Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបញ្ហាចរាចរណ៍ និងការរិះគន់ពីសាធារណជនចំពោះការរៀបចំចរាចរណ៍នោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ បានលើកឡើងថា ប្រជាពលរដ្ឋទូទៅតែងតែជួបប្រទះនឹងបញ្ហាចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលបង្កការប៉ះពាល់ផ្លូវអារម្មណ៍ចំពោះប្រជាពលរដ្ឋដែលត្រូវរង់ចាំក្បួនធ្វើដំណើររបស់ថ្នាក់ដឹកនាំនិងប្រតិភូនានា ក្នុងឱកាសផ្សេងៗ។ ទោះជាយ៉ាងណា លោកបណ្ឌិតបានសង្កេតឃើញថា នៅតាមបណ្ដោយផ្លូវខ្លះដែលពុំមានក្បួនថ្នាក់ដឹកនាំឬប្រតិភូឆ្លងកាត់នោះ ហាក់ពុំទាន់បានរៀបចំបានល្អប្រសើរនៅឡើយទេ ។
លោកបណ្ឌិត បានកត់សម្គាល់ថា នៅរាជធានីភ្នំពេញនៅពុំទាន់មានការបែងចែកផ្លូវសម្រាប់ថ្មើរជើង ផ្លូវសម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់គ្រាន់នៅឡើយ។ ម្យ៉ាងវិញទៀត ចិញ្ចើមផ្លូវនៅតាមមហាវិថីនិងផ្លូវជាច្រើន ត្រូវបានគេរំលោភបំពានយកធ្វើអាជីវកម្ម ឬចតរថយន្តយ៉ាងអាណាធិបតេយ្យ ជាហេតុបង្កការកកស្ទះនៅតាមផ្លូវនានា រួមផ្សំជាមួយនឹងការកកស្ទះដោយសារការបិទផ្លូវសម្រាប់ក្បួនថ្នាក់ដឹកនាំ ឬក្បួនគណៈប្រតិភូផ្សេងៗ ធ្វើឱ្យស្ថានភាពចរាចរណ៍កកស្ទះកាន់តែខ្លាំងឡើងថែមទៀត។
លោកបណ្ឌិត យង់ ពៅ បានបន្តថា នៅក្នុងទិដ្ឋភាពខ្លះ ការបញ្ជៀសទិសចរាចរណ៍ហាក់ដូចជាមិនស្របទៅនឹងស្ថានភាពផ្លូវជាក់ស្ដែង ដូចជាការហាមឃាត់មិនឱ្យឆ្លងកាត់ផ្លូវក្នុងរយៈពេលយូរ ជាហេតុបណ្ដាលឱ្យចរន្តចរាចរណ៍នៅជាប់គាំងតាមផ្លូវផ្សេងៗទៀត ដែលត្រង់ចំណុចនេះ ទាមទារឱ្យនគរបាលចរាចរណ៍ ត្រូវស្វែងយល់ពីស្ថានភាពភាពជាក់ស្ដែង វាយតម្លៃ និងដោះស្រាយការសម្រួលចរាចរណ៍ឱ្យលក្ខណៈកាន់តែបត់បែន ឆ្លើយតបទៅនឹងករណីនៅចំពោះមុខនៅតាមគោលដៅនីមួយៗ។ លោកបណ្ឌិតបានបន្ថែមថា នគរបាលចរាចរណ៍គប្បីឈ្វេងយល់ឱ្យបានកាន់តែជាក់លាក់បន្ថែមទៀត រវាងស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញ និងផលវិបាក ក៏ដូចជាការខាតបង់សេដ្ឋកិច្ចបង្កមកពីការបិទផ្លូវរាប់ម៉ោងដែលនៅក្នុងករណីខ្លះពុំមានចាំបាច់ការចាំបាច់ក៏ដោយក្ដី។ ត្រង់ចំណុច ភាគីពាក់ព័ន្ធចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រសម្របសម្រួល ជាជាងរង់ចាំសារពីប្រមុខរាជរដ្ឋាភិបាល។ បើតាមលោកបណ្ឌិត យង់ ពៅ ករណីខ្លះគឺជាបញ្ហាដែលកើតមានឡើងជាដដែលៗ ដោយសារតែមិនមានការស្វែងយល់ឱ្យដល់ឫសគល់នៃបញ្ហា បណ្ដាលមកពីគ្មានការសិក្សាស្រាវជ្រាវ ធ្វើការងារតាមទម្លាប់ និងមិនបានវាយតម្លៃស្ថានភាពជាក់ស្ដែង។
ជាមួយគ្នានេះដែរ ថ្វីដ្បិតតែនគរបាលភាគច្រើនបានបំពេញការងារប្រកបដោយមនសិការ និងទំនួលខុសត្រូវនៅក្នុងការសម្រួលចរាចរណ៍ក្ដី ប៉ុន្តែគេក៏ត្រូវយកចិត្តទុកដាក់លើចំណុចអសកម្មផ្សេងៗដែលបង្កឡើងដោយមន្ត្រីនគរបាលមួយចំនួនតូច ដែលឆ្លៀតឱកាសប្រើប្រាស់តួនាទីក្នុងមុខតំណែងរបស់ខ្លួន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំអំពីករណីនគរបាលចរាចរណ៍ខ្លះ បានផាកពិន័យដោយមិនសមហេតុផល ឬមិនប្រក្រតី តាមរយៈការគំរាមក្នុងរូបភាពផ្សេងៗជាដើម។ ជាការពិតណាស់ ដូចដែលថ្នាក់ដឹកនាំនគរបាលចរាចរណ៍បានលើកឡើង ថវិកាដែលបានមកពីការផាកពិន័យ ភាគច្រើនត្រូវផ្ដល់ទៅដល់មន្ត្រីនគរបាលចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ ហើយថវិកាតិចតួចបំផុតដែលត្រូវបានដាក់បញ្ចូលទៅស្ថាប័ន និងក្នុងថវិការដ្ឋ។ ត្រង់ចំណុចនេះត្រូវបានមន្ត្រីនគរបាលខ្លះ យល់ថាការផាកពិន័យគឺដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់របស់ខ្លួននិងក្រុមខ្លួន មិនមែនជាការផាកពិន័យដើម្បីជំរុញឱ្យពលរដ្ឋចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍នោះទេ។ ករណីនេះ ត្រូវបានពលរដ្ឋមួយចំនួនលើកឡើងជាចំណោទថា ការផ្ដល់ថវិកាភាគច្រើនលើសលុបដែលបានមកពីការផាកពិន័យ ទៅឱ្យមន្ត្រីនគរបាលចរាចរណ៍បានធ្វើឱ្យមន្ត្រីនគរបាលខ្លះ បំពេញការងារក្នុងការអនុវត្តច្បាប់ចរាចរណ៍ក្នុងរូបភាពចង់ឱ្យពលរដ្ឋបំពានច្បាប់ចរាចរណ៍ ដើម្បីខ្លួនបានផាកពិន័យទៅវិញ។ សម្រាប់លោកបណ្ឌិត យង់ ពៅ នៅក្នុងករណីខ្លះទៀត នគរបាលចរាចរណ៍មួយចំនួន ហាក់អនុវត្តការផាកពិន័យពុំមានសមធម៌នោះទេ បើគេប្រៀបធៀបការផាកពិន័យរវាងពលរដ្ឋទូទៅ និងបុគ្គលដែលបើកបររថយន្តទំនើប ឬឡានស្លាកលេខពិសេសបញ្ជាក់ពីស័ក្តិយសជាដើម ហាក់ធ្វើឱ្យមន្ត្រីនគរបាលមួយចំនួនតូចមិនហ៊ានឃាត់ ឬចាប់ផាកពិន័យ ជាហេតុធ្វើឱ្យពលរដ្ឋមើលបំណាំគ្នា ដោយសារតែការអនុវត្តច្បាប់មិនស្មើភាពគ្នា។
ជាដំណោះស្រាយ លោកបណ្ឌិត យង់ ពៅ បានលើកឡើង៥ចំណុចដូចខាងក្រោម៖
ទី១ ត្រូវជំរុញនិងពង្រឹងការអនុវត្តច្បាប់ដោយសមភាព ស្មើមុខមាត់ និងមិនគួរអនុវត្តច្បាប់តែទៅលើប្រជាពលរដ្ឋទន់ខ្សោយនោះទេ គឺត្រូវតែអនុវត្តដោយសមធម៌ចំពោះមនុស្សទូទៅនៅក្នុងសង្គម។
ទី២ នគរបាលចរាចរណ៍មិនគួរមាននិន្នាការគិតថា ការអនុវត្តច្បាប់ចរាចរណ៍គឺជាមុខរបរផ្ទាល់ខ្លួន ដែលខ្លួនអាចស្វែងរកប្រាក់ចំណូលបន្ថែមនោះទេ គឺត្រូវឈរនៅលើគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាជាងការសម្លុតគំរាម ឬបំភិតបំភ័យពលរដ្ឋដើម្បីទទួលបានផលលាភផ្សេងៗ។
ទី៣ ត្រូវពង្រឹងការយល់ដឹងអំពីច្បាប់ សារាចរណែនាំ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃស្ថាប័នសាមីរបស់ខ្លួន ចៀសវាងការអនុវត្តដែលប្រាសចាកទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តិទាំងនេះ។
ទី៤ អាជ្ញាធរមានសមត្ថកិច្ច គប្បីរៀបចំគំនូសចរាចរណ៍ឱ្យបានគ្រប់ទីកន្លែង និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវ និងឯកភាពគ្នានៅគ្រប់ទីតាំងទាំងអស់។
ទី៥ គួរហ៊ានទទួលស្តាប់ទស្សនៈមហាជន និងមានការសិក្សាស្រាវជ្រាវទៅលើបញ្ហាចរាចរណ៍ ដោយឈរនៅលើគោលការណ៍វិទ្យាសាស្ត្រ ដើម្បីបញ្ចៀសឱ្យបាននូវការប្រទាំងប្រទើសជាមួយនឹងការយល់ឃើញរបស់ប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ និងបោះឆ្នោតជូន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្លែងនៅក្នុងសុន្ទុរកថាបើកសិក្ខាសាលាស្តីពីការបង្ហាញសៀវភៅ«ភាសាខ្មែរ» ដែលបានរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ...
ថ្លែងក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖អ៊ីរ៉ង់៖លោកត...
ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទីក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ ប...
វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...