ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ រឿងចរាចរណ៍ត្រូវដោះស្រាយដោយឈ្វេងយល់ឱ្យដល់ឫសគល់នៃបញ្ហា

2025-03-11 08:14:39 ថ្ងៃអង្គារ, 11 មីនា 2025 ម៉ោង 03:14 PM
អ្នកមើល 711
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាចរាចរណ៍ និងការរិះគន់ពីសាធារណជនចំពោះការរៀបចំចរាចរណ៍នោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ បានលើកឡើងថា ប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះនឹងបញ្ហាចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបង្កការប៉ះពាល់ផ្លូវអារម្មណ៍ចំពោះប្រជាពលរដ្ឋដែលត្រូវរង់​ចាំក្បួនធ្វើដំណើររបស់ថ្នាក់ដឹកនាំនិងប្រតិភូនានា ក្នុងឱកាសផ្សេងៗ។ ទោះជាយ៉ាងណា លោកបណ្ឌិតបានសង្កេតឃើញថា នៅតាមបណ្ដោយផ្លូវខ្លះដែលពុំមានក្បួនថ្នាក់ដឹកនាំឬប្រតិភូឆ្លងកាត់នោះ ហាក់ពុំទាន់បានរៀបចំបានល្អប្រសើរនៅឡើយទេ ។

          លោកបណ្ឌិត បានកត់សម្គាល់ថា នៅរាជធានីភ្នំពេញនៅពុំទាន់មានការបែងចែកផ្លូវសម្រាប់ថ្មើរជើង ផ្លូវសម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់គ្រាន់នៅឡើយ។ ម្យ៉ាងវិញទៀត ចិញ្ចើមផ្លូវនៅតាមមហាវិថីនិងផ្លូវជាច្រើន ត្រូវបានគេរំលោភបំពានយកធ្វើអាជីវកម្ម ឬចតរថយន្តយ៉ាងអាណាធិបតេយ្យ ជាហេតុបង្កការកកស្ទះនៅតាមផ្លូវនានា រួមផ្សំជាមួយនឹងការកកស្ទះដោយសារការបិទផ្លូវសម្រាប់ក្បួនថ្នាក់ដឹកនាំ ឬក្បួនគណៈប្រតិភូផ្សេង​ៗ ធ្វើឱ្យស្ថានភាពចរាចរណ៍កកស្ទះកាន់តែខ្លាំងឡើងថែមទៀត។

          លោកបណ្ឌិត យង់ ពៅ បានបន្តថា នៅក្នុងទិដ្ឋភាពខ្លះ ការបញ្ជៀសទិសចរាចរណ៍​ហាក់ដូចជាមិនស្របទៅនឹងស្ថានភាពផ្លូវជាក់ស្ដែង ដូចជាការហាមឃាត់មិនឱ្យឆ្លងកាត់ផ្លូវក្នុងរយៈពេលយូរ ជាហេតុបណ្ដាលឱ្យចរន្តចរាចរណ៍នៅជាប់គាំងតាមផ្លូវផ្សេងៗទៀត ដែលត្រង់ចំណុចនេះ ទាមទារឱ្យនគរបាលចរាចរណ៍ ត្រូវស្វែងយល់ពីស្ថានភាពភាពជាក់ស្ដែង វាយតម្លៃ និងដោះស្រាយការសម្រួលចរាចរណ៍ឱ្យលក្ខណៈកាន់តែបត់បែន ឆ្លើយតបទៅ​នឹងករណីនៅចំពោះមុខនៅតាមគោលដៅនីមួយៗ។ លោកបណ្ឌិតបានបន្ថែមថា នគរបាល​ចរាចរណ៍គប្បីឈ្វេងយល់ឱ្យបានកាន់តែជាក់លាក់បន្ថែមទៀត រវាងស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ និងផលវិបាក ក៏ដូចជាការខាតបង់សេដ្ឋកិច្ចបង្កមកពីការបិទផ្លូវរាប់ម៉ោងដែលនៅក្នុងករណីខ្លះពុំមានចាំបាច់ការចាំបាច់ក៏ដោយក្ដី។ ត្រង់ចំណុច ភាគីពាក់ព័ន្ធ​ចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រសម្របសម្រួល ជាជាងរង់ចាំសារពីប្រមុខរាជរដ្ឋាភិបាល។ បើតាមលោកបណ្ឌិត យង់ ពៅ ករណីខ្លះគឺជាបញ្ហាដែលកើតមានឡើងជាដដែលៗ ដោយសារតែមិនមានការស្វែងយល់ឱ្យដល់ឫសគល់នៃបញ្ហា បណ្ដាលមកពីគ្មានការសិក្សាស្រាវជ្រាវ ធ្វើការងារតាមទម្លាប់ និងមិនបានវាយតម្លៃស្ថានភាពជាក់ស្ដែង។

