ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន

2025-02-14 01:56:46 ថ្ងៃសុក្រ, 14 កុម្ភៈ 2025 ម៉ោង 08:56 AM
អ្នកមើល 1623
post_detail1

          នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញរបស់វិទ្យាស្ថានមួយនៃប្រតេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថា ស្ដីពី «បទពិសោធន៍ក្នុងការកសាងប្រទេសជាតិ ដែលចាប់ផ្ដើមចេញពីការកសាងសន្តិភាព រហូតដល់ការអភិវឌ្ឍប្រទេសកម្ពុជា»

          ប្រទេសកម្ពុជានិងឥណ្ឌូណេស៊ី គឺជាប្រទេសជាមិត្តល្អនឹងគ្នា ក្នុងនាមជាសមាជិកអង្គការតំបន់គឺ អាស៊ាន ដែលតែងតែជ្រោមជ្រែងគ្នានៅក្នុងគ្រាលំបាក ពិសេសការចូលរួមជ្រោមជ្រែងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលឥណ្ឌូណេស៊ី ធ្លាប់ជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីស ដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា ពោលគឺ ឥណ្ឌូណេស៊ីជាប្រទេសដែលបានជួយជ្រោមជ្រែងកម្ពុជានាអតីតកាល ក្នុងនាមជាប្រទេសមានឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកឯការអញ្ជើញសម្ដេចតេជោ ឱ្យទៅថ្លែងសុន្ទរកថា ស្ដីពី បទពិសោធន៍ក្នុងការកសាងប្រទេសជាតិ ដោយកសាងសន្តិភាពនិងអភិវឌ្ឍប្រទេសកម្ពុជា គឺជាការទទួលស្គាល់នូវបទពិសោធន៍ និងតួនាទីរបស់សម្ដេច នៅក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ដែលគួរត្រូវបានសិក្សាស្វែងយល់ និងយកជាគម្រូតាម។

          លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់បន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយ ដែលគេអាចចាត់ទុកបានថាជា «គ្រូបង្គោលសន្តិភាពរបស់អាស៊ាន» ព្រោះគេពិតជាបានដឹងថា កម្ពុជា គឺជាប្រទេសធ្លាប់ដោយសារសង្គ្រាមមនោគមវិជ្ជា និងសង្គ្រាមស៊ីវិលផ្ទៃក្នុងដ៏រ៉ាំរ៉ៃមួយនៅក្នុងតំបន់នាពេលអតីតកាល ហើយការនាំយកនាវាកម្ពុជា ដែលបានស្គាល់នូវការបែកបាក់ផ្ទៃក្នុង និងសង្គ្រាមហែកហួរគ្នាអស់ជាង៣ទសវត្សរ៍ គឺជាករណីពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រសម្រាប់ស្ថានការណ៍នយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ លោកបណ្ឌិតបានបន្តថា សម្ដេចតេជោ ហ៊ុន សែន គឺជាតួអង្គនយោបាយដ៏មានសារៈសំខាន់បំផុតមួយ ដែលបានចាប់ផ្ដើមកិច្ចសន្ទនាជាមួយនឹងព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្ដមសីហនុ ដែលជាឥស្សរជននយោបាយដ៏មានឥទ្ធិពលក្នុងនយោបាយកម្ពុជា ដើម្បីឈានទៅកាន់ការចរចារវាងគូបដិបក្ខខ្មែរគ្រប់និន្នាការនយោបាយនិងកម្លាំងតស៊ូ។

          ជារពិតណាស់ ការជ្រោមជ្រែងពីសំណាក់អង្គការតំបន់ (អាស៊ាន) និងអង្គការសហប្រជាជាតិ ពិតជាចំណែកមួយដែលនាំឱ្យលេចជារូបរាងនៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ប៉ុន្តែតួនាទីរបស់សម្ដេចតេជោ ដែលតំណាងឱ្យសាធារណរដ្ឋប្រជាមានិតខ្មែរ ដែលកាន់កាប់ទឹកដីប្រទេសកម្ពុជាស្ទើរតែទាំងស្រុងនោះ គឺជាជំហានមួយដ៏សំខាន់និងចាំបាច់បំផុត ដើម្បីបញ្ចប់ជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជានាពេលនោះ។ ប្រសិនបើគ្មាន ជំហរនយោបាយដ៏មុតមាំរបស់សម្ដេចតេជោ នៅក្នុងការចាប់ផ្ដើមចូលតុចរចាជាមួយនឹងរដ្ឋាភិបាលត្រីភាគីនោះទេ ក៏គ្មានដែរនូវកញ្ចប់ដំណោះស្រាយនៃជម្លោះនយោបាយរវាងកម្លាំងតស៊ូខ្មែរគ្រប់ភាគី រហូតឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

