Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះទៅនឹងថ្ងៃជ័យជម្នះរបស់ក្រុមខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាការរៀបចំឡើងដោយក្រុមការងារពិធីការនៃប្រទេសទាំង៤គឺ ចិន វៀតណាម ម៉ាឡេស៊ី និងកម្ពុជា ពោលគឺមិនមែនជាការរៀបចំ ដោយភ្ជាប់ទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ឬនយោបាយណាមួយនោះទេ។ លោកបណ្ឌិតបានបន្តថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅកម្ពុជានាពេលនេះ ជាការរៀបចំផ្គូរផ្គងដោយធ្វើដំណើរទៅកាន់ប្រទេសវៀតណាមផង ប្រទេសម៉ាឡេស៊ីផង និងចុងក្រោយគឺជាដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាពេលវេលានៃក្រុមពិធីការនិងរដ្ឋាភិបាលប្រទេសទាំង៤បានឯកភាពគ្នា ហើយជារឿងចៃដន្យដែលត្រូវចំថ្ងៃនេះ ដែលគេមិនអាចទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយនោះទេ ព្រោះគេមិនអាចតម្រូវឱ្យប្រទេសផ្សេងទៀតរៀបចំពេលវេលា ដើម្បីតែភ្ជាប់នឹងកម្ពុជានោះទេ។ ម្យ៉ាងវិញទៀត បើគេសង្កេតដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា កន្លងទៅ កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ ពោលគឺជាដំណើរទស្សនកិច្ចដំបូងក្រោយពេលលោកក្លាយជាប្រធានាធិបតីចិនដំបូង ដែលលោកបានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា រួចបន្តទៅកាន់ប្រទេសប៉ាគីស្ថាន និងឥណ្ឌា ដែលការបំពេញទស្សនកិច្ចនាពេលនោះ ក៏ពុំមែនជាកាលបរិច្ឆេទពិសេសអ្វីនោះដែរ។
បន្ថែមពីនេះ លោកបណ្ឌិតបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយនៃប្រទេសកម្ពុជា មានការណែងណងគ្នា ដែលជាឧទាហរណ៍មានដូចជា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមរហូតដល់មានព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនាំកម្ពុជាធ្លាក់ក្នុងរបបវាលពិឃាត ជាហេតុធ្វើឱ្យមានការបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ និងនាំទៅដល់ព្រឹត្តិការណ៍ ថ្ងៃទី៧ មករា ១៩៧៩ ហើយការវិវត្តប្រវត្តិសាស្ត្របាននាំកម្ពុជាទៅដល់ព្រឹត្តិការណ៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គ្រប់កាលបរិច្ឆេទ សុទ្ធតែមានព្រឹត្តិការណ៍កើតឡើងក្នុងអតីតកាល ដូច្នេះ ប្រសិនបើយើងទាញភ្ជាប់ គឺមានតែទាញភ្ជាប់ជាចង្កោមនៃព្រឹត្តិការណ៍។ ទោះជាយ៉ាងណា គេមិនអាចទាញកង់ប្រវត្តិសាស្ត្រឱ្យព្រឹត្តិការណ៍ទាំងនោះឱ្យកើតឡើងវិញម្ដងទៀតបាននោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គេគ្មានហេតុផលអ្វីមួយដើម្បីទាញភ្ជាប់ព្រឹត្តិការណ៍នយោបាយដែលកើតឡើងក្នុងអតីតកាល ឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំបង្កើតច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មកើតឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យផងដែរ ដែលបង្ហាញពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួចស្រេចទៅហើយ។ ហេតុនេះហើយ គេមិនអាចទាញចង្កោមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មករំខានដល់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងល្អជាមួយដៃគូខ្លួននោះទេ។
ចំណុចមួយទៀតគឺ ប្រទេសចិនក៏កំពុងតែប្រឹងប្រែងនៅក្នុងការជំរុញសណ្ដាប់ធ្នាប់នៃសេដ្ឋកិច្ចពិភពលោកថ្មី ដើម្បីដោះស្រាយបញ្ហាកើតឡើងចេញពីការដំឡើងពន្ធជាសាកលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ផងដែរ។ ដូច្នេះចិន ពិតជាមិនមានពេលវេលាណាមួយសម្រាប់ចេតនាដុតរោលនយោបាយនៅក្នុងប្រទេសណាមួយនោះទេ ពោលគឺ ចិនព្យាយាមប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគី និងក្នុងតំបន់ និងសណ្ដាប់ធ្នាប់ពិភពលោកទាំងមូល ហើយចិនគ្មានហេតុផលដែលចិនទាញភ្ជាប់ដើម្បីធ្វើឱ្យខូចខាតទំនាក់ទំនងទ្វេភាគីឡើយ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា បើរាប់ទាំងដំណើរទស្សនកិច្ចនាពេលនេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបំពេញទស្សនកិច្ចនៅវៀតណាមរហូតដល់ទៅ ៥ដងទៅហើយ ដែលបង្ហាញថា ថ្វីដ្បិតតែទំនាក់ទំនងរវាងវៀតណាមនិងចិន មិនមែនជាមិត្តភាពដែកថែបដូចជា ទំនាក់ទំនងកម្ពុជា-ចិន ប៉ុន្តែការបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់វៀតណាម មានច្រើនជាងកម្ពុជាទៅទៀត ដោយសារតែទំនាក់ទំនងក្នុងលក្ខខណ្ឌពិសេសនៃប្រវត្តិសាស្ត្រ និងគណបក្សនយោបាយ រវាងបក្សកុម្មុយនីស្តចិននិងបក្សកុម្មុយនីស្តវៀតណាមជាដើម៕
RAC Media
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...
លោក Hua Quoc Anh (ស្តាំ) ធ្វើការជាមួយអាជ្ញាធរទីក្រុងហូជីមិញ - រូបភាព៖ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង ក្រុងហូជីមិញប្រភពព័ត៌មានពីសារព័ត៌មានអនឡាញរបស់វៀតណាម VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២...
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយ...