Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពីអត្រាពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ផែនការរបស់ប្រធានាធិបតីអាម៉េរិករូបនេះ ត្រូវបានកំណត់ពន្ធជាមូលដ្ឋានក្នុងរង្វង់ ១០% លើការនាំចូលទាំងអស់ ដោយធ្វើឡើងស្របទៅតាមការសន្យារបស់លោក ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ យោងតាមតារាងពន្ធគយថ្មីដែលដាក់ចេញដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ទំនិញកម្ពុជា ដែលនាំចូលទៅទីផ្សារសហរដ្ឋអាម៉េរិកនឹងត្រូវទទួលរងនូវអត្រាពន្ធគយជាមធ្យម៤៩%ផងដែរ។
បើទោះជាការកំណត់អត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកនេះ មានលក្ខណៈទូទៅជាសាកលក្ដី ប៉ុន្តែមានមតិចម្រុះមួយចំនួនបានព្យាយាមទាញភ្ជាប់បញ្ហានេះទៅនឹងការវិវត្តស្ថានការណ៍នយោបាយ សេរីភាព និងសិទ្ធិមនុស្សនៅកម្ពុជា ព្រមជាមួយនឹងការសម្ដែងការព្រួយបារម្ភចំពោះការនាំចេញ អត្រានិកម្ម អត្រាកំណើនសេដ្ឋកិច្ច និងផលប៉ះពាល់ផ្សេងៗទៀតដែលអាចកើតមានចំពោះប្រទេសកម្ពុជា។ ប្រាកដណាស់ គេពិតជាមិនអាចប្រកែកបានឡើយចំពោះផលប៉ះពាល់ដោយផ្ទាល់ កើតចេញពីការកំណត់អត្រាពន្ធគយថ្មីនេះឡើយ តែចំណុចសំខាន់ដែលត្រូវពិចារណានោះគឺ ដើមហេតុដែលនាំទៅដល់ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលគេអាចសាកល្បងប៉ាន់ស្មានបានដោយចាប់ផ្ដើមពីការស្វែងយល់អំពីចិត្តសាស្ត្ររបស់ប្រធានាធិបតីអាម៉េរិករូបនេះ។
ជាការពិតណាស់ លោក ដូណាល់ ត្រាំ ដែលបានក្លាយជាប្រធានាធិបតីអាម៉េរិកជាថ្មីម្ដងទៀតនាអាណត្តិទីពីរ ពិតជាប្រាថ្នាចង់បន្សល់កេរ្តិ៍ឈ្មោះជាប្រធានាធិបតីដែលលេចធ្លោមួយរូបនៅអាណត្តិដឹកនាំចុងក្រោយរបស់លោក។ ក្នុងអាណត្តិដឹកនាំលើកទីពីររបស់លោក កិច្ចការទីមួយដែលលោកបានធ្វើគឺ ព្យាយាមកសាងកេរ្តិ៍ឈ្មោះ ដែលលោកប៉ងក្លាយជាមេដឹកនាំដែលសន្សំថវិកាកម្រិតខ្ពស់និងចាត់ចែងថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងការពារបាននូវផលប្រយោជន៍ជាតិរបស់សហរដ្ឋអាម៉េរិក បានប្រសើរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយទំនោរនេះស្របគ្នាទៅនឹងសារនយោបាយដែលលោកធ្លាប់បានលើកឡើងដូចជា “American First” និង “Make American great again”។ នៅក្នុងន័យនេះ សម្រាប់លោកត្រាំ ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកប្រមាណ ៦០ប្រទេស ត្រូវបានលោកចាត់ទុកថាជា “ជនល្មើសដ៏អាក្រក់បំផុត” ដែលត្រូវបង់សងតម្លៃត្រឡប់ឱ្យអាម៉េរិកវិញជាមួយអត្រាពន្ធគយខ្ពស់មួយ ដែលលោកអះអាងថា ដោយសារតែការអនុវត្តគោលនយោបាយពាណិជ្ជកម្មមិនយុត្តិធម៌ពីសំណាក់ប្រទេសទាំងនោះ។ លោក ដូណាល់ ត្រាំ ចាត់ទុកដៃគូពាណិជ្ជកម្មទាំងឡាយរបស់អាម៉េរិក ទទួលអត្រាពន្ធគយយ៉ាងអនុគ្រោះពីសហរដ្ឋអាម៉េរិកច្រើនលើសលុបលើស បើធៀបនឹងការកំណត់ពន្ធឬប្រយោជន៍ដែលប្រទេសទាំងនេះផ្ដល់ឱ្យអាម៉េរិក។
មានមតិខ្លះបានលើកឡើងផងដែរថា ការកំណត់តម្លើងអត្រាពន្ធគយថ្មីរបស់អាម៉េរិកលើប្រទេសមួយចំនួន ក៏ដោយសារតែការអនុគ្រោះពន្ធដល់បណ្ដាប្រទេសទាំងនោះ បែរជាបានហុចផលដល់ចិនជាដៃគូប្រឈមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ធំរបស់អាម៉េរិក ដោយចិនបានដាក់ទុនវិនិយោគទៅលើរោងចក្រឬសហគ្រាស ដែលផលិតទំនិញសម្រាប់ការនាំចេញទៅសហរដ្ឋអាម៉េរិក។ ជាការពិតណាស់ កន្លងមក លោកដូណាល់ ត្រាំ ក៏ធ្លាប់ព្រមានចាត់ការសហគ្រាសឬក្រុមហ៊ុនដែលមានបំណងរើរោងចក្រចេញពីចិន ដើម្បីគេចការតម្លើងពន្ធផងដែរ។ នៅត្រង់ចំណុចនេះ មានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួន ថាការដំឡើងអត្រាពន្ធគយថ្មីរបស់អាម៉េរិកមកលើប្រទេសកម្ពុជា អាចបណ្ដាលមកពីសាធារណរដ្ឋប្រជាមានិតចិនបានវិនិយោគលើរោងចក្រនិងសហគ្រាសជាច្រើននៅកម្ពុជា ដែលភាគច្រើនមានគោលដៅនាំចេញទៅកាន់សហរដ្ឋអាម៉េរិក។ មជ្ឈដ្ឋានខ្លះ ថែមទាំងបានអះអាងបន្ថែមទៀតថា ការប្រកាសអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិកនេះ អាចជាសារមួយប្រាប់មកកាន់កម្ពុជា ឱ្យពិចារណាឡើងវិញនៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក និងចិន។ រោងចក្រនិងសហគ្រាសនៅកម្ពុជា ដែលភាគច្រើនលើសលប់ពឹងផ្អែកទៅលើវត្ថុធាតុដើមមានប្រភពមកពីចិន ព្រមទាំងទទួលបានទុនវិនិយោគពីចិនផងដែរ។ បើតាមហេតុផលទាំងនេះ ការតម្លើងពន្ធគយលើមុខទំនិញរបស់កម្ពុជា នាំចូលទៅសហរដ្ឋអាម៉េរិក អាចជាសារនយោបាយ ដែលសហរដ្ឋអាម៉េរិកមានបំណងបង្ហាញទៅកាន់បណ្ដាប្រទេសដទៃទៀត ដែលចិនបានវិនិយោគយកធ្វើជាគោលដៅដើម្បីគេចចេញពីការដំឡើងពន្ធ និងការដាក់សម្ពាធរបស់អាម៉េរិកទៅលើរោងចក្រឬសហគ្រាសដែលមានមូលដ្ឋាននៅប្រទេសចិន។
ទោះជាយ៉ាងណា នេះមិនមែនជាហេតុផលពិតប្រាកដនោះទេ ព្រោះគេត្រូវដឹងថា ការដំឡើងអត្រាពន្ធគយរបស់អាម៉េរិកនាពេលនេះ មិនបានធ្វើឡើងទៅលើប្រទេសកម្ពុជាតែមួយនោះឡើយ តែជាការដំឡើងពន្ធគយទូទៅជាសាកលចំពោះបណ្ដាប្រទេសដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ហេតុនេះ ការលើកឡើងខាងលើពិតជាពុំត្រឹមត្រូវទាំងស្រុងនោះឡើយ។ ម្យ៉ាងវិញទៀត បើផ្អែកតាមតារាងអត្រាពន្ធគយថ្មីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ការដំឡើងពន្ធគយលើប្រទេសកម្ពុជារហូតដល់ ៤៩% ដោយសារតែអាម៉េរិកប្រើប្រាស់រូបមន្តគិតពន្ធ ដោយយកអត្រាឱនភាពពាណិជ្ជកម្មជាមួយអាម៉េរិកចែកនឹង២ ហើយខណៈទំហំនាំចេញរបស់កម្ពុជាទៅកាន់អាម៉េរិក មានរហូតដល់ទៅ៩៧% ក្នុងពេលដែលទំហំនៃនាំទំនិញពីអាម៉េរិកមកកម្ពុជាមានត្រឹមតែ៣% នៃទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ បង្ហាញថា ការសម្រេចកំណត់អត្រាពន្ធគយថ្មីរបស់អាម៉េរិក គឺជាសារព្រមានជាថ្មីម្ដងទៀត ដល់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាម៉េរិក ឱ្យពិនិត្យនិងពិចារណាជាថ្មីលើទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក និងរំឭកឡើងវិញនូវសាររបស់លោក ដូណាល់ ត្រាំ អំពីការធ្វើពាណិជ្ជកម្ម ដែលប្រធានាធិបតីអាម៉េរិករូបនេះអះអាងថា មិនមានយុត្តិធម៌សម្រាប់សហរដ្ឋអាម៉េរិក ទាំងដែលនេះគឺជាករណីទូទៅសម្រាប់ទំហំទំនាក់ទំនងរវាងប្រទេសតូច និងមហាអំណាចសេដ្ឋកិច្ចក៏ដោយក្ដី។