          ជាមួយគ្នានេះដែរ ថ្វីដ្បិតតែនគរបាលភាគច្រើនបានបំពេញការងារប្រកបដោយមនសិការ និងទំនួលខុសត្រូវនៅក្នុងការសម្រួលចរាចរណ៍ក្ដី ប៉ុន្តែគេក៏ត្រូវយកចិត្តទុកដាក់លើចំណុចអសកម្មផ្សេងៗដែលបង្កឡើងដោយមន្ត្រីនគរបាលមួយចំនួនតូច ដែលឆ្លៀតឱកាសប្រើប្រាស់តួនាទីក្នុងមុខតំណែងរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំអំពីករណីនគរបាលចរាចរណ៍ខ្លះ បានផាកពិន័យដោយមិនសមហេតុផល ឬមិនប្រក្រតី តាមរយៈការគំរាមក្នុងរូបភាពផ្សេងៗជាដើម។ ជាការពិតណាស់ ដូចដែលថ្នាក់ដឹកនាំនគរបាលចរាចរណ៍បានលើកឡើង ថវិកាដែលបានមកពីការ​ផាកពិន័យ ភាគច្រើនត្រូវផ្ដល់ទៅដល់មន្ត្រីនគរបាលចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ ហើយថវិកាតិចតួចបំផុតដែលត្រូវបានដាក់បញ្ចូលទៅស្ថាប័ន និងក្នុងថវិការដ្ឋ។ ត្រង់ចំណុច​នេះត្រូវបានមន្ត្រីនគរបាលខ្លះ យល់ថាការផាកពិន័យគឺដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់របស់ខ្លួននិងក្រុមខ្លួន មិនមែនជាការផាកពិន័យដើម្បីជំរុញឱ្យពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍នោះទេ។ ករណីនេះ ត្រូវបានពលរដ្ឋមួយចំនួនលើកឡើងជាចំណោទថា ការផ្ដល់ថវិកាភាគច្រើនលើសលុបដែលបានមកពីការផាកពិន័យ ទៅឱ្យមន្ត្រីនគរបាលចរាចរណ៍បានធ្វើឱ្យមន្ត្រីនគរបាលខ្លះ បំពេញការងារក្នុងការអនុវត្តច្បាប់ចរាចរណ៍ក្នុងរូបភាពចង់ឱ្យពលរដ្ឋបំពានច្បាប់ចរាចរណ៍ ដើម្បីខ្លួនបានផាកពិន័យទៅវិញ។ សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងករណីខ្លះទៀត នគរបាលចរាចរណ៍មួយចំនួន ហាក់អនុវត្តការផាកពិន័យពុំមានសមធម៌នោះទេ បើគេប្រៀបធៀបការផាកពិន័យរវាងពលរដ្ឋទូទៅ និងបុគ្គលដែលបើកបររថយន្តទំនើប ឬឡានស្លាកលេខពិសេសបញ្ជាក់ពីស័ក្តិយសជាដើម ហាក់ធ្វើឱ្យមន្ត្រីនគរបាលមួយចំនួនតូចមិនហ៊ានឃាត់ ឬចាប់ផាកពិន័យ ជាហេតុធ្វើឱ្យពលរដ្ឋ​មើលបំណាំគ្នា ដោយសារតែការអនុវត្តច្បាប់មិនស្មើភាពគ្នា។

          ជាដំណោះស្រាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើង៥ចំណុចដូចខាងក្រោម៖

ទី១ ត្រូវជំរុញនិងពង្រឹងការអនុវត្តច្បាប់​ដោយសមភាព ស្មើមុខមាត់ និងមិនគួរអនុវត្តច្បាប់តែទៅលើប្រជាពលរដ្ឋទន់ខ្សោយនោះទេ គឺត្រូវតែអនុវត្តដោយសមធម៌ចំពោះមនុស្សទូទៅនៅក្នុងសង្គម។

ទី២ នគរបាលចរាចរណ៍មិនគួរមាននិន្នាការគិតថា ការអនុវត្តច្បាប់ចរាចរណ៍គឺជាមុខរបរ​ផ្ទាល់ខ្លួន ដែលខ្លួនអាចស្វែងរកប្រាក់ចំណូលបន្ថែមនោះទេ គឺត្រូវឈរនៅលើគោលការណ៍​ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាជាងការសម្លុតគំរាម ឬបំភិត​បំភ័យពលរដ្ឋដើម្បីទទួលបានផលលាភផ្សេងៗ។

ទី៣ ត្រូវពង្រឹងការយល់ដឹងអំពីច្បាប់ សារាចរណែនាំ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃស្ថាប័នសាមីរបស់ខ្លួន ចៀសវាងការអនុវត្ត​ដែលប្រាសចាកទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តិទាំងនេះ។

ទី៤ អាជ្ញាធរមានសមត្ថកិច្ច គប្បីរៀបចំគំនូសចរាចរណ៍ឱ្យបានគ្រប់ទីកន្លែង និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ និងឯកភាពគ្នានៅគ្រប់ទីតាំងទាំងអស់។

ទី៥ គួរហ៊ានទទួលស្តាប់ទស្សនៈមហាជន និងមានការសិក្សាស្រាវជ្រាវទៅលើបញ្ហាចរាចរណ៍ ដោយឈរនៅលើគោលការណ៍វិទ្យាសាស្ត្រ ដើម្បីបញ្ចៀសឱ្យបាននូវការប្រទាំងប្រទើសជាមួយនឹងការយល់ឃើញរបស់ប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ និងបោះឆ្នោតជូន​៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ពិធីការពារ និក្ខេបទសាកល្បង ថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា»

នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិ...

2018-05-26 01:57:43   ថ្ងៃសៅរ៍, 26 ឧសភា 2018 ម៉ោង 08:57 AM
គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...

2018-05-25 17:45:04   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 12:45 AM
«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូ...

2018-05-25 16:47:09   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 11:47 PM
ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ...

2018-05-18 14:15:45   ថ្ងៃសុក្រ, 18 ឧសភា 2018 ម៉ោង 09:15 PM
សហប្រតិបត្តិការ ដើម្បីជនរួមជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងមន្ទីរពេទ្យ...

2018-05-15 21:30:34   ថ្ងៃអង្គារ, 15 ឧសភា 2018 ម៉ោង 04:30 AM
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបត...

2018-05-11 03:19:06   ថ្ងៃសុក្រ, 11 ឧសភា 2018 ម៉ោង 10:19 AM

សេចក្តីប្រកាស