Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត ជាថ្នាក់ដឹកនាំ និងលោកបណ្ឌិត លោកស្រីបណ្ឌិត លោក លោកស្រី ជាមន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ នាព្រឹកនេះ មានការរៀបចំបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល បួងសួងសុំសេចក្ដីសុខចម្រើន និងជោគជ័យនៅក្នុងការបំពេញភារកិច្ចការងារសម្រាប់សង្គមជាតិ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសរៀបចំធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ និងតាមលម្អានព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងសិស្សនិស្សិតទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសលផលបុណ្យ។
នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពេលរសៀលនឹងមានការសម្ដែងរបាំត្រុដិ ដែលជារបាំប្រជាប្រិយដ៏សំខាន់ខ្មែរនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលតាមជំនឿរបស់ដូនតាខ្មែរ ការសម្ដែងរបាំប្រជាប្រិយមួយប្រភេទនេះ ធ្វើឡើងដើម្បីជាការឧបកិច្ចបណ្ដេញឧបទ្រពចង្រៃ និងទទួលយកសិរីសួស្ដីនៅក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ជាមួយគ្នានេះ នៅពេលអាហារថ្ងៃត្រង់ ក៏មានការរៀបចំពិសារនំបញ្ចុក ដែលជាអាហារបែបប្រពៃណី និងចំណីអាហារសាមញ្ញៗបែបខ្មែរ ដែលមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរំឮកអនុស្សាវរីយ៍សម្រាប់មនុស្សវ័យកណ្ដាល និងវ័យចំណាស់ បង្កើននិងបង្ហាញពីភាពស្និទ្ធស្នាល សា្មរតីភាតរភាព និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងបុគ្គលិក ក៏ដូចជាមួយនឹងសិស្ស និស្សិតជាយុវជនជំនាន់ក្រោយផងដែរ។
បន្ថែមពីនេះទៀត នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ដែលប្រារព្ធធ្វើឡើងរយៈពេលមួយថ្ងៃពេញនេះ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរជាច្រើនដូចជា ល្បែងទាញព្រ័ត្រ វាយក្អម លាក់កូនខ្លែង ដណ្ដើមស្លឹកឈើ ចោលឈូង បោះអង្គុញ លាក់កន្សែង រុញអង្រែ ស្ដេចចង់ និងទូលក្អមផងដែរ ដើម្បីថែរក្សានិងអភិរក្សល្បែងប្រជាប្រិយខ្មែរ តាមរយៈការជំរុញចលនាមហាជន ពិសេសយុវជនខ្មែរជំនាន់ក្រោយឱ្យដិតដាមចងចាំ និងប្រតិបត្តិបានខ្ជាប់ខ្ជាប់ និងជាប់លាប់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានយុវជនខ្មែរមួយចំនួនតូច មានទំនោរទៅរកការលេងកម្សាន្តតាមបែបមិនសមរម្យមួយចំនួន ដែលមានលក្ខណៈភ្លើតភ្លើនភ្លេចខ្លួន និងប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផងដែលដូនតាខ្មែរបានបន្សល់ទុក៕
RAC Media | លឹម សុវណ្ណរិទ្ធ | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
វិធីសាស្ត្រសិក្សាស្រាវជ្រាវគឺសំដៅលើដំណើរការនៃការសិក្សាស្រាវជ្រាវទាំងឡាយណា ដែលបានឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និងបញ្ជាក់បញ្ហាសិក្សាស្...
គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រ...
រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រ...
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...