ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ សង្គមខ្មែរមានវប្បធម៌ចែករំលែកសុខនិងទុក្ខជាមួយគ្នា ដែលអ្នកនយោបាយគួររក្សាវប្បធម៌ដ៏ល្អនេះ

2025-04-02 09:16:58 ថ្ងៃពុធ, 02 មេសា 2025 ម៉ោង 04:16 PM
អ្នកមើល 2590
post_detail1

នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោបាយមាននិន្នាការប្រឆាំងចំនួន២ ក្នុងសម្ព័ន្ធឆ្ពោះទៅអនាគត គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានយកកម្រងផ្កាទៅរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ គណបក្សប្រឆាំងផ្សេងទៀតក៏បានធ្វើលិខិតចូលរួមស​ម្ដែងមរណទុក្ខផងដែរ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់សម្ដេចប្រធានគណបក្ស។ ចំពោះករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ការចូលរួមរំលែកទុក្ខពីសំណាក់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាឥរិយាបថនយោបាយដ៏ល្អមួយ ដែលបានឆ្លុះបញ្ចាំងអំពីវប្បធម៌នៅក្នុងសង្គមខ្មែរពិតប្រាកដ ដែលនៅក្នុងសង្គមខ្មែរ តែងតែមានការចែករំលែកសេចក្ដីសុខ និងសេចក្ដីទុក្ខគ្នាទៅវិញទៅមក ពិសេសនៅក្នុងឱកាសមរណទុក្ខ។ ដូច្នេះហើយ ការចូលរួមរបស់គណបក្សទាំងពីរ បានបង្ហាញថា ទោះបីជាអ្នកនយោបាយគណបក្សទាំងពីរ ដែលស្ថិតនៅក្នុងសម្ព័ន្ធភាពប្រឆាំងរាជរដ្ឋាភិបាល​នៅក្នុងទស្សនៈនយោបាយ​ក៏ដោយក្ដី ក៏អ្នកនយោបាយនៃគណបក្សទាំងពីរបានយល់ដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយនៅក្នុងករណីលើកនេះ អ្នកនយោបាយគណបក្សប្រឆាំងទាំងពីរពុំបានប្រកាន់ទស្សនៈប្រឆាំងប្ដូរផ្ដាច់នៅក្នុងនយោបាយ មកលូកឡំនៅក្នុងប្រពៃណីទំនៀមទម្លាប់ឡើយ។ ចំណុចនេះ បានឆ្លុះបញ្ចាំងអំពីឥរិយាបថថ្មីមួយ ដែលអ្នកនយោបាយខ្មែរ​ពិត​ជាយល់ដឹង និងចេះរស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីយោគយល់ និងចែករំលែកសេចក្ដី​ទុក្ខគ្នា។

បើតាមលោកបណ្ឌិត យង់ ពៅ ប្រការនេះបានបង្ហាញរូបភាពថា អ្នកនយោបាយខ្មែរនៅក្រៅរដ្ឋាភិបាល បានចាប់ផ្ដើមសម្របខ្លួនទទួលយកប្រពៃណីទំនៀមទម្លាប់ ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា ជាជាងការប្រកាន់ជំហរប្រឆាំងឬយកគ្នាជាគូបដិបក្ខនៅគ្រប់ទិដ្ឋភាព និងគ្រប់ពេលវេលាដូចពេលកន្លងមក។

ខណៈដែលអ្នកនយោបាយខ្មែរបានបង្ហាញភាពចុះសម្រុងនៅក្នុងប្រពៃណី និងទំនៀម​ទម្លាប់ខ្មែរ លោកបណ្ឌិត បានកត់សម្គាល់ថា ការធ្វើនយោបាយគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជែងគ្នានៅក្នុងទស្សនៈនយោបាយអភិវឌ្ឍជាតិ ជាជាងការប្រកាន់គ្នា​ជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ លោកបណ្ឌិតបន្តថា នៅពេលប្រកួតប្រជែងដើម្បីស្វែងរក​ការគាំទ្រ អ្នកនយោបាយគួរបង្ហាញគោលនយោបាយ និងទស្សនៈនយោបាយ ដែលគណបក្សរៀងៗខ្លួនបានលើកឡើង តែពេលវេលាផ្សេងៗទៀតដូចជាពេលវេលាធ្វើបុណ្យទាន ឬ​ក្នុងឱកាសមរណទុក្ខ បុណ្យប្រពៃណី ទំនៀមទម្លាប់ផ្សេងៗ អ្នកនយោបាយខ្មែរគួរតែយោគ​យល់និងអត់ឱនឱ្យគ្នាទៅវិញទៅមក ហើយសម្ដែងមរណទុក្ខ ឬជូនពរគ្នាទៅវិញទៅមក​ដើម្បីបង្ហាញសាមគ្គីភាព និងភារតភាពក្នុងនាមជាប្រជាជាតិដែលមានឈាមជ័រតែមួយ។ លោកបណ្ឌិត យង់ ពៅ បានលើកឧទាហរណ៍ ឥរិយាបថនយោបាយដែលតួនយោបាយពីរូបគឺសម្ដេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់បានដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍​អង្គរសង្ក្រាន្តនៅខេត្តសៀមរាប និងធ្លាប់ពិសារអាហារនៅតុរួមគ្នានាពេលកន្លងជាដើម សុទ្ធសឹងតែជាឥរិយាបថល្អ ដែលគប្បីរំឮកឡើងវិញនៅពេលនេះ។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា “ពេលធ្វើនយោបាយ អ្នកនយោបាយអាច​ធ្វើទៅ ឆ្លុះបញ្ចាំងទៅនូវទស្សនៈនយោបាយរៀងៗគ្នា គោលនយោបាយផ្សេងៗគ្នា បង្ហាញភាពល្អរៀងៗខ្លួនទៅ រីឯពេលវេលាធ្វើបុណ្យទានតាមប្រពៃណីខ្មែរ ទំនៀមទម្លាប់ខ្មែរ យើងគួរតែបង្ហាញនូវភាពចុះសម្រុងនៃខ្មែរ ភាពចុះសម្រុងនៃអារ្យធម៌ខ្មែរ ភាពចុះសម្រុងនៃសង្គមខ្មែរ ដែលនាំមកនូវភាពសុខដុមរមនាទាំងអស់គ្នា”។ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់បន្ថែមថា ប្រសិនបើអ្នកនយោបាយចេះបែងចែក រវាងពេលវេលានយោបាយ និងពេលវេលាចុះសម្រុងគ្នាធ្វើបុណ្យទាន ឬរំលែកមរណទុក្ខចំពោះគ្នា នោះសង្គមជាតិខ្មែរ នឹងមានវឌ្ឍនភាពល្អជាងនេះបន្ថែមទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបន្តថា ការលើកឡើងខាងលើ មិនមែនមានន័យថា មិនត្រូវមាន​អ្នកនយោបាយប្រឆាំងនោះទេ ប៉ុន្តែគួរតែប្រឆាំងនៅក្នុងទស្សនៈនយោបាយ និងគោលនយោបាយ ប៉ុន្តែភាពរួមគ្នានៃប្រជាជាតិខ្មែរ គួរតែមានអត្ថិភាពនៅក្នុងឱកាសបុណ្យទានជាដើម។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM
ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM

សេចក្តីប្រកាស