ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

2025-03-31 03:56:02 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
អ្នកមើល 2024
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបាននោះឡើយ ព្រោះករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង។ លោកបណ្ឌិតបានលើកឡើងថា លោកពុំយល់ស្របនឹងការការជំរុញទាមទារពីសំណាក់បក្សប្រឆាំង ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដឹងករណីអធិបតេយ្យភាពលើកោះគុជទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះឡើយ ព្រោះការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងកោះគុជនោះ មិនមានផលចំណេញអ្វីសម្រាប់ប្រទេសកម្ពុជានោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា គេត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើ សន្ធិសញ្ញា ​បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ស្ដីពី ការកំណត់ព្រំដែនគោករវាងប្រទេសសៀម និងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងនាសម័យនោះ។ លោកបណ្ឌិតបានបន្តទៀតថា សន្ធិសញ្ញាដែលបារាំងក្នុងនាមជាប្រទេសម្ចាស់អាណានិគម​បានចុះហត្ថលេខា មានខ្លឹមសារគតិយុត្តិគ្រប់គ្រាន់នៅក្នុងការកំណត់ព្រំដែនអន្តរជាតិរបស់​ប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ ព្យាយាមសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យបានជាក់លាក់ទៅលើរាល់លិខិត ឯកសារ និងបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ជាតិ ជាជាងការប្រើប្រាស់​បញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិ ធ្វើជាឆ្នួនបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការខឹងស្អប់ ឬប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ តាមគ្រប់រូបភាព ទាំងនៅលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិនានា និងទាំងនៅក្នុងយន្តការចរចាទ្វេភាគីរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ក៏ដូចជាការខិតខំការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន ដែលមានគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee: GBC) ជាដើម។

សម្រាប់លោកបណ្ឌិត យង់ ពៅ នៅពេលដែលអ្នកនយោបាយបានជ្រួតជ្រាបអំពីស្ថានភាពជាក់ស្ដែង ទិដ្ឋភាពប្រវត្តិសាស្ត្រ និងខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងច្បាស់លាស់ និងប្រាកដប្រជាហើយ នោះគេនឹងអាចសម្រេចចិត្តជ្រើសរើសយកសេនារីយ៉ូណាមួយ ដែលសមស្របនិងធានាបាននូវឧត្ដមប្រយោជន៍ជាតិ។ លោកបណ្ឌិតបានបន្ថែមទៀតថា ទាំងអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ មិនគួរយក​បញ្ហាព្រំដែន ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយបម្រើប្រយោជន៍សួនតួ ឬដើម្បី​តែ​ប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់មហាជននោះទេ ព្រោះការពិតនៅតែជាការពិត ហើយប្រវត្តិសាស្ត្រនឹងឆ្លុះបញ្ចាំង អំពីចេតនាទុច្ចរឹតរបស់បុគ្គលទាំងឡាយណា ដែលលះ​បង់ប្រយោជន៍ជាតិ រួចក្រសោបយកតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងអ្នកធ្វើអត្ថាធិប្បាយទាំងអស់ ត្រូវមានជំហររួមគ្នាក្នុងបញ្ហាអធិប​តេយ្យភាពនិងបូរណភាពជាតិ ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» និង «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណត់បង្ហាញចោរ»។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាមទារឱ្យមេដឹកនាំយល់ច្បាស់ពីស្ថានការណ៍ពិតប្រាកដ ច្បាស់លាស់អំពីលិខិតបទដ្ឋានគតិយុត្តិ  ក៏ដូចជាមានយុទ្ធសាស្ត្រនៅក្នុងចរចាជាក់លាក់ ហើយនៅក្នុងករណី​ជាច្រើនមេដឹកនាំមានភាពចាំបាច់ក្នុងការថែរក្សាអាថ៌កំបាំង និងលទ្ធភាពយកប្រៀបមួយចំនួនទៅលើដៃគូ ដែលគេមិនអាចប្រកាសជាសាធារណៈ។ លោកបណ្ឌិតបានជំរុញឱ្យអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ពិនិត្យលទ្ធភាព ដើម្បីផ្ដល់យោបល់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សានិងការពារឧត្ដមប្រយោជន៍ជាតិ ជាជាងក្រសោបយកតែជ្រុងដែលខ្លួនអាចកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនបាន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:57 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   ថ្ងៃសុក្រ, 12 តុលា 2018 ម៉ោង 03:48 PM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:42 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅរសៀលថ្ងៃទី ៨ តុលានេះ»

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោ...

2018-10-10 16:08:14   ថ្ងៃពុធ, 10 តុលា 2018 ម៉ោង 11:08 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន»

នៅព្រឹកថ្ងៃសៅរ៍១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អ...

2018-10-06 07:22:38   ថ្ងៃសៅរ៍, 06 តុលា 2018 ម៉ោង 02:22 PM

សេចក្តីប្រកាស