Royal Academy of Cambodia
ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកាសនៃការសម្ពោធមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនេះ មានការចោទជាសំណួរអំពីការប្រតិកម្មសារជាថ្មីពីសំណាក់ប្រទេសក្នុងតំបន់ និងមហាអំណាចមួយចំនួនអំពីឥទ្ធិពលយោធារបស់ចិននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា វឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់កម្ពុជា តាមរយៈសមិទ្ធផលថ្មីគឺមូលដ្ឋានសមុទ្ររាម ដែលជាការបោះជំហាននៅក្នុងការពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រទេសជាតិនីមួយៗ នៅក្នុងការល្បាតនិងការពារដែនអធិបតេយ្យភាពដែនសមុទ្ររបស់ខ្លួន។ បើតាមលោកបណ្ឌិត នេះជាគឺជាដំណើរការជាប្រក្រតីសម្រាប់ប្រទេសដែលមានដែនសមុទ្រ តែងតែមានកងទ័ពជើងទឹកដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការពារដែនសមុទ្ររបស់ខ្លួន ហើយករណីនេះក៏មិនមែនជាការត្រៀមលក្ខណៈនៅក្នុងការច្បាមឬដណ្ដើមដែនសមុទ្រប្រទេសណាមួយឡើយ ពោលគឺការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រងដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ។
លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ទៀតថា ប្រសិនបើប្រទេសមួយមានអធិបតេយ្យភាពលើដែនសមុទ្ររបស់ខ្លួនហើយ តែបែរជាមិនមានកំពង់ផែដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផ្ទុកនាវាយោធារបស់ខ្លួន សម្រាប់បម្រើដល់កិច្ចការងារល្បាតនិងគ្រប់គ្រងលម្ហដែនសមុទ្រ និងគាំទ្រដល់ប្រតិបត្តិការយោធាជើងទឹកផ្សេងៗ រាប់ចាប់តាំងពីប្រតិបត្តិការជំនួយមនុស្សធម៌ ក៏ដូចជាការពារដែនអធិបតេយ្យភាពលើផ្ទៃសមុទ្ររបស់ខ្លួន គឺជាចម្លែកទៅវិញនោះទេ។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជំហានដំបូងនៃមូលដ្ឋានសមុទ្ររាម គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តឆន្ទៈនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលមុន ដោយបានធ្វើឱ្យលេចចេញជារូបរាងពិតប្រាកដ។
ការពង្រឹងនិងពង្រីកសមត្ថភាពមូលដ្ឋានសមុទ្ររាម របស់ព្រះរាជាណាចក្រកម្ពុជា គឺជារឿងដ៏ចាំបាច់មួយសម្រាប់ប្រជាជាតិខ្មែរផ្ទាល់ ហើយដំណើរការអភិវឌ្ឍសមត្ថភាពការពារជាតិកម្ពុជា ក៏មិនគួរត្រូវបានបង្អាក់ដោយសារតែការរិះគន់ពីសំណាក់ប្រទេសណាមួយ ដោយយោងលើហេតុផលផ្ទាល់ខ្លួនរបស់ប្រទេសទាំងនោះដែរ ព្រោះប្រសិនបើកម្ពុជាបោះបង់សិទ្ធិពង្រឹងនិងអភិវឌ្ឍសមត្ថភាពការពារជាតិ ដោយសារតែហេតុផលប្រទេសដទៃ នោះគឺជាការខាតបង់ផលប្រយោជន៍ និងជាការសម្រេចចិត្តដ៏ខុសឆ្គងមួយចំពោះប្រជាជាតិនិងប្រជាជនកម្ពុជាផ្ទាល់។ សម្រាប់លោកបណ្ឌិត កម្ពុជាត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដោយយោងទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិជាធរមាន។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម មិនមានផលប៉ះពាល់ទៅដល់ប្រទេសជិតខាងកម្ពុជាដូចជាវៀតណាម ថៃ ឬឡាវ និងសូម្បីតែសហរដ្ឋអាម៉េរិកដែលស្ថិតនៅយ៉ាងឆ្ងាយពីដែនសមុទ្រកម្ពុជា។ ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម មិនបានប្រាសចាកពីខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឡើយ ប៉ុន្តែស្របគ្នាទៅនឹង រដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រា៥៣ វាក្យខណ្ឌទី៦ ដែលអនុញ្ញាតឱ្យកម្ពុជាទទួលជំនួយយោធាសព្វបែបយ៉ាងពីបណ្ដាប្រទេសជាមិត្តទាំងឡាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន៖ “ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ នៅក្នុងប្រទេសរបស់ខ្លួន។” ។ ហេតុនេះហើយ ក្នុងករណីដែលរដ្ឋបរទេសណាមួយមានសមានចិត្តជួយកម្ពុជាក្នុងវិស័យយោធា និងមានលក្ខខណ្ឌសមស្របនឹងកម្ពុជា នោះកម្ពុជាមានសិទ្ធិពិចារណាទទួលយក ព្រោះកម្ពុជាមិនអាចទុកឱ្យវិស័យកងទ័ពជើងទឹករបស់ខ្លួនបន្តមានភាពទន់ខ្សោយ ដោយគ្មានមូលដ្ឋានសមុទ្ររឹងមាំ និងគ្មានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឡើយ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា ការរិះគន់ពីបណ្ដាប្រទេសមួយចំនួន មកលើការអភិវឌ្ឍមូលដ្ឋានសមុទ្ររាម របស់កម្ពុជា ត្រូវបានលើកឡើងដោយយោងលើហេតុផលផ្សេងៗគ្នាដូចជា ការមិនបានយល់ច្បាស់លាស់, ប្រយោជន៍នៃភូមិសាស្ត្រនយោបាយ និងដោយសារតែការដុតរោលបញ្ហាក្នុងតំបន់ ជាជាងការព្រួយបារម្ភដែលលើកឡើងដោយផ្តោតលើផលប្រយោជន៍សម្រាប់កម្ពុជា។ ហេតុនេះហើយ លោកបណ្ឌិតបានសម្ដែងការគាំទ្រចំពោះការបន្តអភិវឌ្ឍសមត្ថភាពយោធារបស់កម្ពុជា ដោយផ្ដោតជាចម្បងទៅលើផលប្រយោជន៍ការពារជាតិ អធិបតេយ្យភាព និងប្រជាជនកម្ពុជា ពិសេសការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់កម្ពុជា ដែលបច្ចុប្បន្ននៅកម្រិតនៅឡើយនោះ៕
RAC Media
ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេ...
ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំប...
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...