Royal Academy of Cambodia
នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោបាយមាននិន្នាការប្រឆាំងចំនួន២ ក្នុងសម្ព័ន្ធឆ្ពោះទៅអនាគត គឺគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានយកកម្រងផ្កាទៅរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ គណបក្សប្រឆាំងផ្សេងទៀតក៏បានធ្វើលិខិតចូលរួមសម្ដែងមរណទុក្ខផងដែរ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់សម្ដេចប្រធានគណបក្ស។ ចំពោះករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ការចូលរួមរំលែកទុក្ខពីសំណាក់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ទៅកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាឥរិយាបថនយោបាយដ៏ល្អមួយ ដែលបានឆ្លុះបញ្ចាំងអំពីវប្បធម៌នៅក្នុងសង្គមខ្មែរពិតប្រាកដ ដែលនៅក្នុងសង្គមខ្មែរ តែងតែមានការចែករំលែកសេចក្ដីសុខ និងសេចក្ដីទុក្ខគ្នាទៅវិញទៅមក ពិសេសនៅក្នុងឱកាសមរណទុក្ខ។ ដូច្នេះហើយ ការចូលរួមរបស់គណបក្សទាំងពីរ បានបង្ហាញថា ទោះបីជាអ្នកនយោបាយគណបក្សទាំងពីរ ដែលស្ថិតនៅក្នុងសម្ព័ន្ធភាពប្រឆាំងរាជរដ្ឋាភិបាលនៅក្នុងទស្សនៈនយោបាយក៏ដោយក្ដី ក៏អ្នកនយោបាយនៃគណបក្សទាំងពីរបានយល់ដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយនៅក្នុងករណីលើកនេះ អ្នកនយោបាយគណបក្សប្រឆាំងទាំងពីរពុំបានប្រកាន់ទស្សនៈប្រឆាំងប្ដូរផ្ដាច់នៅក្នុងនយោបាយ មកលូកឡំនៅក្នុងប្រពៃណីទំនៀមទម្លាប់ឡើយ។ ចំណុចនេះ បានឆ្លុះបញ្ចាំងអំពីឥរិយាបថថ្មីមួយ ដែលអ្នកនយោបាយខ្មែរពិតជាយល់ដឹង និងចេះរស់នៅក្នុងទំនៀមទម្លាប់ប្រពៃណីយោគយល់ និងចែករំលែកសេចក្ដីទុក្ខគ្នា។
បើតាមលោកបណ្ឌិត យង់ ពៅ ប្រការនេះបានបង្ហាញរូបភាពថា អ្នកនយោបាយខ្មែរនៅក្រៅរដ្ឋាភិបាល បានចាប់ផ្ដើមសម្របខ្លួនទទួលយកប្រពៃណីទំនៀមទម្លាប់ ក្នុងនាមប្រជាជាតិខ្មែរដូចគ្នា ជាជាងការប្រកាន់ជំហរប្រឆាំងឬយកគ្នាជាគូបដិបក្ខនៅគ្រប់ទិដ្ឋភាព និងគ្រប់ពេលវេលាដូចពេលកន្លងមក។
ខណៈដែលអ្នកនយោបាយខ្មែរបានបង្ហាញភាពចុះសម្រុងនៅក្នុងប្រពៃណី និងទំនៀមទម្លាប់ខ្មែរ លោកបណ្ឌិត បានកត់សម្គាល់ថា ការធ្វើនយោបាយគួរតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជែងគ្នានៅក្នុងទស្សនៈនយោបាយអភិវឌ្ឍជាតិ ជាជាងការប្រកាន់គ្នាជាសត្រូវស៊ីសាច់ហុតឈាមគ្នា។ លោកបណ្ឌិតបន្តថា នៅពេលប្រកួតប្រជែងដើម្បីស្វែងរកការគាំទ្រ អ្នកនយោបាយគួរបង្ហាញគោលនយោបាយ និងទស្សនៈនយោបាយ ដែលគណបក្សរៀងៗខ្លួនបានលើកឡើង តែពេលវេលាផ្សេងៗទៀតដូចជាពេលវេលាធ្វើបុណ្យទាន ឬក្នុងឱកាសមរណទុក្ខ បុណ្យប្រពៃណី ទំនៀមទម្លាប់ផ្សេងៗ អ្នកនយោបាយខ្មែរគួរតែយោគយល់និងអត់ឱនឱ្យគ្នាទៅវិញទៅមក ហើយសម្ដែងមរណទុក្ខ ឬជូនពរគ្នាទៅវិញទៅមកដើម្បីបង្ហាញសាមគ្គីភាព និងភារតភាពក្នុងនាមជាប្រជាជាតិដែលមានឈាមជ័រតែមួយ។ លោកបណ្ឌិត យង់ ពៅ បានលើកឧទាហរណ៍ ឥរិយាបថនយោបាយដែលតួនយោបាយពីរូបគឺសម្ដេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់បានដឹកដៃគ្នាទៅចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប និងធ្លាប់ពិសារអាហារនៅតុរួមគ្នានាពេលកន្លងជាដើម សុទ្ធសឹងតែជាឥរិយាបថល្អ ដែលគប្បីរំឮកឡើងវិញនៅពេលនេះ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា “ពេលធ្វើនយោបាយ អ្នកនយោបាយអាចធ្វើទៅ ឆ្លុះបញ្ចាំងទៅនូវទស្សនៈនយោបាយរៀងៗគ្នា គោលនយោបាយផ្សេងៗគ្នា បង្ហាញភាពល្អរៀងៗខ្លួនទៅ រីឯពេលវេលាធ្វើបុណ្យទានតាមប្រពៃណីខ្មែរ ទំនៀមទម្លាប់ខ្មែរ យើងគួរតែបង្ហាញនូវភាពចុះសម្រុងនៃខ្មែរ ភាពចុះសម្រុងនៃអារ្យធម៌ខ្មែរ ភាពចុះសម្រុងនៃសង្គមខ្មែរ ដែលនាំមកនូវភាពសុខដុមរមនាទាំងអស់គ្នា”។ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់បន្ថែមថា ប្រសិនបើអ្នកនយោបាយចេះបែងចែក រវាងពេលវេលានយោបាយ និងពេលវេលាចុះសម្រុងគ្នាធ្វើបុណ្យទាន ឬរំលែកមរណទុក្ខចំពោះគ្នា នោះសង្គមជាតិខ្មែរ នឹងមានវឌ្ឍនភាពល្អជាងនេះបន្ថែមទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានបន្តថា ការលើកឡើងខាងលើ មិនមែនមានន័យថា មិនត្រូវមានអ្នកនយោបាយប្រឆាំងនោះទេ ប៉ុន្តែគួរតែប្រឆាំងនៅក្នុងទស្សនៈនយោបាយ និងគោលនយោបាយ ប៉ុន្តែភាពរួមគ្នានៃប្រជាជាតិខ្មែរ គួរតែមានអត្ថិភាពនៅក្នុងឱកាសបុណ្យទានជាដើម។
RAC Media | លឹម សុវណ្ណរិទ្ធ
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រ...
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញ...