ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង

2025-03-31 03:56:02 ថ្ងៃចន្ទ, 31 មីនា 2025 ម៉ោង 10:56 AM
អ្នកមើល 2023
post_detail1

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបាននោះឡើយ ព្រោះករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង។ លោកបណ្ឌិតបានលើកឡើងថា លោកពុំយល់ស្របនឹងការការជំរុញទាមទារពីសំណាក់បក្សប្រឆាំង ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដឹងករណីអធិបតេយ្យភាពលើកោះគុជទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះឡើយ ព្រោះការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងកោះគុជនោះ មិនមានផលចំណេញអ្វីសម្រាប់ប្រទេសកម្ពុជានោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា គេត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើ សន្ធិសញ្ញា ​បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ស្ដីពី ការកំណត់ព្រំដែនគោករវាងប្រទេសសៀម និងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងនាសម័យនោះ។ លោកបណ្ឌិតបានបន្តទៀតថា សន្ធិសញ្ញាដែលបារាំងក្នុងនាមជាប្រទេសម្ចាស់អាណានិគម​បានចុះហត្ថលេខា មានខ្លឹមសារគតិយុត្តិគ្រប់គ្រាន់នៅក្នុងការកំណត់ព្រំដែនអន្តរជាតិរបស់​ប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ ព្យាយាមសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យបានជាក់លាក់ទៅលើរាល់លិខិត ឯកសារ និងបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ជាតិ ជាជាងការប្រើប្រាស់​បញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិ ធ្វើជាឆ្នួនបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការខឹងស្អប់ ឬប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ តាមគ្រប់រូបភាព ទាំងនៅលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិនានា និងទាំងនៅក្នុងយន្តការចរចាទ្វេភាគីរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ក៏ដូចជាការខិតខំការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន ដែលមានគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee: GBC) ជាដើម។

សម្រាប់លោកបណ្ឌិត យង់ ពៅ នៅពេលដែលអ្នកនយោបាយបានជ្រួតជ្រាបអំពីស្ថានភាពជាក់ស្ដែង ទិដ្ឋភាពប្រវត្តិសាស្ត្រ និងខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងច្បាស់លាស់ និងប្រាកដប្រជាហើយ នោះគេនឹងអាចសម្រេចចិត្តជ្រើសរើសយកសេនារីយ៉ូណាមួយ ដែលសមស្របនិងធានាបាននូវឧត្ដមប្រយោជន៍ជាតិ។ លោកបណ្ឌិតបានបន្ថែមទៀតថា ទាំងអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ មិនគួរយក​បញ្ហាព្រំដែន ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយបម្រើប្រយោជន៍សួនតួ ឬដើម្បី​តែ​ប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់មហាជននោះទេ ព្រោះការពិតនៅតែជាការពិត ហើយប្រវត្តិសាស្ត្រនឹងឆ្លុះបញ្ចាំង អំពីចេតនាទុច្ចរឹតរបស់បុគ្គលទាំងឡាយណា ដែលលះ​បង់ប្រយោជន៍ជាតិ រួចក្រសោបយកតែផលប្រយោជន៍ផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងអ្នកធ្វើអត្ថាធិប្បាយទាំងអស់ ត្រូវមានជំហររួមគ្នាក្នុងបញ្ហាអធិប​តេយ្យភាពនិងបូរណភាពជាតិ ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» និង «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណត់បង្ហាញចោរ»។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាមទារឱ្យមេដឹកនាំយល់ច្បាស់ពីស្ថានការណ៍ពិតប្រាកដ ច្បាស់លាស់អំពីលិខិតបទដ្ឋានគតិយុត្តិ  ក៏ដូចជាមានយុទ្ធសាស្ត្រនៅក្នុងចរចាជាក់លាក់ ហើយនៅក្នុងករណី​ជាច្រើនមេដឹកនាំមានភាពចាំបាច់ក្នុងការថែរក្សាអាថ៌កំបាំង និងលទ្ធភាពយកប្រៀបមួយចំនួនទៅលើដៃគូ ដែលគេមិនអាចប្រកាសជាសាធារណៈ។ លោកបណ្ឌិតបានជំរុញឱ្យអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ពិនិត្យលទ្ធភាព ដើម្បីផ្ដល់យោបល់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សានិងការពារឧត្ដមប្រយោជន៍ជាតិ ជាជាងក្រសោបយកតែជ្រុងដែលខ្លួនអាចកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនបាន៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ការបិទការិយាល័យស្ថានទូតស៊ុយអែត ជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក

ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួង...

2024-09-17 07:18:08   ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 02:18 PM
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជ...

2024-09-17 03:48:23   ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 10:48 AM
បណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ចែករំលែកចំណេះដឹង និងមាតិកាប្រកបដោយធាតុចូលដល់សង្គមជាតិឱ្យបានទូលំទូលាយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបាន ជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភាក...

2024-09-11 09:27:36   ថ្ងៃពុធ, 11 កញ្ញា 2024 ម៉ោង 04:27 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ការដឹកនាំស្ថាប័នមួយបានល្អប្រសើរ លុះត្រាតែសហការីមានមនសិកាវិជ្ជាជីវៈសម្រាប់មុខតំណែងរៀងខ្លួន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋាន ដោយបានបន្តក្រើន...

2024-09-11 08:27:47   ថ្ងៃពុធ, 11 កញ្ញា 2024 ម៉ោង 03:27 PM
មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន៖ ស្មារតីជាតិខ្មែរតែមួយ ដើម្បីកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជា

ដោយ៖ បណ្ឌិត យង់ ពៅ ចាប់តាំងពីការចុះសិក្សាស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានរយៈពេលជិត១០មកហើយ។ នៅក្នុងពេលពេល ស្ថានភាពនយោបាយនៅកម្ពុជាមានកម្ដៅយ៉ាងខ្លាំង ពិសេសប្រធានបទល...

2024-09-11 04:35:27   ថ្ងៃពុធ, 11 កញ្ញា 2024 ម៉ោង 11:35 AM
ក្នុងនាមជារដ្ឋអធិបតេយ្យ ហេតុអ្វីកម្ពុជាគ្មានសិទ្ធិពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន?

ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីការស្នើសុំនាវាល្បាតពីសំណាក់កម្ពុជាទៅកាន់ចិន២គ្រឿង ដើម្បីពង្រឹងសមត្ថភាព និងសន្តិសុខកម្ពុជា ដែលនាវាទាំងពីរគ្...

2024-09-10 10:52:49   ថ្ងៃអង្គារ, 10 កញ្ញា 2024 ម៉ោង 05:52 PM

សេចក្តីប្រកាស