Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដមសីហនុពីតំណែងប្រមុខរដ្ឋ មានរយៈពេល ៥៥ឆ្នាំកន្លងទៅហើយ ដែលបាននាំប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមជាង៣ទសវត្សរ៍ ដែលធ្វើឱ្យប្រទេសកម្ពុជារងគ្រោះដោយការបាត់បង់ធនធានមនុស្ស និងធនធានធម្មជាតិ ក៏ដូចជារចនាសម្ព័ន្ធសង្គម បានខ្ទេចខ្ទាំដល់ដំណាក់កាលសូន្យតែម្ដង ទម្រាំប្រទេសកម្ពុជាអាចស្វែងរកសន្តិភាពពេញលេញមកវិញនៅឆ្នាំ១៩៩៨ និងស្ដារសេដ្ឋកិច្ចនិងសង្គមឡើងវិញរហូតមកដល់បច្ចុប្បន្ន។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងអំពីដើមចមនៃការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីតំណែងប្រមុខរដ្ឋចំនួន ៥ចំណុចគឺ៖
១. ជាការប្រកួតប្រជែងមនោគមវិជ្ជាមូលធននិយម និងកុម្មុយនីស្តរបស់មហាអំណាចពិភពលោក នៅក្នុងដំណាក់កាលសង្គ្រាមត្រជាក់ ដែលបែងចែកពិភពលោកទៅតាមប្លុករៀងៗខ្លួន។ នៅក្នុងពេលនោះ មានការអូសទាញប្រទេសកម្ពុជាឱ្យចូលរួមនៅក្នុងប្លុករៀងៗពីសំណាក់មហាអំណាច ដែលជាហេតុធ្វើឱ្យសម្ដេចព្រះនរោត្ដម សីហនុ បានប្រកាសដាក់ប្រទេសកម្ពុជាក្នុងជំហរអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណាមួយឡើយ បើទោះបីជាមានការព្យាយាមទាញកម្ពុជាចូលក្នុងអង្គការសន្ធិសញ្ញាយោធាសេអាតូ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃការរីករាលដាលលទ្ធិកុម្មុយនីស្តនៅឥណ្ឌូចិនក្ដី។ នេះជាចំណាប់ផ្ដើមមួយដែលនាំទៅដល់វិបត្តិផ្សេងៗទៀតជាបន្តបន្ទាប់។
២. សង្គ្រាមឥណ្ឌូចិនលើកទីពីរ រវាងវៀតណាមនិងសហរដ្ឋអាម៉េរិក ដែលបានរុញច្រានវិបត្តិកម្ពុជា ឈានទៅដល់ការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ព្រោះសម្ដេចព្រះនរោត្ដម សីហនុ តែងតែប្រឆាំងតវ៉ាយ៉ាងដាច់អហង្ការចំពោះការទាញកម្ពុជាចូលក្នុងសង្គ្រាមនេះ និងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក ដែលបានទម្លាក់ចូលដែនបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលកាលនោះ សម្ដេចព្រះនរោត្ដមសីហនុធ្លាប់បានយកផែនទីប្រទេសកម្ពុជាចំនួន១៨ផ្ទាំង ទៅប្ដឹងតវ៉ានៅអង្គការសហប្រជាជាតិ ស្ដីពីការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាម៉េរិកចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ ពោលគឺមុនមួយឆ្នាំគត់នៃការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ លោកប្រធានាធិបតីអាម៉េរិក និច សុន បានដាក់ឈ្មោះដល់ប្រតិបត្តិការទម្លាក់គ្រាប់បែកជាសម្ងាត់មួយ មកលើប្រទេសកម្ពុជាថា “អាហារពេលព្រឹក”។ ក្រោយមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ ទើបលោក និច សុន បាន បង្ហាញពីផែនទីទម្លាក់គ្រាប់បែកលើប្រទេសកម្ពុជា នៅតាមកញ្ចក់ទូរទស្សន៍ ពាក់ព័ន្ធនឹងអន្តរាគមន៍យោធាដោយផ្ទាល់លើប្រទេសកម្ពុជា។
