ព័ត៌មាន

ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី គ្រាន់តែជារូបថតនយោបាយ ដើម្បីបន្លឺសម្លេងរបស់ខ្លួន និងបញ្ជាក់ពីការមិនយល់ទាល់តែសោះអំពីស្ថានភាពពិតអំពីកម្ពុជា និងនិន្នាការសកលលោក

2025-03-28 09:34:19 ថ្ងៃសុក្រ, 28 មីនា 2025 ម៉ោង 04:34 PM
អ្នកមើល 2947
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា ការបង្កើតចលនានេះ ផ្ទុយទៅនឹងច្បាប់ដែលមានជាធរមាននៅកម្ពុជា ហើយទំនងជានឹងមិនមានឥទ្ធិពល​អ្វីគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ បើយោងទៅលើប្រជាប្រិយភាព និងជំនឿរបស់ប្រជាពលរដ្ឋឬអ្នកគាំទ្រទៅលើរូបលោកនិងក្រុមរបស់លោក។ លោកបណ្ឌិតបានបន្តថា បើគេពិនិត្យមើលទៅលើសមាសភាពនៃចលនានេះ ហាក់ពុំមានទម្ងន់នោះឡើយ ពោលគឺគ្រាន់តែជាការបង្កើតចលនាមួយ ដែលលោក សម រង្ស៊ី រំពឹងថារុញឱ្យមានចរន្តនយោបាយ​មួយកើតឡើងតាមការស្រមើលស្រមៃរបស់លោកតែប៉ុណ្ណោះ។ លោកបណ្ឌិតបានកត់សម្គាល់ថា លោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សប្រឆាំង តែងតែព្យាយាមបង្កើត​ ចលនានៅក្នុងទម្រង់និងឈ្មោះផ្សេងៗគ្នា បើទោះបីជាកន្លងមកគ្មានបានលទ្ធផលជាដុំកំភួនអ្វីក៏ដោយក្ដី។

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីមួយដែលអតីតអ្នកនយោបាយប្រឆាំងរូបនេះ ហៅថា ចលនាជាតិតស៊ូ នឹងមិនមានឥទ្ធិពលជាដុំកំភួនអ្វី ទៅលើនយោបាយនៃប្រទេសកម្ពុជានោះឡើយ ក៏ព្រោះថា ចលនានេះ គឺជាចលនាមួយដែល​បង្កើតឡើងដើម្បីឱ្យគេបានឮសម្លេងនយោបាយរបស់ខ្លួន ដោយក្រោយចលនាមួយបរាជ័យ អ្នកនយោបាយប្រឆាំងក៏ព្យាយាមប្រកាសបង្កើតចលនាមួយផ្សេងទៀតឥតឈប់ឈរ ដែល​នៅតែមិនអាចសម្រេចតាមគោលបំណង និងមហិច្ឆតានយោបាយរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ លោកបណ្ឌិតបានបន្តថា ចលនាជាតិតស៊ូ របស់លោក សម រង្ស៊ី ក្រៅតែពីជាចលនាដែលមិនមានតម្លៃគតិយុត្តិ (ប្រាសចាករដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន) របស់កម្ពុជា ចលនានេះក៏ត្រូវបានបង្កើតឡើងដោយសារតែផលប្រយោជន៍នយោបាយសួនតួ នៃអតីតប្រធានអតីតគណបក្សប្រឆាំង ដែលចង់បន្តជីវិតនយោបាយប្រឆាំង និងជាការសម្លឹងមើលផលប្រយោជន៍ថវិកាបន្តិចបន្តួចពីការកៀងគរពីសំណាក់អ្នកគាំទ្រមួយចំនួនតូច ដែលហាក់នៅសង្ឃឹមលើនយោបាយគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី និងក្រុមរបស់លោកតែប៉ុណ្ណោះ។

          ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកគាំទ្រដែលនៅក្នុងស្រុក និងក្រៅស្រុកទាំងអស់ គប្បីពិចារណាឱ្យបានស៊ីជម្រៅ ផ្អែកលើហេតុផល និងបទពិសោធន៍​និងផលវិបាកដែលអ្នកគាំទ្រនិងដើរតាមគន្លងនយោបាយដ៏ស្រពិចស្រពិលរបស់លោក សម រង្ស៊ី នាពេលកន្លងមកនេះ។ ចំពោះការថ្លែងអះអាងរបស់អតីតមេដឹកនាំនយោបាយប្រឆាំង ដែលថា ចលនានេះបង្កើតឡើងដើម្បីទាមទារ និងស្វែងរកសន្តិភាពពិតប្រាកដនៅកម្ពុជា​នោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការគិតរបស់លោក សម រង្ស៊ី និងក្រុមរបស់លោក ហាក់ស្ថិតនៅឆ្ងាយពីស្ថានភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជា ខណៈដែលពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស កំពុងតែរីករាយពីការទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខនៃសង្គមនិងសេដ្ឋកិច្ចជាតិ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀថា ទំនងបណ្ដាលមកពីលោក សម រង្ស៊ី បានចាកចេញពីប្រទេសអស់រយៈពេលយូរពេក ជាហេតុធ្វើឱ្យលោកពុំបានដឹងថា ពលរដ្ឋកំពុងតែត្រេកអរនៅក្នុងសង្គមសន្តិភាព តែបែរជាអ្នកនយោបាយប្រឆាំងរូបនេះ អំពាវនាវឱ្យពលរដ្ឋក្រោកឡើងស្វែងរកសន្តិភាពទៅវិញ។ សន្តិភាពដែលមានមូលដ្ឋានពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងឈានទៅសម្រេចបានសន្តិភាពពេញលេញនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ គឺជាសន្តិភាពដែលទទួលបានកម្រ និងដែលប្រជាពលរដ្ឋខ្មែរបានទទួលស្គាល់គុណបំណាច់របស់មេដឹកនាំកម្ពុជា នៅក្នុងការស្វែងរកសុខសន្តិភាពជូនជាតិនិងប្រជាជននោះ ពិតជាសន្តិភាពដែលមនុស្សទូទៅប្រាថ្នាចង់បាន និងចង់ថែរក្សាឱ្យខាងតែបាន។

          បើតាមលោកបណ្ឌិត យង់ ពៅ ការអំពាវនាវខាងលើរបស់លោក សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីការភ័ន្តច្រឡំ និងវាយម្លៃស្ថានភាពខុសពីការពិតជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែការអំពាវនាវនេះ ក៏បានប្រាសចាកអំពីឆន្ទៈ និងការចង់បានរបស់ប្រជាពលរដ្ឋខ្មែរជាទូទៅផងដែរ។ ហេតុនេះហើយ ការប្រកាសបង្កើតចលនាជាតិតស៊ូ ដែលលោក សម រង្ស៊ី អះអាងថាធ្វើឡើងដើម្បីស្វែងសន្តិភាពជូនប្រជាជនកម្ពុជានោះ គ្រាន់តែជាផ្សែងដែលបកកាត់មុខមហាជន ដែលគេមិនត្រឹមតែដើរទៅតាមផ្សែងនោះប៉ុណ្ណោះទេ តែថែមទាំងព្យាយាមចៀសចេញ ឬបកឱ្យផ្សែងនោះឆាប់ផុត ដើម្បីស្រូបយកនូវបរិយាកាសខ្យល់បរិសុទ្ធដែលគ្មានវត្តមានផ្សែងភ្លើងនោះថែមទៀតផង។

          បន្ថែមពីនេះ លោកបណ្ឌិតក៏បានថ្លែងអំពាវនាវដល់ពលរដ្ឋក្នុងនិងក្រៅប្រទេសមួយចំនួនតូច ដែលធ្លាប់បានលង់ជឿ ឬបន្តលង់ជឿដោយងងុបងងល់នឹងនយោបាយដុតបញ្ឆេះ​ប្រទេសជាតិរបស់ក្រុមប្រឆាំង ត្រូវគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងចៀសវាងពី​ការចូលរួមនៅក្នុងចលនាដែលមានត្រឹមរូបភាពជាអ្នកប្រឆាំងជ្រុលនិយម ងាកមកផ្ដោតលើ​ការចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាកោសិកាល្អ​របស់សង្គមជាតិ ជាជាងការភ្ជាប់ខ្លួនជាមួយនឹងទណ្ឌិត ដែលតែងតែគិតគូររិះរកវិធីសាស្ត្រដុតបំផ្លាញប្រទេសជាតិខ្លួន។ ការចូលរួមនៅក្នុងចលនា ឬការអំពាវនាវណាមួយរបស់ទណ្ឌិត ឬអតីតអ្នកនយោបាយប្រឆាំង ហើយធ្វើសកម្មភាពប្រាសចាកពីច្បាប់ជាធរមានរបស់ប្រទេស នោះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់សកម្មភាពដែលបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈជាក់ជាពុំខាន៕

RAC Media

អត្ថបទទាក់ទង

នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...

2022-01-26 12:59:34   ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...

2022-01-24 13:11:02   ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM

សេចក្តីប្រកាស