ការកំណត់អត្រាពន្ធគយថ្មី ដែលសហរដ្ឋអាម៉េរិកហាក់ទាមទារឱ្យដៃគូពាណិជ្ជកម្មរបស់ខ្លួនកំណត់ពន្ធគយមានលក្ខណៈអនុគ្រោះលើទំនិញអាម៉េរិក ពោលគឺអាម៉េរិកចង់ទទួលបានការយោគយល់ផ្នែកពន្ធគយពីបណ្ដាប្រទេសនានានេះ ហាក់បានធ្វើឱ្យគេពិចារណាអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាម៉េរិក។ ត្រង់ចំណុចនេះ ធ្វើឱ្យមេដឹកនាំបណ្ដាប្រទេសនានា ពិតជាមានការភ្ញាក់ផ្អើលនឹងជំហរប្រធានាធិបតីអាម៉េរិករូបនេះ។ ចំពោះករណីឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកនិងដៃគូពាណិជ្ជកម្មរបស់ខ្លួន គឺជារឿងសាមញ្ញមួយដែលគេអាចឈ្វេងយល់បានថា ទំហំជញ្ជីងពាណិជ្ជកម្មរវាងមហាអំណាច និងប្រទេសតូចៗ ពិតជាមានអតុល្យភាពដោយមិនអាចចៀសផុតបាន ពោលគេមិនអាចប្រៀបទំហំនៃការនាំចេញពីប្រទេសតូច ទៅនឹងការនាំទំនិញចូលពីមហាអំណាចមកប្រទេសតូចនោះទេ អាស្រ័យដោយប្រទេសតូចៗដែលមានចំនួនប្រជាជនតិច ពិតជាមានតម្រូវការតិចជាង ហើយក៏មានអំណាចទិញទាបជាងខ្លាំងដែរ បើធៀបទៅនឹងមហាអំណាច។ ជាក់ស្ដែង ប្រទេសកម្ពុជាមានប្រជាជនតិច (ត្រឹមតែប្រមាណ ១៧លាននាក់) និងមានអំណាចទិញ (purchasing power parity: PPP) ត្រឹមតែជាង ៦ ០០០ ដុល្លារសហរដ្ឋអាម៉េរិក (២០២៣) ខណៈសហរដ្ឋអាម៉េរិក មានប្រជាជនរហូតដល់ទៅ ៣៤០លាននាក់ និងមានអំណាចទិញរហូតដល់ទៅ ជាង ៨២ ០០០ ដុល្លារសហរដ្ឋអាម៉េរិក (២០២៣) ហេតុនេះហើយ គេមិនអាចដាក់បង្ខំឱ្យការដោះដូរពាណិជ្ជកម្មមានតុល្យភាពនឹងគ្នាតាមដែលចង់បាននោះឡើយ។ ព្យាយាមធ្វើឱ្យ ចំពោះការដោះដូរពាណិជ្ជកម្មរវាងអាម៉េរិកនិងកម្ពុជា ទំហំនាំចេញពីកម្ពុជាទៅអាម៉េរិក។
ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ហាក់កំពុងបន្តប្រើប្រាស់យុទ្ធសាស្ត្រសម្លុតនិងគំរាមទុកជាមុន ជាជាងការសម្រេចចិត្តជាស្ថាពរភ្លាមៗតែម្ដង ដោយបានទុកពេលវេលាឱ្យបណ្ដាប្រទេសដែលត្រូវបានកំណត់អត្រាពន្ធគយថ្មី ស្វែងរកឱកាសចរចាជាមួយនឹងមន្ត្រីសហរដ្ឋអាម៉េរិកផងដែរ។ បំណងរបស់លោក ដូណាល់ ត្រាំ គ្រាន់តែចង់បង្ហាញថា រដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលដែលគិតគូរ និងទាមទារបានផលប្រយោជន៍សម្រាប់សហរដ្ឋអាម៉េរិកក្នុងកម្រិតអតិបរមាតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ចំណុចមួយដែលគេគួរកត់សម្គាល់នោះគឺ ជំហរនយោបាយសហរដ្ឋអាម៉េរិកតែងតែប្រែប្រួលរៀងរាល់ ៤ឆ្នាំម្ដង នៅពេលមានការផ្លាស់ប្ដូរប្រធានាធិបតី។ ដូច្នេះហើយ ក្រៅតែពីការពិចារណាអំពីការសម្របខ្លួនក្នុងទំនាក់ទំនងនយោបាយនិងពាណិជ្ជកម្មជាមួយអាម៉េរិក ក្រោមរដ្ឋបាលប្រធានាធិបតីបច្ចុប្បន្ន គេក៏គួរតែពិនិត្យពិចារណាចំពោះស្ថានភាព ដែលអាចនឹងប្រែប្រួលទៅតាមបុគ្គលជាមេដឹកនាំអាម៉េរិកនីមួយៗ នៅរៀងរាល់ឱកាសរៀបចំការបោះឆ្នោតប្រធានាធិបតីអាម៉េរិកដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដងផងដែរ។ បន្ថែមពីនេះ បើទោះបីជាការព្យាយាមរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៅក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្នពិតជាសំខាន់ តែកម្ពុជាក៏ត្រូវប៉ាន់ប្រមាណចំពោះការផ្លាស់ប្ដូរនៅក្នុងរយៈពេល៤ឆ្នាំបន្ទាប់ផងដែរ ពោល កម្ពុជាត្រូវរក្សាលទ្ធភាពនិងជំហរដែលអាចបន្តការចរចាបន្ថែមទៀត នៅក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីបន្ទាប់ ដោយមិនគួរប្រកាន់ជំហរស្របតាមទាំងស្រុង ដើម្បីផ្គាប់ចិត្តរដ្ឋបាលលោកដូណាល់ ត្រាំ ទាំងស្រុងនោះទេ។ នៅក្នុងការចរចាជាមួយនឹងមន្ត្រីរដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជាគួរតែរក្សាចន្លោះមួយនៅក្នុងការចរចា ដោយមិនត្រូវប្រកាន់ជំហររឹងត្អឹងពេក ឬក៏ទោរទន់តាមការដាក់សម្ពាធពីភាគីម្ខាងទៀតទាំងស្រុងនោះទេ។ ជាការពិតណាស់ ទោះបីជាបេក្ខភាពប្រធានាធិបតីថ្មីរូបណាឡើងមកកាន់អំណាចបន្តនៅអាណត្តិបន្ទាប់ក្ដី មេដឹកនាំសហរដ្ឋអាម៉េរិកបន្ទាប់ នឹងបន្តពិនិត្យលទ្ធភាពដើម្បីទាញយកផលចំណេញ ពីស្ថានភាពជាបច្ចុប្បន្នភាពក្នុងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសទាំងឡាយ ដូចជាស្ថានភាព ដែលជាវិបាកក្រោយការប្រកាសសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិកនិងចិន ដែលផ្ដើមឡើងនៅក្នុងអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ ជាឧទាហរណ៍ស្រាប់ជាដើម។
ជាមួយគ្នានេះដែរ សម្រាប់ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងបញ្ជីនៃការដំឡើងពន្ធគយលើមុខទំនិញនាំចូលទៅសហរដ្ឋអាម៉េរិកនោះ ពិតជាពិបាកចៀសផុតពីការប្រឈមនឹងរបាំងពន្ធគយនេះណាស់ ទោះបីជារាជរដ្ឋាភិបាលបានជូនដំណឹងអំពីឆន្ទៈនៃការបញ្ចុះអត្រាពន្ធសម្រាប់មុខទំនិញអាម៉េរិក ដែលនាំចូលមកកម្ពុជាតាមរយៈការបង្កើតក្រុមការងារដើម្បីចរចាក៏ដោយ ក៏ទំនិញកម្ពុជា អាចនឹងត្រូវបានដំឡើងពន្ធបន្ថែមលើអត្រាពន្ធបច្ចុប្បន្នក៏ដោយក្ដី។ ប្រការនេះ នឹងបង្កផលវិបាកមួយចំនួនដូចជា ការបាត់បង់ភាពប្រកួតប្រជែងនៃទំនិញរបស់កម្ពុជាក្នុងទីផ្សារអាម៉េរិក ការធ្លាក់ចុះនូវចំណូលពីការនាំចេញដោយសារការបញ្ជាទិញអាចនឹងត្រូវកាត់បន្ថយ និងការប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងកម្រិតណាមួយជាដើម។ នៅចំពោះមុខស្ថានការណ៍នេះ រាជរដ្ឋាភិបាលគួរតែចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលមានដូចជា ការបន្តយុទ្ធសាស្ត្រនៅក្នុងការបន្ទាបតម្លៃមូលដ្ឋានផលិតកម្មក្នុងស្រុក (ដូចជាថ្លៃអគ្គិសនី តម្លៃដឹកជញ្ជូនផលិតផល និងការអនុគ្រោះផ្សេងៗដល់រោងចក្រ/សហគ្រាសសម្រាប់ការនាំចេញ) ការពង្រឹងប្រសិទ្ធភាពនៃយន្តការគាំទ្រដល់រោងចក្រ/សហគ្រាសក្នុងស្រុក ការបន្តធ្វើពិពិធកម្មមុខទំនិញនាំចេញនិងទីផ្សារគោលដៅបន្ថែម ការបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស និងពលកម្មជំនាញដើម្បីទាក់ទាញការវិនិយោគ និងការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត។