៣. វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលអូសបន្លាយពីវិបត្តិបង្កឡើងដោយការប្រកួតប្រជែងមនោគមវិជ្ជានយោបាយ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងវិបត្តិកើតចេញពីសង្គ្រាមវៀតណាមជាដើម ដែលបានឈានដល់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា និងការបិទច្រកពាណិជ្ជកម្មកម្ពុជាទាំងជាមួយប្រទេសថៃ និងទាំងជាមួយវៀតណាមខាងត្បូង ដែលនាំឱ្យកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនាពេលនោះ។
៤. វិបត្តិនយោបាយផ្ទៃក្នុង ដែលនាំទៅដល់ការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ដោយមានចរន្តឆ្វេងនិយម ចាប់ផ្ដើមបំផុសបំផុលនិងសម្ដែងការមិនពេញចិត្តចំពោះនយោបាយរបស់សម្ដេចព្រះនរោត្ដម សីហនុ ដោយសារខ្លួនចង់ឱបក្រសោបនយោបាយសហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម។
៥. ការជ្រៀតជ្រែកពីពិភពលោកខាងក្រៅ ទាំងបណ្ដាប្រទេសជិតខាង និងមហាអំណាចទាំងពីរមនោគមវិជ្ជានយោបាយ ដែលបានដុតរោលវិបត្តិកម្ពុជា នាំទៅដល់ចរន្តប្រឆាំងជាលក្ខណៈបាតុកម្ម និងចលនាតស៊ូ ដែលរាប់ចាប់តាំងពីចលនាខ្មែរសេរីដែលគាំទ្រដោយប្រទេសថៃនិងសហរដ្ឋអាម៉េរិក និងចលនាតស៊ូកុម្មុយនីស្តគាំទ្រដោយវៀតណាមខាងជើងនិងចិន។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាមេរៀនប្រវត្តិសាស្ត្រ ដែលខ្មែរគ្រប់រូប មិនថាជាពលរដ្ឋឬអ្នកនយោបាយទាំងក្នុងនិងក្រៅស្រុកនោះទេ ត្រូវតែសិក្សារៀនសូត្រឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងធ្វើយ៉ាងណាបញ្ចៀសឱ្យផុតពីការនាំប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងចេញពីប្រទេសដែលសម្បូរសប្បាយ មានមូលធនមនុស្សសម្រាប់ការអភិវឌ្ឍជាតិ ទៅជាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមរាប់ចាប់តាំងពីធនធានមនុស្ស និងរចនាសម្ព័ន្ធសង្គម ពោលគឺធ្លាក់ចុះដល់ចំណុចសូន្យ។ ទាំងនេះ គឺជាមេរៀនដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រ ដែលខ្មែរគ្រប់រូបត្រូវតែរៀនសូត្រ និងចៀសវាងឱ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ ហើយធ្លាក់ចូលក្នុងវិបត្តិជាថ្មីម្ដងទៀត។ បើតាមលោកបណ្ឌិត ដើម្បីចៀសផុតពីគ្រោះថ្នាក់សម្រាប់ជាតិនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពជាតិ ដែលផ្ដោតលើគ្រប់វិស័យទាំងអស់ ចៀសវាងការពឹងពាក់ទៅលើបរទេសទាំងស្រុងដូចអតីតកាល ព្រោះនៅពេលដែលជួបនឹងវិបត្តិនៃការប្រកួតប្រជែងមនោគមវិជ្ជានយោបាយដ៏ស្រួចស្រាល់នៅក្នុងសម័យសង្គ្រាមត្រជាក់ នៅពេលដែលកម្ពុជានៅទន់ខ្សោយ កម្ពុជាពិតជាមិនអាចគេចផុតពីការរងគ្រោះដោយសារតែការប្រកួតប្រជែងនោះឡើយ។
ដូច្នេះហើយ បើទោះបីជាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍ និងពង្រឹងទំនាក់ទំនងការបរទេសយ៉ាងល្អក៏ដោយក្ដី ប៉ុន្តែត្រូវធានាឱ្យបានថា គោលនយោបាយនិងយុទ្ធសាស្ត្រទាំងនេះ នឹងមានភាពជាក់ស្ដែងនៅក្នុងការអនុវត្តពិតប្រាកដ ធ្វើយ៉ាងណាធានាបាននូវសមត្ថភាពជាតិខ្លាំងក្លាឡើង និងមានលទ្ធភាពទប់ទល់នឹងសភាពការណ៍វិវត្តនៃនយោបាយសាកលលោកដែលប្រៀបបានទៅនឹងការរើឡើងវិញនៃសង្គ្រាមត្រជាក់ថ្មីរបស់ពិភពលោក ដែលបង្កទៅជាវិបត្តិនៅតាមតំបន់និងប្រទេសនានាលើពិភពលោក។ បន្ថែមពីនេះ កម្ពុជាត្រូវតែការពារស្ថិរភាពសង្គម