ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងអនាគតរឹងមាំ

2025-04-17 04:19:03 ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 11:19 AM
អ្នកមើល 597
post_detail1

លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប កម្ពុជា-ចិនបានគាំពារគ្នានៅក្នុងពិភពលោកនាសម័យកាលផុយស្រួយ ដូចជាក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលកម្ពុជា-ចិនបានរួបរួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ពោលគឺ៥ប្រទេស បង្កើតជាបក្សសម្ព័ន្ធគាំពារគ្នា ក្នុងសម័យកាលកម្ពុជាដឹកនាំដោយសម្ដេចព្រះបរមរតនកោដ្ឋ និងសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ ដើម្បីគាំពារគ្នាក្នុងពេលដែលពិភពលោកកំពុងតែតានតឹងនិងលំបាក។ ដូច្នេះ នាពេលនោះ ពិភពលោកស្ថិតនៅក្នុងស្ថានភាពលំបាកនិងតានតឹងខ្លាំងជាងបច្ចុប្បន្នទៅទៀត តែមេដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានពុះពារជម្នះរាល់ឧបសគ្គរហូតមកដល់បច្ចុប្បន្ន មេដឹកនាំនៃប្រទេសទាំងពីរ បានគាំពារគ្នាកាន់តែខ្លាំងឡើងថែមទៀត ដូចមានដំណើរទស្សនកិច្ចនាពេលនេះជាសក្ខីភាពបញ្ជាក់បន្ថែមទៀតអំពីភាពច្បាស់លាស់និងរឹងមាំ ដែលកម្ពុជានិងចិនបានកំណត់នូវចក្ខុវិស័យរួម ពោលគឺ ការកសាងសហគមន៍ជោគវាសនារួមគ្នា ដែលប្រទេសទាំងពីរមានភាពចាំបាច់ត្រូវតែគាំពារគ្នា និងស្វែងយល់ពីគ្នាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត។

 ភាពច្បាស់លាស់និងរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន ក៏បានចង្អុលបង្ហាញកាន់តែជាក់លាក់បន្ថែមទៀត តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ដែលប្រទេសចិនត្រូវបានបណ្ដាប្រទេសជាច្រើនរើសអើង រហូតដល់ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រជាជនចិនប្រសិទ្ធនាមសម្ដេចថា ជាបុរសដើរបញ្ច្រាសខ្យល់។ ជាការឆ្លើយតប សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ការគាំទ្រខាងវត្ថុធាតុដើមនៅក្នុងដំណើរសង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា ខណៈដែលចិនបានបិទការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្ដាប្រទេសទាំងឡាយលើពិភពលោក។ នេះបញ្ជាក់ពីការគាំពារគ្នាទៅវិញទៅមក និងការរួមសុខទុក្ខរវាងកម្ពុជានិងចិន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក្ដី ក៏ភាគីទាំងពីរតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។

 សម្រាប់លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនមកកាន់កម្ពុជានាឱកាសនេះ បានក្លាយជាសារនយោបាយបញ្ជាក់បន្ថែមទៀត អំពីឆន្ទៈនៅក្នុងការជំរុញទំនាក់ទំនងប្រកដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជានិងចិន និងការប្ដេជ្ញាចិត្តរបស់ចិននិងកម្ពុជានៅក្នុងការគាំពារគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ។ លោកបណ្ឌិតបានបន្ថែមទៀតថា ការបំពេញទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់កម្ពុជានាឱកាសនេះ គឺជាការគាំពារគ្នានៅក្នុងក្របខ័ណ្ឌមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ស្របពេលដែលមានការដាក់សម្ពាធខាងពន្ធគយជាសាកល ពីសំណាក់សហរដ្ឋអាម៉េរិក បើទោះបីជា ការដាក់កំហិតពន្ធនេះ ត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់មកនៅត្រឹម១០%លើមុខទំនិញកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកការចរចាជាមួយសហរដ្ឋអាម៉េរិកក៏ដោយក្ដី ព្រោះនេះគឺជាសង្គ្រាមពាណិជ្ជកម្មជាសាកលរវាងអាម៉េរិកនឹងពិភពលោក ដែលនឹងជះឥទ្ធិពលពិបាកប៉ាន់ស្មានបាន។ ដូច្នេះហើយ កម្ពុជាមានភាពច្បាស់លាស់រួចជាស្រេចទៅហើយ សម្រាប់ភាពដោយឡែកនៃទំនាក់ទំនងកម្ពុជា-ចិន ភាពដោយឡែកនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក និងភាពដោយឡែកនៃទំនាក់ទំនងកម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ដោយអនុលោមទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់និងគោលការណ៍អន្តរជាតិទាំងឡាយផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃស្ថានការណ៍មិនច្បាស់លាស់នៃពិភពលោក កម្ពុជាត្រូវតែបន្តគោរពនូវគោលការណ៍និងច្បាប់ដែលមានជាធរមាន ទាំងនៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងអន្តរជាតិ រក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមយប្រទេសជាដៃគូ និងពង្រឹងទំនាក់ទំនងល្អជាមួយនឹងប្រទេសជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកបណ្ឌិតបន្តថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភពនៃការវិនិយោគ ប្រភពជំនួយសម្រាប់ការអភិវឌ្ឍផ្លូវការនានា ជាប្រភពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌនិងវិស័យផ្សេងៗទៀត ព្រមទាំងជាប្រភពនៃការធានាស្ថិរភាពនយោបាយផងដែរសម្រាប់កម្ពុជា ដែលគេមិនអាចបដិសេធនូវគុណសម្បត្តិទាំងនេះឡើយ។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា គេក៏ពុំអាចបដិសេធអំពីចំណុចវិជ្ជមានជាច្រើននៅក្នុងការរក្សាទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិក ដែលកម្ពុជាចាំបាច់ត្រូវថែរក្សាតុល្យភាពនៃទំនាក់ទំនងល្អជាមួយនឹងមហាអំណាចពិភពលោកទាំងពីរនេះ ដែលនៅក្នុងករណីខ្លះ គឺជាការលំបាកសម្រាប់កម្ពុជា ប៉ុន្តែកម្ពុជានៅតែត្រូវពុះពារនិងជម្នះឧបសគ្គទាំងឡាយឱ្យខាងតែបាន នៅក្នុងយុគសម័យនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ។ បើតាមលោកបណ្ឌិត ថ្នាក់ដឹកនាំ អ្នកការទូត និងអ្នកនយោបាយទាំងអស់ ត្រូវតែចូលរួមចំណែកជំរុញតាមតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធានាធ្វើយ៉ាងណាឱ្យនយោបាយការបរទេសកម្ពុជា មានភាពបត់បែន និងប្រកបដោយថាមភាព ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកនិងចិននាពេលកន្លងទៅថ្មីៗនេះផងដែរ។

 លោកបណ្ឌិត យង់ ពៅ ក៏បានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា ត្រូវតែរៀបចំទទួលប្រកបដោយភាពកក់ក្ដៅ អធឹកអធម ដើម្បីបង្ហាញពីឆន្ទៈនៅក្នុងការកសាងជោគវាសនារួម និងរឹងមាំជាមួយគ្នា។ ស្របជាមួយគ្នានេះ កម្ពុជាក៏ត្រូវបន្តខិតខំប្រឹងប្រែងចរចាជាមួយនឹងរដ្ឋបាលសហរដ្ឋអាម៉េរិករបស់លោក ដូណាល់ ត្រាំ ធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ជាអតិបរមារបស់កម្ពុជា នៅក្នុងករណីដំឡើងពន្ធគយ និងការថ្លឹងថ្លែងជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ។

 ទោះជាយ៉ាងណា លោកបណ្ឌិតបានលើកឡើងថា បច្ចុប្បន្ន ពិភពលោកមិនស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ដូចជាអតីតកាល ដែលបែងចែកប្លុកលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ ពោលពិភពលោកកំពុងស្ថិតនៅក្នុងសាកលភាវូបនីយកម្ម បើកចំហរទីផ្សារ និងជាសម័យកាលពហុប៉ូល ដែលកម្ពុជានិងបណ្ដាប្រទេសទាំងឡាយ មានសិទ្ធិនិងអធិបតេយ្យភាពគ្រប់គ្រាន់នៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេស ឬដៃគូនានាលើសាកលលោក ដែលជារដ្ឋអធិបតេយ្យដូចគ្នា មិនថាសហរដ្ឋអាម៉េរិក ចិន ឬរុស្ស៊ីនោះទេ លើកលែងតែការ​បំពានច្បាប់ជាតិនិងអន្តរជាតិ ក៏ដូចជាគោលការណ៍គ្រឹះនានាមានជាធរមាននៅក្នុងឆាកអន្តរជាតិ។ ដូច្នេះ កម្ពុជាមានអធិបតេយ្យភាពពេញលេញនៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាដៃគូនានា ដើម្បីការអភិវឌ្ឍរីកចម្រើនទាំងសម្រាប់កម្ពុជា និងប្រទេសជាដៃគូ។ ប្រសិនបើកម្ពុជា មិនពង្រឹងនិងពង្រីកទំនាក់ទំនងទាំងនោះទេ នោះកម្ពុជានឹងក្លាយទៅជាប្រទេសឯកា ទន់ខ្សោយ និងងាយត្រូវបានគេរំលោភបំពាន។

ជាថ្មីម្ដងទៀត លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ចិនដែលជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បំពេញចំណុចចន្លោះប្រហោងនៅក្នុងដំណើរការឧស្សាហកម្មរបស់កម្ពុជា ពិតជាដើរតួនាទីយ៉ាងចាំបាច់មិនអាចខ្វះបាន ដើម្បីធានានូវខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សាររបស់កម្ពុជាដូ​ចជាសហរដ្ឋអាម៉េរិកជាដើម។ ហេតុនេះហើយ ការពង្រឹងទំនាក់ទំនងជាមួយនឹងចិន គឺជារឿងដ៏ចាំបាច់ ព្រោះកម្ពុជាមិនអាចស្វែងរកការផ្គត់ផ្គង់ពីប្រទេសណា ដែលប្រសើរជាងចិនបាននោះឡើយ ហើយការសម្របសម្រួលដើម្បីរក្សាទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិកគឺជាប្រការដ៏សំខាន់ដែលមិនអាចមើលរំលងបាន។ កម្ពុជាត្រូវតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាាប្រទេសទាំងឡាយ ដើម្បីបង្កលក្ខខណ្ឌប្រសើរសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាបំពេញចន្លោះប្រហោងនានាដែលខ្វះខាត ហើយនាំមកនូវវឌ្ឍនភាពសម្រាប់ប្រទេសនិងប្រជាជនរបស់ខ្លួន។ ត្រង់ចំណុចនេះ សហគមន៍អន្តរជាតិ ក៏ដូចជាអ្នកការទូតទាំងឡាយ ក៏គប្បីយល់នូវភាពចាំបាច់ទាំងអស់នេះ ហើយគេក៏ត្រូវតែដឹងផងដែរថា ជញ្ជីងពាណិជ្ជកម្មរវាងបណ្ដាប្រទេសនីមួយៗ មិនអាចមានតុល្យភាពនឹងគ្នាគ្រប់ដៃគូនោះឡើយ ព្រោះវាជាការបំពេញភាពខ្វះខាតគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានលើកឧទាហរណ៍នូវករណីពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក កម្ពុជាបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិកច្រើន ដោយសារតែកម្ពុជានាំចូលទៅកាន់សហរដ្ឋអាម៉េរិក នូវផលិតផលជាឧស្សាហកម្មធុនស្រាល ដែលកម្ពុជាអាចផលិតបាន ខណៈដែលផលិតផលទាំងនេះ សហរដ្ឋអាម៉េរិកមិនផលិតដោយសារតែកម្លាំងពលកម្មនៅសហរដ្ឋអាម៉េរិកមានកម្រិតខ្ពស់ (ថ្លៃ) ចំណែកឯសហរដ្ឋអាម៉េរិកលក់ផលិតផលប្រណីត ក៏ដូចជាផលិតផលជាឧស្សាហកម្មធុនធ្ងន់ ដែលកម្ពុជាមានលទ្ធភាពមានកម្រិតនៅក្នុងការទិញ ដោយផលិតផលអាម៉េរិកដែលកម្ពុជាអាចទិញបានគឺជាផលិតផលមានតម្លៃកម្រិតមធ្យមដូចជាទូរសព្ទ និងគ្រឿងអេឡិតត្រូនិកផ្សេងៗជាដើម ខណៈផលិតផលឧស្សាហកម្មធុនធ្ងន់របស់សហរដ្ឋអាម៉េរិកដូចជាសព្វាវុធជាដើម កម្ពុជាពុំមានលទ្ធភាពទិញនោះទេ ដោយសារតែគម្លាតនៃសេដ្ឋកិច្ចនិងអំណាចទិញរបស់កម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសធំៗ ក៏ដូចជាមហាអំណាចសេដ្ឋកិច្ចនានា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«មនុស្ស ជាង៣៨០ នាក់ បានស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...

2018-09-29 13:53:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:53 PM
«ក្រសួងទេសចរណ៍ កំណត់គោលដៅយកឆ្នាំ២០១៩ ជាឆ្នាំរមណីយដ្ឋានស្អាត»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...

2018-09-29 13:41:41   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:41 PM
«តើនំអន្សម និង នំគម កើតចេញមកពីជំនឿអ្វី?»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ្យ ជួន ណាត បានឱ្យយដឹងថា «អន្សម» គឺជាឈ្មោះនំធ្វើ ដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្...

2018-09-29 13:28:08   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 08:28 PM
«ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ...»

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់...

2018-09-29 12:58:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:58 PM
«សុន្ទរកថា របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅបុរី ញ៉ូវ យ៉ក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...»

ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨...

2018-09-29 12:33:48   ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:33 PM
«ជា សុផារ៉ា៖ ដើម្បីរៀបចំទីក្រុងមួយឱ្យមាននិរន្តរភាពត្រូវផ្ដោតលើចំណុចអាទិភាព៥»

ធ្លាប់ជាអភិបាលរាជធានីភ្នំពេញនិងបច្ចុប្បន្ននេះជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ឯកឧត្តម​ ជា សុផារ៉ា បាន លើកឡើងថា ការរៀបចំទីក្រុងមួយឱ្យបាននិរន្តរភាពនិងអាច រក្សាអត្តសញ្ញាណជាតិចាំបាច់ត្រ...

2018-09-28 13:49:26   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 08:49 PM

សេចក្តីប្រកាស