទំនាក់ទំនងកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ កាន់តែស៊ីជម្រៅ និងបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ មិនត្រឹមដើរតួនាទីជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរចាក់ឫសកាន់តែជ្រៅ កាន់តែរឹងមាំ និងកាន់តែមានភាពធន់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា ក្នុងឋានៈជាធនាគារគំនិតសំខាន់របស់ជាតិ  រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល គតិបណ្ឌិត ចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ក្នុងការរៀបចំខ្លឹមសារនៃការសន្ទនា និងការផ្លាស់ប្តូរទស្សនៈក្នុងបណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។    ខ្ញុំជឿជាក់ថាថាតាមរយៈការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping  ចូលចិត្ត» គឺពិតជា ចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតរវាងប្រទេសយើងទាំងពីរ ទាំងក្នុងមជ្ឈដ្ឋាន ប្រជាជន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានកត់សម្គាល់ផងដែរថា ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា យុវជន គឺជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នៅកម្ពុជា យុវជនកាន់តែច្រើនឡើងៗស្រឡាញ់ ចូលចិត្ត និងរៀនភាសាចិន និងកាន់តែស្វែងយល់និងស្រឡាញ់វប្បធម៌ចិន។ ជាក់ស្តែង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានអ្នកចុះឈ្មោះចូលរៀនភាសាចិន ជាង១៣ម៉ឺននាក់។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ  ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។

គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន   ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...

2020-03-03 04:59:33   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:59 AM
«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...

2020-03-03 04:44:18   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:44 AM
«ទិវាវប្បធម៌ជាតិ៣មីនា» ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-03-03 04:38:13   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:38 AM
«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិ...

2020-03-03 03:08:49   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 10:08 AM
ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី/ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ចាប់ពីចុងសតវត្សរ៍ទី១៦ រហូតដល់ដើមសតវត្សរ៍ទី២០ ទំនាក់ទំនងរវាងចក្រភពអូតូម៉ង់(តួកគី)និងចក្រភពរុស្ស៊ី ជាធម្មតាមានលក្ខណៈមិនល្អនិងមានអរិភាពនឹងគ្នា។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមជាច្រើនលើកច្រើនសារ ហើយប្រទេសរុស...

2020-03-03 02:19:53   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 09:19 AM
បេក្ខជន ៤៧នាក់ ជាប់វិញ្ញាសាសរសេរ និងត្រៀមប្រឡងវិញ្ញាសាផ្ទាល់មាត់ថ្ងៃស្អែកនេះ

 ក្រុមការងារគណៈកម្មការរៀបចំការប្រឡង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវត្តមានតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងមុខងារសាធារណៈ រាជបណ្ឌិត្យសភាកម្ពុជា សូមប្រកាសលទ្ធផលវិញ្ញាសាសរសេរ សម័យប្រឡង ថ្ងៃទ...

2020-02-27 10:53:17   ថ្ងៃព្រហស្បតិ៍, 27 កុម្ភៈ 2020 ម៉ោង 05:53 PM

សេចក្តីប្រកាស