Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិបាននោះឡើយ ព្រោះករណីកោះគុជ (ថៃហៅថាកោះគុត) ខុសប្លែកពីករណីប្រាសាទព្រះវិហារ ទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពជាក់ស្ដែង។ លោកបណ្ឌិតបានលើកឡើងថា លោកពុំយល់ស្របនឹងការការជំរុញទាមទារពីសំណាក់បក្សប្រឆាំង ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដឹងករណីអធិបតេយ្យភាពលើកោះគុជទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនោះឡើយ ព្រោះការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅក្នុងសំណុំរឿងកោះគុជនោះ មិនមានផលចំណេញអ្វីសម្រាប់ប្រទេសកម្ពុជានោះឡើយ។ លោកបណ្ឌិតបានបញ្ជាក់ថា គេត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ទៅលើ សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ស្ដីពី ការកំណត់ព្រំដែនគោករវាងប្រទេសសៀម និងប្រទេសកម្ពុជាដែលស្ថិតនៅក្រោមអាណានិគមបារាំងនាសម័យនោះ។ លោកបណ្ឌិតបានបន្តទៀតថា សន្ធិសញ្ញាដែលបារាំងក្នុងនាមជាប្រទេសម្ចាស់អាណានិគមបានចុះហត្ថលេខា មានខ្លឹមសារគតិយុត្តិគ្រប់គ្រាន់នៅក្នុងការកំណត់ព្រំដែនអន្តរជាតិរបស់ប្រទេសកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ ព្យាយាមសិក្សាស្រាវជ្រាវ និងឈ្វេងយល់ឱ្យបានជាក់លាក់ទៅលើរាល់លិខិត ឯកសារ និងបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ជាតិ ជាជាងការប្រើប្រាស់បញ្ហាព្រំដែននិងអធិបតេយ្យភាពជាតិ ធ្វើជាឆ្នួនបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការខឹងស្អប់ ឬប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ តាមគ្រប់រូបភាព ទាំងនៅលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្តិនានា និងទាំងនៅក្នុងយន្តការចរចាទ្វេភាគីរវាងស្ថាប័នជំនាញនៃប្រទេសទាំងពីរ ក៏ដូចជាការខិតខំការពារ និងរក្សាឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាព្រំដែន ដែលមានគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee: GBC) ជាដើម។
សម្រាប់លោកបណ្ឌិត យង់ ពៅ នៅពេលដែលអ្នកនយោបាយបានជ្រួតជ្រាបអំពីស្ថានភាពជាក់ស្ដែង ទិដ្ឋភាពប្រវត្តិសាស្ត្រ និងខ្លឹមសារនៃឯកសារគតិយុត្តិពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងច្បាស់លាស់ និងប្រាកដប្រជាហើយ នោះគេនឹងអាចសម្រេចចិត្តជ្រើសរើសយកសេនារីយ៉ូណាមួយ ដែលសមស្របនិងធានាបាននូវឧត្ដមប្រយោជន៍ជាតិ។ លោកបណ្ឌិតបានបន្ថែមទៀតថា ទាំងអ្នកនយោបាយ និងអ្នកវិភាគទាំងឡាយ មិនគួរយកបញ្ហាព្រំដែន ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយបម្រើប្រយោជន៍សួនតួ ឬដើម្បីតែប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់មហាជននោះទេ ព្រោះការពិតនៅតែជាការពិត ហើយប្រវត្តិសាស្ត្រនឹងឆ្លុះបញ្ចាំង អំពីចេតនាទុច្ចរឹតរបស់បុគ្គលទាំងឡាយណា ដែលលះបង់ប្រយោជន៍ជាតិ រួចក្រសោបយកតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងអ្នកធ្វើអត្ថាធិប្បាយទាំងអស់ ត្រូវមានជំហររួមគ្នាក្នុងបញ្ហាអធិបតេយ្យភាពនិងបូរណភាពជាតិ ដូចសុភាសិតខ្មែរបានលើកឡើងថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» និង «ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណត់បង្ហាញចោរ»។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នៅក្នុងកិច្ចការដោះស្រាយបញ្ហាព្រំដែន ទាមទារឱ្យមេដឹកនាំយល់ច្បាស់ពីស្ថានការណ៍ពិតប្រាកដ ច្បាស់លាស់អំពីលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាមានយុទ្ធសាស្ត្រនៅក្នុងចរចាជាក់លាក់ ហើយនៅក្នុងករណីជាច្រើនមេដឹកនាំមានភាពចាំបាច់ក្នុងការថែរក្សាអាថ៌កំបាំង និងលទ្ធភាពយកប្រៀបមួយចំនួនទៅលើដៃគូ ដែលគេមិនអាចប្រកាសជាសាធារណៈ។ លោកបណ្ឌិតបានជំរុញឱ្យអ្នកនយោបាយ ក៏ដូចជាអ្នកធ្វើអត្ថាធិប្បាយទាំងឡាយ ពិនិត្យលទ្ធភាព ដើម្បីផ្ដល់យោបល់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកថែរក្សានិងការពារឧត្ដមប្រយោជន៍ជាតិ ជាជាងក្រសោបយកតែជ្រុងដែលខ្លួនអាចកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនបាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រ...
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញភ្នំពេញ៖ នៅក្នុងសិក្ខាសាលានាព្រឹកនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើបទបង្ហាញទៅលើប្រធានបទ ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅរា...
លោក អ៊ូ ធនសាល បានលើកឡើងថា ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីរាប់ទាំងប្រជាពលរដ្ឋគ្រប់រូបផងដែរ ហើយនាពេលបច្ចុប្បន្ន ដើម្បីជំរុញនិន្នាការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ រដ...
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្...
បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទ...
បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នា...