និងនយោបាយ ឆ្ពោះទៅកាន់ការរក្សាបាននូវសន្តិភាពដែលកំពុងមានអត្ថិភាពឱ្យបានរឹងមាំ និងស្ថិតស្ថេរ ព្រោះប្រសិនបើប្រទេសជាតិបាត់បង់ស្ថិរភាពនយោបាយ និងបណ្ដាលឱ្យកើតចេញជាវិបត្តិផ្សេងៗទៀត ដែលនាំឱ្យសន្តិភាពប្រេះស្រាំ និងអាចធ្លាក់ចូលក្នុងជ្រោះនៃសង្គ្រាមសារជាថ្មី។ សម្រាប់លោកបណ្ឌិត ប្រសិនបើអ្នកនយោបាយបណ្ដោយឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមសារជាថ្មីនោះ ប្រទេសកម្ពុជាអាចនឹងពិបាកស្វែងរកសន្តិភាពឡើងវិញជាក់ជាមិនខាន ដូចជាបទពិសោធន៍ដែលកម្ពុជាធ្លាប់ជួបនៅក្នុងសតវត្សរ៍មុននេះជាក់ស្ដែង។
ជាមួយគ្នានេះដែរ នៅក្នុងបរិបទនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោកនាពេលបច្ចុប្បន្ន កម្ពុជាពិតជាគ្មានអ្វីក្រៅតែពីការប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងក្នុងមាត្រា ៥៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់ឱ្យបានដាច់ខាតថា កម្ពុជានឹងមិនចូលរួមក្នុងសម្ព័ន្ធយោធាណាមួយ ប្រឆាំងនឹងភាគីណាមួយឡើយ។ ទោះជាយ៉ាងណា កម្ពុជាក៏មានសិទ្ធិនៅក្នុងការទទួលយកជំនួយយោធា ការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនក្នុងន័យការពារខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការយោធាល្អជាមួយនឹងបណ្ដាមហាអំណាច និងបណ្ដាប្រទេសជាដៃគូនានា ដើម្បីថែរក្សានិងធានាបាននូវសន្តិសុខ និងសន្តិភាពក្នុងតំបន់ផងដែរ។
លើសពីនេះទៅទៀត កម្ពុជាត្រូវតែពង្រឹងការឯកភាពផ្ទៃក្នុងរបស់ខ្លួនជាចាំបាច់ ដើម្បីធានា។ ការឯកភាពផ្ទៃក្នុងនេះ ពុំសំដៅទៅលើការកំណត់ឱ្យមានគណបក្សនយោបាយតែមួយ ឬអវត្តមាននូវគណបក្សប្រឆាំងនោះទេ ប៉ុន្តែត្រូវធានាបានថា នៅពេលមានការតទល់ជាមួយនឹងបរទេស កម្ពុជាត្រូវតែមានការឯកភាពគ្នាជាធ្លុងមួយក្នុងនាមប្រជាជាតិខ្មែរ ដើម្បីការពារឧត្ដមប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន។ បន្ថែមពីលើនេះ កម្ពុជាក៏ត្រូវបន្តពង្រឹងនិងពង្រីកនយោបាយការបរទេសរបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងតួនាទីដ៏ចាំបាច់របស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីទាញយកសារៈប្រយោជន៍នានាពីដៃគូ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ៕
RAC Media
យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសប្រ...
តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យ...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសបិទកម្មវិធីវេទិកាគោលនយោបាយទំនាក់ទំនងអន្តរជាតិ ស្តីពី «ទ្វេគ្រោះសន្តិសុខក្នុងតំបន់ ៖ និន្នាការ ទិសដៅ និងការបំភាន់» កាលពីព្រឹកថ្ងៃទី១៩ ខ...
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ...
The Meeting followed up discussions by RAC experts at the provincial level on the project to develop landfill and waste-to-energy in Battambang province.រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលវេលាម៉ោង ១៤:៣០ នាទ...