ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN

2025-02-25 09:50:01 ថ្ងៃអង្គារ, 25 កុម្ភៈ 2025 ម៉ោង 04:50 PM
អ្នកមើល 1048
post_detail1

          នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា គឺជាការសម្រេចចិត្តដោយផ្អែកទិដ្ឋភាពសំខាន់ៗចំនួន៥គឺ ១. អធិបតេយ្យនយោបាយការបរទេស ២. គោរពច្បាប់អន្តរជាតិ/ជាតិ ៣. គោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន ៤. គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកដែនបំបែករដ្ឋ ៥. កម្ពុជា ធ្លាប់ត្រូវគេឈ្លានពានជាហូរហែរ។

          ១- កម្ពុជាមានអធិបតេយ្យភាពនយោបាយការបរទេសពេញលេញ

          លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កម្ពុជាបានសម្រេចចិត្តបន្តរក្សាជំហររបស់ខ្លួននៅក្នុងសំណុំរឿងអ៊ុយក្រែន ដែលធ្លាប់បានបង្ហាញជំហរការទូតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនរួចម្ដងមកហើយ។ កម្ពុជាដែលមានអធិបតេយ្យនយោបាយការបរទេសពេញលេញរបស់ខ្លួន នៅក្នុងការសម្រេចចិត្តលើសំណុំរឿងអន្តរជាតិផ្សេងៗ ដោយឈរលើជំហរកម្ពុជាដោយផ្ទាល់ មិនចំណុះជំហរឬផ្អែកលើមហាអំណាចណាមួយឡើយ ជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ។

          ២- កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពច្បាប់ជាតិ/អន្តរជាតិ

          កម្ពុជាបានបោះឆ្នោត ដោយយោងទៅលើការគោរពនូវច្បាប់អន្តរជាតិ តួយ៉ាង ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ជាតិ ដែលមានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  ជាគោលចម្បង នៅក្នុងការសម្រេចចិត្តនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន តួយ៉ាងស្របទៅនឹងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន។ កម្ពុជាដែលជានិច្ចកាល តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ឯករាជ្យដោយផ្អែកលើច្បាប់ ពិតជាមិនចង់ឃើញមានការអនុវត្តនៃបណ្ដាប្រទេសទាំងឡាយណា ដែលរំលោភបំពាន ឬមើលរំលងនូវបទដ្ឋានគតិយុត្តិទាំងក្នុងកម្រិតជាតិនិងអន្តរជាតិឡើយ។ ត្រង់ចំណុចនេះ មានន័យថា កម្ពុជាបោះឆ្នោតដោយឈរលើគោលការណ៍គោរពនិយាមជាតិនិងអន្តរជាតិ។

          ៣- កម្ពុជាគាំទ្រគោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន

          ប្រទេសកម្ពុជា ដែលជារៀងដរាបរហូតមក បានគាំទ្រនូវគោលការណ៍សន្តិសហវិជ្ជមាន គោរពផលប្រយោជន៍ផងគ្នា ពិសេសគោលការណ៍ប្រឆាំងនឹងការឈ្លានពានពីប្រទេសធំឬប្រទេសខ្លាំងទៅលើប្រទេសតូច ឬប្រទេសទន់ខ្សោយ ដែលជាគោលការណ៍ដឹកនាំដោយតាមលក្ខណៈធម្មជាតិ ជាជាងគោលការណ៍នៅក្នុងយុគសម័យទំនើបដែលរដ្ឋទាំងឡាយត្រូវគោរពនិងផ្ដល់តម្លៃគ្នាទៅវិញទៅមក។ បើតាមលោកបណ្ឌិត ការប្រើប្រាស់គោលការណ៍ប្រទេសធំឬខ្លាំងរំលោភបំពានទៅលើប្រទេសតូចឬខ្សោយ មិនអាចធានាបាននូវសន្តិភាព និងសន្តិសុខ ក៏ដូចជាភាពសុខដុមនៃពិភពលោកបាននោះឡើយ តែផ្ទុយមកវិញ ថែមទាំងបានបណ្ដុះនូវអស្ថិរភាព និងវប្បធម៌អន្តរាគមន៍ដោយយោធាចំពោះគ្រប់បញ្ហាក្នុងពិភពលោកទៅវិញទេ។

          ៤- គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀកបំបែករដ្ឋ

          ស្របគ្នាទៅនឹងគោលការណ៍មិនឈ្លានជ្រៀតជ្រែកកិច្ចការងារនៃរដ្ឋដទៃដែលកម្ពុជា ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានដែរ ការប្រើប្រាស់នយោបាយពុះច្រៀកបំបែករដ្ឋដទៃ គឺជារឿងដែលមេដឹកនាំកម្ពុជាយល់ឃើញថា មិនគួរកើតមាននៅក្នុងសហវត្សរ៍ថ្មីនោះឡើយ ពោលគឺប្រទេសនីមួយៗ មានសិទ្ធិ និងអធិបតេយ្យភាពពេញលេញ នៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិខ្លួន ជាជាងរងការបំបែកបំបាក់ ឬប្រើប្រាស់យុទ្ធសាស្ត្របំបែកទឹកដី ដើម្បីបម្រើផលប្រយោជន៍នយោបាយឬភូមិសាស្ត្រនយោបាយរបស់មហាអំណាចនីមួយៗ។

          ៥- កម្ពុជាធ្លាប់រងគ្រោះដោយសារតែការឈ្លានពាន

          កម្ពុជាដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម ដែលមហាអំណាចបានរំលោភបំពាន និងឈ្លានពាន ដោយសារហេតុផលប្រកួតប្រជែងមនោគមវិជ្ជា និងបែងចែកភូមិសាស្ត្រនយោបាយគ្នាដើម្បីគ្រប់គ្រងនោះ ពិតជាស្អប់ខ្ពើម និងមិនចង់មើលឃើញរូបភាពនេះកើតឡើងជាថ្មីទៅលើប្រទេសណាមួយ ក្នុងតំបន់ និងក្នុងពិភពលោកនោះឡើយ ព្រោះប្រទេសនិងប្រជាជនកម្ពុជាផ្ទាល់ ធ្លាប់បានហែលឆ្លង រងទុក្ខវេទនាឆ្អែតឆ្អន់ហើយ និងមិនចង់ឱ្យប្រទេសឬប្រជាជននៃជាតិសាសន៍ណាមួយក្នុងពិភពលោកបានពើបប្រទះនឹងបទពិសោធន៍ដ៏ជូរចត់ដូចគ្នានេះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM

សេចក្តីប្រកាស