Royal Academy of Cambodia
លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប កម្ពុជា-ចិនបានគាំពារគ្នានៅក្នុងពិភពលោកនាសម័យកាលផុយស្រួយ ដូចជាក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលកម្ពុជា-ចិនបានរួបរួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ពោលគឺ៥ប្រទេស បង្កើតជាបក្សសម្ព័ន្ធគាំពារគ្នា ក្នុងសម័យកាលកម្ពុជាដឹកនាំដោយសម្ដេចព្រះបរមរតនកោដ្ឋ និងសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ ដើម្បីគាំពារគ្នាក្នុងពេលដែលពិភពលោកកំពុងតែតានតឹងនិងលំបាក។ ដូច្នេះ នាពេលនោះ ពិភពលោកស្ថិតនៅក្នុងស្ថានភាពលំបាកនិងតានតឹងខ្លាំងជាងបច្ចុប្បន្នទៅទៀត តែមេដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានពុះពារជម្នះរាល់ឧបសគ្គរហូតមកដល់បច្ចុប្បន្ន មេដឹកនាំនៃប្រទេសទាំងពីរ បានគាំពារគ្នាកាន់តែខ្លាំងឡើងថែមទៀត ដូចមានដំណើរទស្សនកិច្ចនាពេលនេះជាសក្ខីភាពបញ្ជាក់បន្ថែមទៀតអំពីភាពច្បាស់លាស់និងរឹងមាំ ដែលកម្ពុជានិងចិនបានកំណត់នូវចក្ខុវិស័យរួម ពោលគឺ ការកសាងសហគមន៍ជោគវាសនារួមគ្នា ដែលប្រទេសទាំងពីរមានភាពចាំបាច់ត្រូវតែគាំពារគ្នា និងស្វែងយល់ពីគ្នាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត។
ភាពច្បាស់លាស់និងរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន ក៏បានចង្អុលបង្ហាញកាន់តែជាក់លាក់បន្ថែមទៀត តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ដែលប្រទេសចិនត្រូវបានបណ្ដាប្រទេសជាច្រើនរើសអើង រហូតដល់ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រជាជនចិនប្រសិទ្ធនាមសម្ដេចថា ជាបុរសដើរបញ្ច្រាសខ្យល់។ ជាការឆ្លើយតប សាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ការគាំទ្រខាងវត្ថុធាតុដើមនៅក្នុងដំណើរសង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា ខណៈដែលចិនបានបិទការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្ដាប្រទេសទាំងឡាយលើពិភពលោក។ នេះបញ្ជាក់ពីការគាំពារគ្នាទៅវិញទៅមក និងការរួមសុខទុក្ខរវាងកម្ពុជានិងចិន ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក្ដី ក៏ភាគីទាំងពីរតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។
សម្រាប់លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនមកកាន់កម្ពុជានាឱកាសនេះ បានក្លាយជាសារនយោបាយបញ្ជាក់បន្ថែមទៀត អំពីឆន្ទៈនៅក្នុងការជំរុញទំនាក់ទំនងប្រកដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជានិងចិន និងការប្ដេជ្ញាចិត្តរបស់ចិននិងកម្ពុជានៅក្នុងការគាំពារគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ។ លោកបណ្ឌិតបានបន្ថែមទៀតថា ការបំពេញទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់កម្ពុជានាឱកាសនេះ គឺជាការគាំពារគ្នានៅក្នុងក្របខ័ណ្ឌមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ស្របពេលដែលមានការដាក់សម្ពាធខាងពន្ធគយជាសាកល ពីសំណាក់សហរដ្ឋអាម៉េរិក បើទោះបីជា ការដាក់កំហិតពន្ធនេះ ត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់មកនៅត្រឹម១០%លើមុខទំនិញកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកការចរចាជាមួយសហរដ្ឋអាម៉េរិកក៏ដោយក្ដី ព្រោះនេះគឺជាសង្គ្រាមពាណិជ្ជកម្មជាសាកលរវាងអាម៉េរិកនឹងពិភពលោក ដែលនឹងជះឥទ្ធិពលពិបាកប៉ាន់ស្មានបាន។ ដូច្នេះហើយ កម្ពុជាមានភាពច្បាស់លាស់រួចជាស្រេចទៅហើយ សម្រាប់ភាពដោយឡែកនៃទំនាក់ទំនងកម្ពុជា-ចិន ភាពដោយឡែកនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក និងភាពដោយឡែកនៃទំនាក់ទំនងកម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត ដោយអនុលោមទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់និងគោលការណ៍អន្តរជាតិទាំងឡាយផងដែរ។
លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃស្ថានការណ៍មិនច្បាស់លាស់នៃពិភពលោក កម្ពុជាត្រូវតែបន្តគោរពនូវគោលការណ៍និងច្បាប់ដែលមានជាធរមាន ទាំងនៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស និងអន្តរជាតិ រក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមយប្រទេសជាដៃគូ និងពង្រឹងទំនាក់ទំនងល្អជាមួយនឹងប្រទេសជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីធានាផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកបណ្ឌិតបន្តថា សាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភពនៃការវិនិយោគ ប្រភពជំនួយសម្រាប់ការអភិវឌ្ឍផ្លូវការនានា ជាប្រភពនៃចរន្តសេដ្ឋកិច្ចកម្ពុជា ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌនិងវិស័យផ្សេងៗទៀត ព្រមទាំងជាប្រភពនៃការធានាស្ថិរភាពនយោបាយផងដែរសម្រាប់កម្ពុជា ដែលគេមិនអាចបដិសេធនូវគុណសម្បត្តិទាំងនេះឡើយ។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា គេក៏ពុំអាចបដិសេធអំពីចំណុចវិជ្ជមានជាច្រើននៅក្នុងការរក្សាទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិក ដែលកម្ពុជាចាំបាច់ត្រូវថែរក្សាតុល្យភាពនៃទំនាក់ទំនងល្អជាមួយនឹងមហាអំណាចពិភពលោកទាំងពីរនេះ ដែលនៅក្នុងករណីខ្លះ គឺជាការលំបាកសម្រាប់កម្ពុជា ប៉ុន្តែកម្ពុជានៅតែត្រូវពុះពារនិងជម្នះឧបសគ្គទាំងឡាយឱ្យខាងតែបាន នៅក្នុងយុគសម័យនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់នេះ។ បើតាមលោកបណ្ឌិត ថ្នាក់ដឹកនាំ អ្នកការទូត និងអ្នកនយោបាយទាំងអស់ ត្រូវតែចូលរួមចំណែកជំរុញតាមតួនាទី ភារកិច្ច ការទទួលខុសត្រូវ និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីធានាធ្វើយ៉ាងណាឱ្យនយោបាយការបរទេសកម្ពុជា មានភាពបត់បែន និងប្រកបដោយថាមភាព ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកនិងចិននាពេលកន្លងទៅថ្មីៗនេះផងដែរ។
លោកបណ្ឌិត យង់ ពៅ ក៏បានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់កម្ពុជា ត្រូវតែរៀបចំទទួលប្រកបដោយភាពកក់ក្ដៅ អធឹកអធម ដើម្បីបង្ហាញពីឆន្ទៈនៅក្នុងការកសាងជោគវាសនារួម និងរឹងមាំជាមួយគ្នា។ ស្របជាមួយគ្នានេះ កម្ពុជាក៏ត្រូវបន្តខិតខំប្រឹងប្រែងចរចាជាមួយនឹងរដ្ឋបាលសហរដ្ឋអាម៉េរិករបស់លោក ដូណាល់ ត្រាំ ធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍ជាអតិបរមារបស់កម្ពុជា នៅក្នុងករណីដំឡើងពន្ធគយ និងការថ្លឹងថ្លែងជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ។
ទោះជាយ៉ាងណា លោកបណ្ឌិតបានលើកឡើងថា បច្ចុប្បន្ន ពិភពលោកមិនស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ដូចជាអតីតកាល ដែលបែងចែកប្លុកលោកសេរី ឬលោកកុម្មុយនីស្តនោះឡើយ ពោលពិភពលោកកំពុងស្ថិតនៅក្នុងសាកលភាវូបនីយកម្ម បើកចំហរទីផ្សារ និងជាសម័យកាលពហុប៉ូល ដែលកម្ពុជានិងបណ្ដាប្រទេសទាំងឡាយ មានសិទ្ធិនិងអធិបតេយ្យភាពគ្រប់គ្រាន់នៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេស ឬដៃគូនានាលើសាកលលោក ដែលជារដ្ឋអធិបតេយ្យដូចគ្នា មិនថាសហរដ្ឋអាម៉េរិក ចិន ឬរុស្ស៊ីនោះទេ លើកលែងតែការបំពានច្បាប់ជាតិនិងអន្តរជាតិ ក៏ដូចជាគោលការណ៍គ្រឹះនានាមានជាធរមាននៅក្នុងឆាកអន្តរជាតិ។ ដូច្នេះ កម្ពុជាមានអធិបតេយ្យភាពពេញលេញនៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាដៃគូនានា ដើម្បីការអភិវឌ្ឍរីកចម្រើនទាំងសម្រាប់កម្ពុជា និងប្រទេសជាដៃគូ។ ប្រសិនបើកម្ពុជា មិនពង្រឹងនិងពង្រីកទំនាក់ទំនងទាំងនោះទេ នោះកម្ពុជានឹងក្លាយទៅជាប្រទេសឯកា ទន់ខ្សោយ និងងាយត្រូវបានគេរំលោភបំពាន។
ជាថ្មីម្ដងទៀត លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ចិនដែលជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បំពេញចំណុចចន្លោះប្រហោងនៅក្នុងដំណើរការឧស្សាហកម្មរបស់កម្ពុជា ពិតជាដើរតួនាទីយ៉ាងចាំបាច់មិនអាចខ្វះបាន ដើម្បីធានានូវខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សាររបស់កម្ពុជាដូចជាសហរដ្ឋអាម៉េរិកជាដើម។ ហេតុនេះហើយ ការពង្រឹងទំនាក់ទំនងជាមួយនឹងចិន គឺជារឿងដ៏ចាំបាច់ ព្រោះកម្ពុជាមិនអាចស្វែងរកការផ្គត់ផ្គង់ពីប្រទេសណា ដែលប្រសើរជាងចិនបាននោះឡើយ ហើយការសម្របសម្រួលដើម្បីរក្សាទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិកគឺជាប្រការដ៏សំខាន់ដែលមិនអាចមើលរំលងបាន។ កម្ពុជាត្រូវតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាាប្រទេសទាំងឡាយ ដើម្បីបង្កលក្ខខណ្ឌប្រសើរសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ក៏ដូចជាបំពេញចន្លោះប្រហោងនានាដែលខ្វះខាត ហើយនាំមកនូវវឌ្ឍនភាពសម្រាប់ប្រទេសនិងប្រជាជនរបស់ខ្លួន។ ត្រង់ចំណុចនេះ សហគមន៍អន្តរជាតិ ក៏ដូចជាអ្នកការទូតទាំងឡាយ ក៏គប្បីយល់នូវភាពចាំបាច់ទាំងអស់នេះ ហើយគេក៏ត្រូវតែដឹងផងដែរថា ជញ្ជីងពាណិជ្ជកម្មរវាងបណ្ដាប្រទេសនីមួយៗ មិនអាចមានតុល្យភាពនឹងគ្នាគ្រប់ដៃគូនោះឡើយ ព្រោះវាជាការបំពេញភាពខ្វះខាតគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានលើកឧទាហរណ៍នូវករណីពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក កម្ពុជាបាននាំទំនិញទៅកាន់សហរដ្ឋអាម៉េរិកច្រើន ដោយសារតែកម្ពុជានាំចូលទៅកាន់សហរដ្ឋអាម៉េរិក នូវផលិតផលជាឧស្សាហកម្មធុនស្រាល ដែលកម្ពុជាអាចផលិតបាន ខណៈដែលផលិតផលទាំងនេះ សហរដ្ឋអាម៉េរិកមិនផលិតដោយសារតែកម្លាំងពលកម្មនៅសហរដ្ឋអាម៉េរិកមានកម្រិតខ្ពស់ (ថ្លៃ) ចំណែកឯសហរដ្ឋអាម៉េរិកលក់ផលិតផលប្រណីត ក៏ដូចជាផលិតផលជាឧស្សាហកម្មធុនធ្ងន់ ដែលកម្ពុជាមានលទ្ធភាពមានកម្រិតនៅក្នុងការទិញ ដោយផលិតផលអាម៉េរិកដែលកម្ពុជាអាចទិញបានគឺជាផលិតផលមានតម្លៃកម្រិតមធ្យមដូចជាទូរសព្ទ និងគ្រឿងអេឡិតត្រូនិកផ្សេងៗជាដើម ខណៈផលិតផលឧស្សាហកម្មធុនធ្ងន់របស់សហរដ្ឋអាម៉េរិកដូចជាសព្វាវុធជាដើម កម្ពុជាពុំមានលទ្ធភាពទិញនោះទេ ដោយសារតែគម្លាតនៃសេដ្ឋកិច្ចនិងអំណាចទិញរបស់កម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសធំៗ ក៏ដូចជាមហាអំណាចសេដ្ឋកិច្ចនានា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត...
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ...
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...