ព័ត៌មាន

បណ្ឌិត គិន ភា ៖ «កម្ពុជាបានបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាដ៏ឆ្នើមមួយរូបទៀតដ៏គួរឱ្យស្តាយស្រណោះបំផុត»

2025-03-31 23:40:18 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 06:40 AM
អ្នកមើល 2282
post_detail1

 

រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ បញ្ញវន្ត និងមិត្តភក្តិ ដែលបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

 

មរណភាពរបស់បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាការបាត់បង់អ្នកប្រាជ្ញភាសាវិទ្យាមួយរូបដ៏សំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជារបស់ជាតិខ្មែរយើងទាំងមូល។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ គឺជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្តជាតិនិងអន្តរជាតិ ក៏ដូចជាមជ្ឈដ្ឋានសិស្សនិស្សិតរបស់លោក និងទទួលបាននូវការកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះចំណេះដឹង ស្នាដៃ ទេពកោលសល្យ និងជំនាញភាសាវិទ្យារបស់លោក ដែលលំបាកនឹងរកអ្នកប្រដូចបាន។ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ បានខិតខំប្រឹងប្រែងពេញមួយជីវិតដោយមិនខ្លាចនឿយហត់រហូតដល់ដង្ហើមចុងក្រោយ ដើម្បីបុព្វហេតុភាសានិងអក្សរសាស្ត្រជាតិយើង។

 

ស្នាដៃចុងក្រោយរបស់លោកមុនលោកទទួលមរណភាព គឺ «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ម ភាគទី១ ក-ន ចេញផ្សាយគ្រាទី២ ឆ្នាំ២០២២»។ វចនានុក្រមភាសាខ្មែរបច្ចុប្បន្នរបស់លោក ពិតជាមានសារៈប្រយោជន៍យ៉ាងធំធេងក្នុងការអភិរក្សនិងអភិវឌ្ឍន៍ភាសានិងអក្សរសាស្ត្រជាតិយើង និងពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានភាពសម្បូរណ៍បែបនូវវចនានុក្រមភាសាខ្មែរ ព្រមទាំងជាឯកសារយោងដ៏សំខាន់ក្នុងការសរសេរនិងការអានភាសាខ្មែរយើងឱ្យបានត្រឹមត្រូវនិងមានឯកលក្ខណភាព។

 

ទោះបីជាមានវ័យជរាណាស់ទៅហើយក្តី លោកនៅតែខិតខំរៀបចំបន្ត «វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគីទី២» ទៀត តែមជ្ជុរាជឫស្យាមិនទុកពេលវេលាឱ្យលោកសម្រេចស្នាដៃរបស់លោកឱ្យចប់សព្វគ្រប់ឡើយ។ ជារឿយៗ លោកតែងតែណែនាំទូន្មានប្រៀនប្រដៅក្រុមការងារដែលជាសិស្សគណរបស់លោកឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងនិងបន្តស្នាដៃពីលោក។

 

មុនពេលទទួលមរណភាព លោកមិនបានដេកដួលចូលព្យាបាលជំងឺនៅមន្ទីរពេទ្យណាមួយឡើយ។ លោកនៅតែអង្គុយធ្វើការជាមួយសិស្សគណរបស់លោករហូតដល់ថ្ងៃផុតដង្ហើម។ គ្រប់វិនាទី លោកតែងតែរំពៃនឹងការងាររបស់លោកមិនដែលខានឡើយ។ លោកគឺជាអ្នកប្រាជ្ញមួយរូបដែលប្រជាជាតិខ្មែរទាំងមូលគួរតែចងចាំនិងផ្តល់តម្លៃចំពោះគុណបំណាច់ដ៏ធំធេងនិងគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក។

 

សារជាតិជាបញ្ញវន្តដែលស្លុងអារម្មណ៍តែនឹងការងារ រូបលោកមានវេទយិតភាពនយោបាយតិចតួចណាស់ ម្ល៉ោះហើយការលាដោយគ្មានថ្ងៃត្រឡប់របស់រូបលោកពីលោកយើងនេះ មិនមានមនុស្សច្រើនចាប់អារម្មណ៍ទេ ក្រៅតែពីសិស្សគណ បញ្ញវន្ត និងមិត្តភក្តិមួយចំនួនតូចដែលគោរព ស្រឡាញ់ និងរាប់អានរូបលោក។ ពិធីបុណ្យសពរបស់លោកបានប្រព្រឹត្តទៅយ៉ាងសាមញ្ញដោយមានភ្ញៀវពន្លឺមួយចំនួនចូលរួម ហើយក៏មិនមានគ្រឿងឥស្សរយយសអ្វី ត្រូវបានផ្តល់ជូនលោក ជាកិច្ចបច្ឆាមរណៈដែរ។