          សម្ដេចតេជោ ហ៊ុន សែន គឺជាតួអង្គនយោបាយដ៏លេចធ្លោ នៅក្នុងដំណើរការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ដែលជាប្រជាជាតិមួយធ្លាក់ខ្ទេចខ្ទីនៅក្នុងសង្គ្រាម និងទទួលបាននូវសន្តិភាពដែលមានលក្ខណៈពេញលេញ បញ្ចប់នូវការគ្រប់គ្រងតាមរបៀបស្បែកខ្លា ព្រមទាំងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ន។ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោរហូតដល់នីតិកាលទី៦នៃរដ្ឋសភា មិនត្រឹមតែបានកសាងសន្តិភាពពេញលេញ និងអភិវឌ្ឍប្រទេសជាតិខ្លួនប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមស្វែងរកសន្តិភាពឱ្យបណ្ដាជាច្រើននៅលើពិភពលោកផងដែរ តាមរយៈការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ កងកម្លាំងរបស់កម្ពុជាបានដើរតួនាទីនិងចូលរួមដោយផ្ទាល់ក្នុងនាមជាកងកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលបានអនុវត្តរហូតមកដល់បច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏បានចូលរួមជាទស្សនទាននយោបាយនៅក្នុងការជ្រោមជ្រែង ជំរុញការដោះស្រាយវិបត្តិផ្សេងៗដោយសន្តិវិធី ទាំងករណី វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាឧបទ្វីបកូរ៉េ និងការប្រឈមមុខគ្នារវាងគូភាគីនៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។

          បន្ថែមពីលើនេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ បានពង្រឹងតួនាទីរបស់ខ្លួនកាន់តែប្រសើរនៅក្នុងឆាកតំបន់និងអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ជំនួបនៃមេដឹកនាំកម្រិតតំបន់ និងពិភពលោកជាច្រើន ដើម្បីពិនិត្យ ជជែកពិភាក្សាអំពីបញ្ហាតំបន់និងពិភពលោក។ ជាក់ស្ដែង ក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន រហូតដល់ទៅ៣ដង និងកិច្ចប្រជុំ ក៏ដូចជាជំនួបសំខាន់ៗជាច្រើនទៀតដូចជា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាដើម សុទ្ធសឹងតែត្រូវបានរៀបចំឡើងដើម្បីជជែក និងស្វែងរកដំណោះស្រាយលើបញ្ហាសាកលជាច្រើន។

          បច្ចុប្បន្ន ថ្វីដ្បិតតែសម្ដេចតេជោបានក្លាយទៅជាប្រធានព្រឹទ្ធសភា ក៏កម្ពុជានៅតែបន្តដើរតួនាទីជាម្ចាស់ផ្ទះនៃវេទិកាសាកលនិងវេទិកាកម្រិតតំបន់នានា ដើម្បីអនុញ្ញាតឱ្យបណ្ដាប្រទេសជាដៃគូ និងមហាអំណាចជួបជជែកពិភាក្សាគ្នាលើបញ្ហាប្រឈមជាសាកលនានា។ ប្រការទាំងនេះ បានបង្ហាញអំពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ នៅក្នុងការកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជារដ្ឋឯករាជ្យ អធិបតេយ្យ និងម្ចាស់ការ ដោយមិនត្រឹមតែស្វែងរកសន្តិភាពពេញលេញសម្រាប់កម្ពុជាខ្លួនឯងនោះទេ ថែមទាំងបានក្លាយជាសមាជិកដ៏សកម្មរបស់អាស៊ាននៅក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពជូនប្រទេសក្នុងតំបន់និងពិភពលោក ក៏ដូចជាចូលរួមជាសកម្មភាពជាក់ស្ដែង និងប្រកបដោយផ្លែផ្កានៅក្នុងការថែរក្សាសន្តិភាពពិភពលោក ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។ ដូច្នេះហើយ បទពិសោធន៍ក្នុងការកសាងប្រទេសជាតិ ដែលចាប់ផ្ដើមចេញពីការកសាងសន្តិភាព រហូតដល់ការអភិវឌ្ឍប្រទេសកម្ពុជា របស់សម្ដេចតេជោ គឺជាមេរៀនដែលមនុស្សជំនាន់ក្រោយគួរតែសិក្សាស្វែងយល់ និងរៀនសូត្រ ក៏ដូចជាដកស្រង់ជាគម្រូដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានានៅក្នុងតំបន់ និងពិភពលោកទាំងមូល៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន និងមន្ត្រីក្រោមឱវាទចំនួន១១រូប កាលពីព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុ...

2019-09-12 04:11:30   ថ្ងៃព្រហស្បតិ៍, 12 កញ្ញា 2019 ម៉ោង 11:11 AM
«អាស៊ានគឺជាកន្លែងប្រកួតប្រជែងរបស់មហាអំណាច»

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត...

2019-09-09 13:21:06   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 08:21 PM
នាព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទីចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី ដែលស្ថិតនៅមុខអគារឥន្ទ្រីទេវីនៃរា...

2019-09-09 04:46:27   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 11:46 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទស្សនវិជ្ជា៥ ដែលព្រះនាងឥន្ទ្រទេវីបានក្លាយទៅជានិមិត្តរូបនៃវិស័យអប់រំរបស់ខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន...

2019-09-09 03:34:16   ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 10:34 AM
«កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញលើវិស័យស្រាវជ្រាវ»

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យត្រាវិញ ខេត្តត្រាវិញប្រទេសវៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត...

2019-09-07 05:47:26   ថ្ងៃសៅរ៍, 07 កញ្ញា 2019 ម៉ោង 12:47 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...

2019-09-05 02:54:56   ថ្ងៃព្រហស្បតិ៍, 05 កញ្ញា 2019 ម៉ោង 09:54 AM

សេចក្តីប្រកាស