Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាថ្នាក់ដឹកនាំ និងលោកបណ្ឌិត លោកស្រីបណ្ឌិត លោក លោកស្រី ជាមន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នាព្រឹកនេះ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល បួងសួងសុំសេចក្ដីសុខចម្រើន និងជោគជ័យនៅក្នុងការបំពេញភារកិច្ចការងារសម្រាប់សង្គមជាតិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ និងតាមលម្អានព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសលផលបុណ្យ។
នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពេលរសៀលនឹងមានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រជាប្រិយដ៏សំខាន់ខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលតាមជំនឿរបស់ដូនតាខ្មែរ ការសម្ដែងរបាំប្រជាប្រិយមួយប្រភេទនេះ ធ្វើឡើងដើម្បីជាការឧបកិច្ចបណ្ដេញឧបទ្រពចង្រៃ និងទទួលយកសិរីសួស្ដីនៅក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ជាមួយគ្នានេះ នៅពេលអាហារថ្ងៃត្រង់ ក៏មានការរៀបចំពិសារនំបញ្ចុក ដែលជាអាហារបែបប្រពៃណី និងចំណីអាហារសាមញ្ញៗបែបខ្មែរ ដែលមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំឮកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់ បង្កើននិងបង្ហាញពីភាពស្និទ្ធស្នាល សា្មរតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។
បន្ថែមពីនេះទៀត នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដែលប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញនេះ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរជាច្រើនដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អមផងដែរ ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក៕
RAC Media | លឹម សុវណ្ណរិទ្ធ | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សា...
មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។...
ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេ...
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករ...
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំ...
ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូលមកក្នុងទឹកដីកម្ពុជា។ អ្...