Royal Academy of Cambodia
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរដ្ឋអាម៉េរិករយៈពេល ៩០ថ្ងៃ។ គេហទំព័ររបស់ USAID ត្រូវបានបិទលើអ៊ីនធឺណិតយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលធ្វើឱ្យបុគ្គលិកអង្គការនេះរាប់ពាន់នាក់ប្រឈមមុខនឹងការបណ្តេញចេញពីការងារ និងការព្យួរកម្មវិធីភ្លាមៗ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្នាក់ការកណ្តាលទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ត្រូវបានជូនដំណឹងឱ្យបិទ ហើយបុគ្គលិកត្រូវបានតម្រូវឱ្យធ្វើការពីផ្ទះ។ លោក Elon Musk រដ្ឋមន្រ្តីក្រសួងជំរុញប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក បានចោទប្រកាន់ USAID ថា ជា «អង្គការឧក្រិដ្ឋកម្ម» ខណៈ លោក Trump បានបន្ទរស្រដៀងគ្នានេះដោយនិយាយថា USAID ត្រូវបានគ្រប់គ្រងដោយ «មនុស្សលីលា»។ លោក Elon Musk បានបញ្ជាក់ថា លោក Trump បានគាំទ្រគោលបំណងបិទទីភ្នាក់ងារនេះ។ ជាមួយគ្នានេះ លោក Trump ក៏បានតែងតាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក Marco Rubio ជានាយកស្ដីទីនៃទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ផងដែរ ដោយលើកឡើងថា ជំនួយរបស់ទីភ្នាក់ងារនេះមិនបានបម្រើផលប្រយោជន៍ជាតិចម្បងរបស់សហរដ្ឋអាម៉េរិកនោះទេ។
ជាការពិតណាស់ សម្រាប់កម្ពុជា ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពិតជាបានចូលរួមចំណែកជំរុញវិស័យអប់រំ កសិកម្មនិងសន្តិសុខស្បៀង បរិស្ថាន សេដ្ឋកិច្ច សុខុមាលភាពនិងសុខភាពសាធារណៈ ក៏ដូចជាការជំរុញអភិបាលកិច្ច ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមរយៈការជំរុញបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋជាដើម។ ជាង៣ទសវត្សរ៍ចុងក្រោយនេះ USAID ផ្ដល់ជំនួយដល់កម្ពុជាប្រមាណ ៣ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក ខណៈនៅក្នុងឆ្នាំ២០២៤ ទីភ្នាក់ងារនេះបានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ៥៥លានដុល្លារសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោក ដូណាល់ ត្រាំ លោកពិតជានៅតែផ្ដោតជាសំខាន់ទៅលើគោលនយោបាយ អាម៉េរិកជាចម្បង (American First) ដែលមានលក្ខណៈខ្វល់ខ្វាយតែបញ្ហាផ្ទាល់របស់សហរដ្ឋអាម៉េរិក ជាជាងផ្ដោតលើភាពជាអ្នកដឹកនាំពិភពលោក ហេតុនេះ ការផ្ដល់ជំនួយជាសាកល អាចនឹងមិនត្រឹមតែត្រូវបានផ្អាកក្នុងរយៈពេល៣ខែខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែពិតជានឹងមានការប្រែប្រួលយ៉ាងធំទាំងសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ ត្រង់ចំណុចនេះ ទាមទារឱ្យបណ្ដាប្រទេសទាំងឡាយ ពិសេសកម្ពុជាផ្ទាល់ ត្រូវគិតគូរពិចារណាឡើងវិញ ដោយវាយតម្លៃផលប៉ះពាល់ ដែលកើតចេញពីការកែប្រែជំហរផ្ដល់ជំនួយជាសាកលរបស់សហរដ្ឋអាម៉េរិក។
ជាតថភាពជាក់ស្ដែង ជំនួយរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដៃគូសហប្រតិបត្តិការដទៃផ្សេងៗទៀត ពុំបានកំណត់ទាំងស្រុងនូវដំណើរការនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ប៉ុន្តែជំនួយទាំងនេះ ពិតជាបានចូលរួមចំណែកបំពេញចំណុចខ្វះខាត ដែលចៀសមិនរួចនៅក្នុងដំណើរការនៃវិស័យនានា។ ទោះជាយ៉ាងណា ការបាត់បង់ជំនួយពីសហរដ្ឋអាម៉េរិក ដោយសារតែជំហរប្រធានាធិបតីថ្មីរូបនេះ គឺករណីប្រធានស័ក្តិមួយដែលរាជរដ្ឋាភិបាលត្រូវវាយតម្លៃ ពង្រឹងសមត្ថភាព និងបង្ហាញថាមភាពជាក់ស្ដែងដែលខ្លួនមាន ក្រោយពីបានកំណត់យុទ្ធសាស្ត្រនយោបាយការទូតប្រកបដោយក្ដីរំពឹងនៅដើមអាណត្តិ និងបន្ទាប់ពីការធ្វើកំណែទម្រង់ការផ្ដល់សេវាសាធារណៈជាបន្តបន្ទាប់កន្លងមកនេះ។ កម្ពុជាជាប្រទេសតូច និងកំពុងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ស្របតាមទិសដៅ និងចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិតជាត្រូវការយន្តការគាំទ្រនិងកិច្ចសហប្រតិបត្តិជាច្រើន រាប់ចាប់តាំងពីការរក្សាទំនាក់ទំនងល្អជាមួយដៃគូដែលមានស្រាប់ ការស្វែងរកដៃគូនិងយន្តការថ្មីៗដែលប្រកបដោយសក្ដានុពលផ្សេងទៀត ដើម្បីជំរុញវឌ្ឍនភាពនិងវិបុលភាពប្រកបដោយចីរភាព។ នៅក្នុងន័យនេះ កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មការទូតនយោបាយនិងកិច្ចសហប្រតិបត្តិការជាអន្តរជាតិរបស់ខ្លួន តាមរយៈការពង្រឹងទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់ ដែលមានដូចជា អឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាជាដើម ព្រមទាំងត្រូវពង្រឹងតួនាទីក្នុងឆាកអន្តរជាតិ ក៏ដូចជាបង្កើនលទ្ធភាពក្នុងការចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការថ្មីៗដូចជា ក្រុមប្រទេស BRICS និង EURASIA ជាដើម។ បន្ថែមពីនេះ យន្តការស្ថាប័នអន្តរជាតិ ក៏នៅតែជាគន្លឹះដ៏សំខាន់មួយដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ ដែលកម្ពុជាត្រូវបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិជាដើម។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែពង្រឹងបន្ថែមទៀតនូវលទ្ធភាពកៀរគរចំណូល ក្នុងគោលបំណងបង្កើនថវិកាបម្រុងទុក ដើម្បីត្រៀមខ្លួនដោះស្រាយចំពោះការរងផលប៉ះពាល់ ឬបំពេញចន្លោះខ្វះខាតផ្សេងៗនៅក្នុងវិស័យនីមួយៗ។ យុទ្ធសាស្ត្រកៀរគរចំណូលនេះ ពិតជាទាមទារជាចាំបាច់នូវការជំរុញប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូលពន្ធផ្សេងៗ ដែលរួមមានទាំងពន្ធដារ ពន្ធគយ និងអាករលើតម្លៃបន្ថែមលើទំនិញនិងសេវាកម្មជាដើម។ នៅត្រង់ចំណុចនេះ ការកៀរគរចំណូលបន្ថែមពីការប្រមូលពន្ធ ដែលមិនមែនសំដៅទៅលើការដាក់បន្ទុកពន្ធបន្ថែមលើប្រជាពលរដ្ឋ ដោយបង្កើតពន្ធថ្មីបន្ថែមនោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពប្រមូលពន្ធ ដែលច្បាប់បានកំណត់ស្រាប់តែរដ្ឋពុំទាន់បានអនុវត្ត និងការចាត់វិធានការចំពោះភាពអសកម្មនានា គឺជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ដោតជាសំខាន់ទៅលើការពង្រឹងអភិបាលកិច្ចល្អ និងការបំពេញតួនាទីការងារមន្ត្រីរាជការសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រោះនៅក្រោយការផ្អាកឬ ការបញ្ឈប់ទាំងស្រុងជាសាកលចំពោះការផ្ដល់ជំនួយពីសហរដ្ឋអាម៉េរិក អង្គការដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យខាងលើនេះ ដែលជាដៃគូនិងជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនិងបំពេញបន្ថែមលើចំណុចខ្វះខាតដល់រាជរដ្ឋាភិបាល នឹងត្រូវផ្អាកប្រតិបត្តិការ ឬត្រូវបញ្ឈប់ទាំងស្រុង។ ដូច្នេះហើយ រាជរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងឱ្យខាងតែបាននូវអភិក្រមទាំង ៥ ដែលបានដាក់ចេញដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ អភិក្រមទាំង ៥នេះ ពិតជាមានសារៈសំខាន់ និងពិតជាមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាបាននូវគណនេយ្យភាពនិងតម្លាភាពនៃដំណើរការស្ថាប័នសាធារណៈ ក៏ដូចជាការបំពេញតួនាទីរបស់មន្ត្រីរាជការសាធារណៈ ប៉ុន្តែទាមទារឱ្យការប្ដេជ្ញាចិត្តខ្ពស់បំផុត។
បន្ថែមពីលើនេះ វិស័យសំខាន់ៗចំនួន៣ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាគួរផ្ដោតជាអាទិភាពនោះគឺ វិស័យអប់រំ សុខមាលភាពនិងសុខភាពសាធារណៈ និងវិស័យកសិកម្ម។ រដ្ឋគួរតែពង្រីកការវិនិយោគបន្ថែមទៅលើការអប់រំបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញជាមូលដ្ឋាន ទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការអប់រំក្រៅប្រព័ន្ធ ការអប់រំមិនផ្លូវការ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយបំណិនជីវិត បំណិនការងារ ដែលអាចស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវិតនិងប្រើប្រាស់ចំណេះដឹងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ចំពោះវិស័យសុខមាលភាពនិងសុខភាពសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាគួរតែបន្តពង្រឹងនិងពង្រីកបន្ថែមនូវយន្តការគាំពារសង្គមដូចជា មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីជាតិជំនួយសង្គមផ្សេងៗជាដើម។ ការពង្រឹងយន្តការទាំងនេះ ត្រូវធ្វើឡើងតាមរយៈការបង្កើតនូវស្ថាប័នដែលទទួលបន្ទុកតាមដានការអនុវត្តការងារដែលមានលទ្ធភាពពិនិត្យ និងពិចារណាកែតម្រូវភាពខ្វះចន្លោះនានា សំដៅធានាឱ្យបាននូវតម្លាភាពនិងគណនេយ្យភាព នៅក្នុងការផ្ដល់សេវាសុខមាលភាពនិងសុខភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅនិងក្រុមងាយរងគ្រោះ។ ជាមួយគ្នានេះ ការលើកកម្ពស់ចំណេះដឹងអំពី សុខភាពមាតា ទារក និងកុមារ, អាហារូបត្ថម្ភ, អនាម័យនៃការរស់នៅ និងអំពីជំងឺឆ្លងផ្សេងៗ ក៏ជាចំណុចគួរត្រូវបានយកចិត្តទុកដាក់ផងដែរ។ សម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាគួរពន្លឿននិងពង្រីកការជ្រើសរើស បណ្ដុះបណ្ដាល និងដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយតាមរយៈការលើកទឹកចិត្តផ្សេងៗ រាប់ចាប់តាំងពីការផ្ដល់ក្របខ័ណ្ឌរាជការ មន្ត្រីជាប់កិច្ចសន្យា និងឱកាសផ្សេងៗបន្ថែមទៀត ដើម្បីទាក់ទាញយុវជនឱ្យចូលរួមនៅក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងកសិកម្ម បញ្ហាសន្តិសុខស្បៀង និងការប្រើប្រាស់ដីធ្លីកសិកម្មជាដើម ឱ្យបានកាន់តែទូលាយដល់ប្រជាកសិករ។ ក្រៅពីនេះ ក៏គួរតែមានការជំរុញប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងបំពេញការងាររបស់ការិយាល័យជំនាញកសិកម្មនៅតាមស្រុកនីមួយៗ ឱ្យកាន់តែមានលក្ខណៈបុរេសកម្មបន្ថែមទៀត ដើម្បីផ្ដល់បច្ចេកទេស ណែនាំនិងផ្ដល់ពូជ ក៏ដូចជាដំណោះស្រាយលើបញ្ហាកសិកម្មដែលប្រជាពលរដ្ឋបានជួបឬកំពុងជួបប្រទះ។
ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏គួរតែលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់សហគមន៍ នៅក្នុងការដោះស្រាយបញ្ហានៅតាមមូលដ្ឋាននីមួយៗ។ ការលើកកម្ពស់តួនាទីរបស់សហគមន៍មូលដ្ឋាន អាចត្រូវបានធ្វើឡើងតាមរយៈការផ្ដល់មន្ត្រីជំនាញដើម្បីប្រឹក្សាយោបល់ចំពោះដំណើរការនិងផ្នែកច្បាប់ ការជួយតាមរយៈការផ្ដល់បច្ចេកទេសនិងគ្រូបង្គោល ក៏ដូចជាការលើកទឹកចិត្តនិងគាំទ្រនៅក្នុងរូបភាពជាច្រើនផ្សេងទៀតដូចជាថវិកា និងការបណ្ដុះបណ្ដាលសមត្ថភាពគ្រប់គ្រងសហគមន៍ជាដើម ដើម្បីជំរុញឱ្យសហគមន៍ក្លាយទៅជាតួអង្គចូលរួមចំណែកកាន់តែសំខាន់បន្ថែមទៀត នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ការចូលរួមរបស់សហគមន៍មូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ព្រោះគេអាចស្វែងយល់បានកាន់តែប្រសើរអំពីស្ថានភាព និងបញ្ហាដែលមានផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយលើកសំណើឬស្វែងរកដំណោះស្រាយពីអាជ្ញាធរ ការិយាល័យជំនាញ ឬក្រសួងស្ថាប័ននៅថ្នាក់ជាតិជាដើម។
ជារួម ការប្រកាសផ្អាកជាបណ្ដោះអាសន្នជាសាកលនៃជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក គឺជាវិញ្ញាសាថ្មីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ជាផ្នែកមួយដែលអាចបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរមើលឃើញអំពីសមត្ថភាព ភាពធន់ និងថាមភាពប្រកបដោយភាពបត់បែនរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ប្រឈមមុខនឹងបញ្ហាជាលក្ខណៈសាកល ប្រសិនបើរាជរដ្ឋាភិបាល អាចដោះស្រាយនិងកាត់បន្ថយការរងផលប៉ះពាល់ពីការផ្អាកជំនួយនេះក្នុងកម្រិតអតិបរមា តាមរយៈវិធានការជាអាទិភាពនានា ដើម្បីបន្តពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍឆ្នាំ២០៣០ និង២០៥០៕
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...