 

ក្នុងវិស័យភាសានិងអក្សរសាស្ត្រជាតិ រូបលោកប្រៀបដូចជាគ្រឹះផ្ទះដែលនៅកប់យ៉ាងជ្រៅនៅក្នុងដី សម្រាប់ទ្រទ្រង់តួផ្ទះដែលកំបាំងពីភ្នែកអ្នកផង ម្ល៉ោះហើយគ្រឹះដ៏រឹងមាំនេះ មិនបានបញ្ចេញសម្រស់ដូចហោជាងឬក្បាច់រចនាលម្អខាងក្រៅទេ។ នៅពេលមនុស្សភាគច្រើនចាប់អារម្មណ៍តែទៅលើទម្រង់ខាងក្រៅ គេនឹងភ្លេចគិតដល់ខ្លឹមសារខាងក្នុង ដូចគ្នានឹងការណ៍ដែលមនុស្សសរសើរតែរសផ្អែមនៃនំ ភ្លេចនឹកដល់គុណស្ករ។

 

រូបំ ទុក្ខំ អនិច្ចំ អនត្តា ជាក្រឹត្យក្រមធម្មជាតិមិនអាចគេចផុតឡើយ។ ការបាត់បង់រូបលោកគ្មានថ្ងៃវិលត្រឡប់នេះធ្វើឱ្យយើងខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបាន តែយើងគ្មានអ្វីតបស្នងលោកទេ មានតែការប្តេជ្ញារៀនសូត្រតាមគំរូវីរភាពដ៏ឧដុង្គឧត្តមរបស់លោក និងលំឱនកាយវាចាចិត្ដគោរពវិញ្ញាណក្ខន្ធលោក និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកបានយោនយកកំណើតកើតក្នុងទីដ៏ខ្ពង់ខ្ពស់នាឋានបរមសុខកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail

អត្ថបទទាក់ទង

«អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ» ទៅកាន់វត្តខ្មែរនៅកម្ពុជាក្រោម ផ្អែកទៅលើទិដ្ឋភាពស្មារតីឈាមជ័រនៃប្រជាជាតិខ្មែរតែមួយ

ដោយ៖ បណ្ឌិត យង់ ពៅ ការដង្ហែរអង្គកឋិនទានទៅកាន់វត្តខ្មែរកម្ពុជាក្រោម ដែលប្រកាសដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងដង្ហែរទៅដល់កម្ពុជាក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នា...

2024-10-08 03:13:15   ថ្ងៃអង្គារ, 08 តុលា 2024 ម៉ោង 10:13 AM
សំណើចរង្វាន់ស្រា ប្រហារសុខភាពប្រជា?

ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្នុងរយៈពេលចុងក្រោយថ្មីៗនេះ គេឃើញក្រុមហ៊ុនស្រាបៀរនៅកម្ពុជា​បាន​កំណត់ចេញនូវយុទ្ធសាស្ត្រទីផ្សារយ៉ាងរន្ថាន់ នៅក្នុងរូបភាពផ្ដល់ជារង្វាន់​ផ្សេងៗ​នៅ​ក្នុង​ក្រវិល​កំប៉ុងឬគម្របដបស្រាបៀ...

2024-09-27 03:28:50   ថ្ងៃសុក្រ, 27 កញ្ញា 2024 ម៉ោង 10:28 AM
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី « ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា កូរ៉េ ឡាវ និងវៀតណាម »

  នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាព KEI-RAC-LASES-VASS ល...

2024-09-26 03:50:33   ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 10:50 AM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ការងារបរិស្ថានមិនមែនជាការងារសម្រាប់តែប្រទេសកូរ៉េមួយនោះទេ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងសិក្ខាសាលារួមគ្នាដែលរៀបចំដោយវិទ្យាស្ថានបរិស្ថានកូរ៉េ  បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងស...

2024-09-26 02:45:12   ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 09:45 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំព...

2024-09-26 02:24:36   ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 09:24 AM
បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍

ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រ...

2024-09-25 03:56:04   ថ្ងៃពុធ, 25 កញ្ញា 2024 ម៉ោង 10:56 AM

សេចក្តីប្រកាស