ម្យ៉ាងវិញទៀត កម្ពុជាក៏គួរតែពិនិត្យពិចារណាទៅលើការបង្កើនចំណូលរដ្ឋពីប្រភពចំណូលសំខាន់ៗបន្ថែមទៀត ដោយពុំគួររំពឹងតែលើពន្ធគយពេកនោះទេ ព្រោះបណ្ដាប្រទេសរីកចម្រើនជាច្រើន ដែលជាប្រទេសអ្នកផលិតរបស់ពិភពលោកបានផ្ដោតលើការពង្រឹងការប្រមូលចំណូលផ្សេងបន្ថែមពីការនាំចេញ និងចំណូលពន្ធដារនៅក្នុងមុខចំណូលជាច្រើនផ្សេងៗទៀត។ ត្រង់ចំណុចនេះ គេអាចកត់សម្គាល់ឃើញថា ការប្រមូលចំណូលថវិកាជាតិនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងខ្លឹមសារដែលបានកំណត់នៅក្នុងច្បាប់ជាធរមាន។ ការពង្រឹងការប្រមូលចំណូលរដ្ឋនៅត្រង់នេះមិនមែនជាការបង្កើតពន្ធថ្មីនោះទេ ប៉ុន្តែគឺជាការបង្កើនប្រសិទ្ធភាព និងការចាប់ផ្ដើមជំរុញអនុវត្តកាតព្វកិច្ចបង់ពន្ធ ទៅលើប្រភេទមួយចំនួន ដែលរដ្ឋបានអនុគ្រោះឬលើកលែងរហូតមកដល់បច្ចុប្បន្ន។ ពោលគឺនៅមានមុខចំណូលពន្ធជាច្រើនទៀតដែលរាជរដ្ឋាភិបាលអាចចាប់ផ្ដើមប្រមូលក្នុងដំណាក់កាលចាប់ផ្ដើម (ស្ថិតក្នុងកម្រិតអនុគ្រោះណាមួយ) ដើម្បីឈានទៅប្រមូលពន្ធក្នុងពេញលេញនាពេលអនាគតខាងមុខ៕
RAC Media
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងកម្មវិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មី...
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី«ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» ដែលបានចាប់ផ្ដើមកាលពីថ្ងៃ...
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ...
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...
ចុចមើលសេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រាជបណ...
ចុចមើលកិច្ចពិភាក្សាតុមូលស្តីពី តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការបោះពុម្ពព្រឹត្តិបត្រលេខ១១ សន្ទានុក្រមអក្សសិល្ប៍...
ចុចមើលដំណឹងជ្រើសរើសបេក្ខនារី សិក្សាជំនាញបន្ថែមផ្នែកគុណភាពទឹកដោះគោ ២រូប!
ចុចមើលកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «តើមានអ្វីដែលនឹងកើតឡើងពេលដែលលោក សម រង្សី វិលត្រឡប់ចូលប្រទេសកម្ពុជា...
ចុចមើលបាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់ លោក Donal Trump និងអត្ថន័យចំពោះអាស៊ី ថ្...
ចុចមើលសមិទ្ធផល១ឆ្នាំ និងទិសដៅការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
ចុចមើលបាឋកថាស្តីពី ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨...
ចុចមើលពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹកនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម លឹម គានហោ រដ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសស៊ុយអ៊ែត
ចុចមើល