ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 2418
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅ...

2024-04-30 08:41:36   ថ្ងៃអង្គារ, 30 មេសា 2024 ម៉ោង 03:41 PM
ព្រែកជីកហ្វូណនតេជោ សមិទ្ធផលមិនធ្លាប់មានក្នុងរយៈពេលជាង ៤០០ឆ្នាំ និងជានិមិត្តរូបនៃស្មារតីឯកភាពជាតិដ៏មោះមុតបំផុតរបស់ខ្មែរ

ដោយ៖ លឹម សុវណ្ណរិទ្ធ ​ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា​បានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅ​តំបន់ដីសណ្ដទន្លេមេគង្គ...

2024-04-27 06:38:58   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 01:38 PM
បណ្ឌិត គិន ភា: «ប្រជាពលរដ្ឋខ្មែរមានក្តីរំភើប និងមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន សាងសង់ព្រែកជីកហ្វូណនតេជោ»

យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ព...

2024-04-27 05:09:55   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 12:09 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន តាមរយៈការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត...

2024-04-27 03:00:49   ថ្ងៃសៅរ៍, 27 មេសា 2024 ម៉ោង 10:00 AM
បណ្ឌិត យង់ ពៅ លើកបង្ហាញទិដ្ឋភាពចំនួន ៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉េរិក លើ «គម្រោងព្រែកជីកហ្វូណនតេជោ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉...

2024-04-26 03:46:32   ថ្ងៃសុក្រ, 26 មេសា 2024 ម៉ោង 10:46 AM
ព្រែកជីកហ្វូណនតេជោនាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ

គម្រោងព្រែក​ហ្វូណន​តេជោ​របស់ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ចំណុច​សំខាន់​នៃ​មោទនភាព​ជាតិ និង​សាមគ្គីភាព​ក្នុង​ចំណោម​ប្រជាជន​កម្ពុជានៅទូទាំងប្រទេស។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ មានគោលបំណងបង...

2024-04-26 03:40:06   ថ្ងៃសុក្រ, 26 មេសា 2024 ម៉ោង 10:40 AM

សេចក្តីប្រកាស