ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

2025-02-25 09:50:01 ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM
អ្នកមើល 1022
post_detail1

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា គឺជាការសម្រេចចិត្តដោយផ្អែកទិដ្ឋភាពសំខាន់ៗចំនួន៥គឺ ១. អធិបតេយ្យនយោបាយការបរទេស ២. គោរពច្បាប់អន្តរជាតិ/ជាតិ ៣. គោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន ៤. គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកដែនបំបែករដ្ឋ ៥. កម្ពុជា ធ្លាប់ត្រូវគេឈ្លានពានជាហូរហែរ។

          ១- កម្ពុជាមានអធិបតេយ្យភាពនយោបាយការបរទេសពេញលេញ

          លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កម្ពុជាបានសម្រេចចិត្តបន្តរក្សាជំហររបស់ខ្លួននៅក្នុងសំណុំរឿងអ៊ុយក្រែន ដែលធ្លាប់បានបង្ហាញជំហរការទូតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនរួចម្ដងមកហើយ។ កម្ពុជាដែលមានអធិបតេយ្យនយោបាយការបរទេសពេញលេញរបស់ខ្លួន នៅក្នុងការសម្រេចចិត្តលើសំណុំរឿងអន្តរជាតិផ្សេងៗ ដោយឈរលើជំហរកម្ពុជាដោយផ្ទាល់ មិនចំណុះជំហរឬផ្អែកលើមហាអំណាចណាមួយឡើយ ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ។

          ២- កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពច្បាប់ជាតិ/អន្តរជាតិ

          កម្ពុជាបានបោះឆ្នោត ដោយយោងទៅលើការគោរពនូវច្បាប់អន្តរជាតិ តួយ៉ាង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ជាតិ ដែលមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  ជាគោលចម្បង នៅក្នុងការសម្រេចចិត្តនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន តួយ៉ាងស្របទៅនឹងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន។ កម្ពុជាដែលជានិច្ចកាល តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់ ពិតជាមិនចង់ឃើញមានការអនុវត្តនៃបណ្ដាប្រទេសទាំងឡាយណា ដែលរំលោភបំពាន ឬមើលរំលងនូវបទដ្ឋានគតិយុត្តិទាំងក្នុងកម្រិតជាតិនិងអន្តរជាតិឡើយ។ ត្រង់ចំណុចនេះ មានន័យថា កម្ពុជាបោះឆ្នោតដោយឈរលើគោលការណ៍គោរពនិយាមជាតិនិងអន្តរជាតិ។

          ៣- កម្ពុជាគាំទ្រគោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន

          ប្រទេសកម្ពុជា ដែលជារៀងដរាបរហូតមក បានគាំទ្រនូវគោលការណ៍សន្តិសហវិជ្ជមាន គោរពផលប្រយោជន៍ផងគ្នា ពិសេសគោលការណ៍ប្រឆាំងនឹងការឈ្លានពានពីប្រទេសធំឬប្រទេសខ្លាំងទៅលើប្រទេសតូច ឬប្រទេសទន់ខ្សោយ ដែលជាគោលការណ៍ដឹកនាំដោយតាមលក្ខណៈធម្មជាតិ ជាជាងគោលការណ៍នៅក្នុងយុគសម័យទំនើបដែលរដ្ឋទាំងឡាយត្រូវគោរពនិងផ្ដល់តម្លៃគ្នាទៅវិញទៅមក។ បើតាមលោកបណ្ឌិត ការប្រើប្រាស់គោលការណ៍ប្រទេសធំឬខ្លាំងរំលោភបំពានទៅលើប្រទេសតូចឬខ្សោយ មិនអាចធានាបាននូវសន្តិភាព និងសន្តិសុខ ក៏ដូចជាភាពសុខដុមនៃពិភពលោកបាននោះឡើយ តែផ្ទុយមកវិញ ថែមទាំងបានបណ្ដុះនូវអស្ថិរភាព និងវប្បធម៌អន្តរាគមន៍ដោយយោធាចំពោះគ្រប់បញ្ហាក្នុងពិភពលោកទៅវិញទេ។

          ៤- គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកបំបែករដ្ឋ

          ស្របគ្នាទៅនឹងគោលការណ៍មិនឈ្លានជ្រៀតជ្រែកកិច្ចការងារនៃរដ្ឋដទៃដែលកម្ពុជា ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដែរ ការប្រើប្រាស់នយោបាយពុះច្រៀកបំបែករដ្ឋដទៃ គឺជារឿងដែលមេដឹកនាំកម្ពុជាយល់ឃើញថា មិនគួរកើតមាននៅក្នុងសហវត្សរ៍ថ្មីនោះឡើយ ពោលគឺប្រទេសនីមួយៗ មានសិទ្ធិ និងអធិបតេយ្យភាពពេញលេញ នៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិខ្លួន ជាជាងរងការបំបែកបំបាក់ ឬប្រើប្រាស់យុទ្ធសាស្ត្របំបែកទឹកដី ដើម្បីបម្រើផលប្រយោជន៍នយោបាយឬភូមិសាស្ត្រនយោបាយរបស់មហាអំណាចនីមួយៗ។

          ៥- កម្ពុជាធ្លាប់រងគ្រោះដោយសារតែការឈ្លានពាន

          កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដែលមហាអំណាចបានរំលោភបំពាន និងឈ្លានពាន ដោយសារហេតុផលប្រកួតប្រជែងមនោគមវិជ្ជា និងបែងចែកភូមិសាស្ត្រនយោបាយគ្នាដើម្បីគ្រប់គ្រងនោះ ពិតជាស្អប់ខ្ពើម និងមិនចង់មើលឃើញរូបភាពនេះកើតឡើងជាថ្មីទៅលើប្រទេសណាមួយ ក្នុងតំបន់ និងក្នុងពិភពលោកនោះឡើយ ព្រោះប្រទេសនិងប្រជាជនកម្ពុជាផ្ទាល់ ធ្លាប់បានហែលឆ្លង រងទុក្ខវេទនាឆ្អែតឆ្អន់ហើយ និងមិនចង់ឱ្យប្រទេសឬប្រជាជននៃជាតិសាសន៍ណាមួយក្នុងពិភពលោកបានពើបប្រទះនឹងបទពិសោធន៍ដ៏ជូរចត់ដូចគ្នានេះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមទេសចរណ៍កម្ពុជា និងសណ្ឋាគារធំៗចំនួន៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...

2021-12-13 11:59:26   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 06:59 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី៣)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-13 07:47:13   ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 02:47 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:19 PM
Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM

សេចក្តីប្រកាស