ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 2258
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​  សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...

2018-11-08 06:43:08   ថ្ងៃព្រហស្បតិ៍, 08 វិច្ឆិកា 2018 ម៉ោង 01:43 PM
«កិច្ចប្រជុំសម្រេចរចនាសម្ពន្ធ័​ តួនាទី​ ភារកិច្ច​ រូបសញ្ញា​សៀវភៅផ្នត់​ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារអនុវត្តឆ្នាំ២០១៩»

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង​ វណ្ណរិទ្ធ​ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម​ បានដឹកនាំអង្គប្រជ...

2018-11-07 14:25:38   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 09:25 PM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា ប...

2018-11-07 14:02:36   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 09:02 PM
«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»

ចុះផ្សាយថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេស...

2018-11-07 09:36:25   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 04:36 PM
«បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»

E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...

2018-11-07 08:38:52   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:38 PM
«និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»

ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្ស...

2018-11-07 08:17:46   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:17 PM

សេចក្តីប្រកាស