ព័ត៌មាន

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម»

2025-04-03 06:16:00 ថ្ងៃព្រហស្បតិ៍, 03 មេសា 2025 ម៉ោង 01:16 PM
អ្នកមើល 2072
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខ នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ។

វេទិកាពិសេសនេះ នឹងរៀបចំឡើងដោយ មានការអញ្ជើញចូលរួមសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជមួយគ្នានេះ នៅចុងបញ្ចប់នៃវេទិកា ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យ​​សភា​កម្ពុជា នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះបិទវេទិកាផងដែរ។

ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ថា វេទិកានេះនឹងដើរតួនាទីជាថ្នាលដ៏សំខាន់សម្រាប់ការវិភាគស៊ីជម្រៅ និងការផ្លាស់ប្តូរប្រកបដោយអត្ថន័យ អំពីការវិវត្តនៃទំនាក់ទំនងរវាង​កម្ពុជានិងចិន។ ឯកឧត្ដមបណ្ឌិតបន្តថា វេទិកាពិសេសនេះនឹងបង្ហាញពីលក្ខណៈពិសេសទំនាក់ទំនង យូរអង្វែងនិងជាយុទ្ធសាស្ត្ររវាងកម្ពុជានិងចិន ដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងការទូតវប្បធម៌។ ការចូលរួមចំណែកដ៏មានសំខាន់របស់សហគ្រាស​ចិនក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមកម្ពុជា ក៏នឹងត្រូវបានបញ្ជាក់យ៉ាងលម្អិតផងដែរ។

វេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» មានគោលបំណងសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

• ពិនិត្យមើលសមិទ្ធផលសំខាន់ៗដែលកើតចេញពី​មិត្តភាពកម្ពុជា-ចិន ក្នុងរយៈពេល​ជា​ប៉ុន្មា​ន​​ទសវត្សរ៍ចុងក្រោយនេះ។

• វាយតម្លៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើវិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌រវាងប្រទេសទាំងពីរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទាំងពីរ។

• វិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដែកថែបនិង​មិនអាចបំបែកបាន រវាងកម្ពុជានិងចិន។

• បង្កើតវេទិកានៃការផ្លាស់ប្តូរបណ្ឌិតសភាដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ បញ្ញវន្ត អ្នក​រៀបចំគោលនយោបាយ និងអ្នកតំណាងធុរកិច្ចមកពីប្រទេសកម្ពុជានិងចិន ដើម្បីចែក​រំលែកទស្សនៈនិងការយល់ដឹងរបស់ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន។

• រួមចំណែកពង្រឹងនិងពង្រីក​មិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជានិង​ចិន​។

ឯកឧត្ដមបណ្ឌិត គិន ភា បានបង្ហាញការរំពឹងថា វេទិកាពិសេសនេះនឹងជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ចនៃភាពជាដៃគូទ្វេភាគីរវាងទាំងពីរ ជាពិសេសក្នុងបរិបទនៃការផ្លាស់ប្តូរនិទានកថា​ភូមិសាស្ត្រនយោបាយ។ វេទិកានេះនឹងផ្តល់ការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ និងបំភ្លឺការយល់ខុសទាក់ទង​នឹងទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្រ្តការទូតប្រកបដោយតុល្យភាព និងឯករាជ្យ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា «ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹង​ចក្ខុវិស័យ​រយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងវិបុលភាពរួម​រវាងកម្ពុជា និងចិនក្នុង​យុគសម័យថ្មី»។

សូមជម្រាបជូនថា វេទិកាពិសេស ស្តីពី «មិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងយុគសម័យថ្មី : កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» នឹងប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ ដោយប្រមូលផ្តុំវាគ្មិនមកពីធនាគារខួរក្បាល តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងសហគ្រាស សំខាន់ៗរបស់ចិននៅកម្ពុជា។វេទិកានេះនឹងអញ្ជើញអ្នកចូលរួមប្រមាណ ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាល អ្នកជំនាញ និស្សិត និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

post_detail

អត្ថបទទាក់ទង

«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM
«កិច្ចប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ប...

2019-01-11 02:49:46   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 09:49 AM
«ប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»

ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៤ពាក...

2019-01-10 04:10:06   ថ្ងៃព្រហស្បតិ៍, 10 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស