ព័ត៌មាន

ការផ្អាកជំនួយជាសាកលរបស់អាម៉េរិកនឹងក្លាយជាវិញ្ញាសាឆ្លុះបញ្ចាំងពីសមត្ថភាពនិងថាមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនយោបាយការបរទេស និងកំណែទម្រង់មុខងារសាធារណៈ

2025-02-11 09:17:28 ថ្ងៃអង្គារ, 11 កុម្ភៈ 2025 ម៉ោង 04:17 PM
អ្នកមើល 1571
post_detail1

          ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់​នៃ​ជំនួយបរទេសរបស់សហរដ្ឋអាម៉េរិករយៈពេល ៩០ថ្ងៃ។ គេហទំព័ររបស់ USAID ត្រូវ​បាន​បិទ​លើអ៊ីនធឺណិតយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលធ្វើឱ្យបុគ្គលិកអង្គការនេះ​រាប់​ពាន់​នាក់ប្រឈមមុខនឹងការបណ្តេញចេញពីការងារ និងការព្យួរ​កម្មវិធី​ភ្លាមៗ។ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្នាក់ការ​កណ្តាល​ទីភ្នាក់ងារ​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ត្រូវបានជូន​ដំណឹង​ឱ្យបិទ​ ហើយ​បុគ្គលិក​ត្រូវបានតម្រូវឱ្យ​ធ្វើការ​ពី​ផ្ទះ។  លោក Elon Musk រដ្ឋមន្រ្តី​ក្រសួង​ជំរុញប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក បាន​ចោទ​ប្រកាន់ USAID ថា ជា «អង្គការឧក្រិដ្ឋកម្ម» ខណៈ លោក Trump បាន​បន្ទរ​​ស្រដៀង​គ្នា​នេះ​ដោយ​និយាយ​ថា​ USAID ​ត្រូវ​បាន​គ្រប់គ្រង​ដោយ «​មនុស្ស​លីលា»។ លោក Elon Musk បាន​បញ្ជាក់ថា លោក Trump បានគាំទ្រគោលបំណងបិទទីភ្នាក់ងារនេះ។ ជាមួយគ្នានេះ លោក Trump ក៏បាន​តែងតាំង​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាម៉េរិកលោក Marco Rubio ជា​នាយក​ស្ដីទី​នៃ​ទីភ្នាក់​ងារ​​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ផងដែរ ដោយ​លើក​ឡើង​ថា ជំនួយ​របស់​ទី​ភ្នាក់​ងារ​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ជាតិ​ចម្បង​របស់​សហរដ្ឋ​អាម៉េរិកនោះទេ។

          ជាការពិតណាស់ សម្រាប់កម្ពុជា ទីភ្នាក់ងារសហរដ្ឋ​អាម៉េរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ពិតជា​បាន​​ចូល​រួម​ចំណែកជំរុញវិស័យអប់រំ កសិកម្មនិងសន្តិសុខស្បៀង បរិស្ថាន សេដ្ឋកិច្ច សុខុ​មាល​ភាព​​និង​​សុខ​ភា​ព​សាធារណៈ ក៏​ដូចជាការជំរុញអភិបាលកិច្ច ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ តាមរយៈការជំរុញបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋជា​ដើម។ ជាង​៣ទស​វត្សរ៍​​ចុង​ក្រោយ​នេះ USAID ផ្ដល់​ជំនួយ​ដល់កម្ពុជា​ប្រមាណ ៣ទ្រីលាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ខណៈ​នៅក្នុង​ឆ្នាំ២០២៤ ទីភ្នាក់ងារនេះបាន​ប្រកាស​ផ្ដល់ជំនួយដល់​កម្ពុជា ៥៥លាន​ដុល្លារសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាង​ណា នៅក្នុងអាណត្តិ​ដឹកនាំ​ជាថ្មី​របស់លោក ដូណាល់ ត្រាំ លោកពិត​ជានៅ​តែ​ផ្ដោតជាសំខាន់​ទៅលើ​គោល​​នយោបាយ អាម៉េរិកជាចម្បង (American First) ដែលមាន​លក្ខណៈ​ខ្វល់​ខ្វាយតែ​បញ្ហាផ្ទាល់របស់​សហរដ្ឋអាម៉េរិក ជាជាងផ្ដោតលើភាពជាអ្នកដឹកនាំពិភពលោក ហេតុនេះ ការ​ផ្ដល់​ជំនួយ​ជាសាកល អាចនឹងមិនត្រឹម​តែត្រូវបានផ្អាកក្នុងរយៈពេល៣ខែខាងមុខនេះប៉ុណ្ណោះ ប៉ុន្តែ​ពិត​ជានឹង​មានការ​ប្រែប្រួល​យ៉ាង​ធំ​ទាំងសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភព​លោក​ទាំង​មូល។ ត្រង់​ចំណុច​នេះ ទាមទារ​ឱ្យ​បណ្ដា​ប្រទេសទាំងឡាយ ពិសេសកម្ពុជាផ្ទាល់ ត្រូវគិត​គូរ​ពិចារណា​ឡើង​វិញ ដោយ​វាយ​តម្លៃ​ផលប៉ះ​ពាល់ ដែលកើតចេញពីការកែប្រែជំហរផ្ដល់​ជំនួយជាសាកល​របស់​សហរដ្ឋអាម៉េរិក។

          ជាតថភាពជាក់ស្ដែង ជំនួយរបស់សហរដ្ឋអាម៉េរិក ក៏ដូចជាដៃគូ​សហ​ប្រតិបត្តិ​ការដទៃ​ផ្សេងៗទៀត ពុំបានកំណត់ទាំងស្រុងនូវដំណើរការនៃការអភិវឌ្ឍ និងការ​ផ្ដល់​​សេវា​សាធារណៈរបស់​រា​ជរដ្ឋាភិបាលកម្ពុជានោះឡើយ ប៉ុន្តែជំនួយទាំងនេះ ពិតជា​បាន​ចូលរួម​ចំណែកបំពេញចំណុចខ្វះខាត ដែលចៀសមិនរួចនៅក្នុងដំណើរការនៃវិស័យនានា។ ទោះ​ជាយ៉ាង​ណា ការបាត់បង់ជំនួយពីសហរដ្ឋអាម៉េរិក ដោយសារតែជំហរ​ប្រធានាធិបតី​ថ្មី​រូប​នេះ គឺករណីប្រធានស័ក្តិ​មួយដែលរាជរដ្ឋាភិបាលត្រូវវាយតម្លៃ ពង្រឹងសមត្ថភាព និង​បង្ហាញ​ថាមភាពជាក់​ស្ដែងដែលខ្លួនមាន ក្រោយពីបានកំណត់យុទ្ធសាស្ត្រនយោបាយ​ការ​ទូត​ប្រកបដោយក្ដីរំពឹងនៅ​ដើមអាណត្តិ និងបន្ទាប់ពីការធ្វើកំណែទម្រង់ការផ្ដល់សេវា​សាធារណៈ​ជាបន្ត​បន្ទាប់កន្លង​មកនេះ។ កម្ពុជាជាប្រទេសតូច និង​កំពុង​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ស្របតាមទិសដៅ និងចក្ខុវិស័យរបស់ខ្លួននៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិតជា​ត្រូវ​ការ​យន្តការគាំទ្រនិងកិច្ចសហប្រតិបត្តិជាច្រើន រាប់ចាប់តាំងពីការរក្សាទំនាក់​ទំនងល្អជាមួយ​ដៃគូ​ដែលមានស្រាប់ ការស្វែងរកដៃគូនិងយន្តការថ្មីៗដែលប្រកបដោយ​សក្ដានុ​ពលផ្សេង​ទៀត ដើម្បីជំរុញវឌ្ឍនភាពនិងវិបុលភាពប្រកបដោយចីរភាព។ នៅក្នុង​ន័យនេះ កម្ពុជា​ចាំ​បាច់ត្រូវធ្វើពិពិធកម្មការទូតនយោបាយនិងកិច្ចសហប្រតិបត្តិការជាអន្តរ​ជាតិរបស់ខ្លួន តាម​រយៈការពង្រឹងទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់ ដែលមានដូចជា អឺរ៉ុប ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាជាដើម ព្រមទាំងត្រូវពង្រឹងតួនាទីក្នុងឆាកអន្តរជាតិ ក៏​ដូច​ជាបង្កើនលទ្ធភាពក្នុង​ការចូលរួមក្នុងយន្តការកិច្ចសហប្រតិបត្តិការថ្មីៗដូចជា ក្រុមប្រទេស BRICS និង EURASIA ជាដើម។ បន្ថែមពីនេះ យន្តការស្ថាប័នអន្តរជាតិ ក៏នៅតែជាគន្លឹះដ៏​សំខាន់មួយដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ ដែលកម្ពុជាត្រូវបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិជាដើម។

          ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែពង្រឹងបន្ថែមទៀតនូវលទ្ធភាពកៀរ​គរចំណូល ក្នុងគោលបំណងបង្កើនថវិកាបម្រុងទុក ដើម្បីត្រៀមខ្លួនដោះ​ស្រាយ​ចំពោះ​ការ​រងផលប៉ះពាល់ ឬបំពេញចន្លោះខ្វះខាតផ្សេងៗនៅក្នុងវិស័យនីមួយៗ។ យុទ្ធសាស្ត្រកៀរ​គរ​ចំណូលនេះ ពិតជាទាមទារជាចាំបាច់នូវការជំរុញប្រសិទ្ធភាពនិងតម្លាភាពនៃការប្រមូល​ពន្ធ​ផ្សេងៗ ដែល​រួម​មាន​ទាំងពន្ធដារ ពន្ធគយ និងអាករលើតម្លៃ​បន្ថែមលើ​ទំនិញ​និង​សេវា​កម្ម​ជា​ដើម។ នៅត្រង់ចំណុចនេះ ការកៀរគរចំណូលបន្ថែមពីការប្រមូលពន្ធ ដែលមិនមែន​សំដៅទៅលើការដាក់បន្ទុកពន្ធ​បន្ថែមលើប្រជាពលរដ្ឋ ដោយបង្កើតពន្ធថ្មីបន្ថែមនោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពប្រមូលពន្ធ ដែលច្បាប់បានកំណត់​ស្រាប់​តែរដ្ឋពុំទាន់​បាន​អនុវត្ត និងការចាត់វិធានការចំពោះភាពអសកម្មនានា គឺជាចំណុច​សំខាន់ដែលត្រូវ​យក​ចិត្ត​ទុក​ដាក់។

          លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្ដោតជាសំខាន់ទៅលើការ​ពង្រឹង​អភិបាល​កិច្ចល្អ និងការបំពេញតួនាទីការងារមន្ត្រីរាជការសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រោះនៅក្រោយការផ្អាកឬ​ ការបញ្ឈប់ទាំងស្រុងជាសាកលចំពោះការផ្ដល់ជំនួយពីសហរដ្ឋអាម៉េរិក អង្គការ​ដែល​ធ្វើ​ការ​ងារពាក់ព័ន្ធនឹងវិស័យខាងលើនេះ ដែលជាដៃគូនិងជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនិងបំពេញ​បន្ថែមលើចំណុចខ្វះខាតដល់រាជរដ្ឋាភិបាល នឹងត្រូវផ្អាកប្រតិបត្តិការ ឬត្រូវបញ្ឈប់​ទាំង​ស្រុង។ ដូច្នេះហើយ រាជរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងឱ្យខាងតែ​បាន​នូវ​អភិក្រមទាំង ៥ ដែល​​បានដាក់​ចេញ​ដោយ​សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី គឺ  ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និងវះកាត់។ អភិក្រមទាំង ៥នេះ ពិតជាមានសារៈសំខាន់ និងពិតជាមាន​ប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធានាបាន​នូវ​គណ​នេយ្យ​ភាពនិងតម្លាភាពនៃដំណើរការស្ថាប័នសាធារណៈ ក៏ដូចជាការ​បំពេញ​តួនាទីរបស់​មន្ត្រី​រាជ​ការសាធារណៈ ប៉ុន្តែទាមទារឱ្យការប្ដេជ្ញាចិត្តខ្ពស់បំផុត។

          បន្ថែមពីលើនេះ វិស័យសំខាន់ៗចំនួន៣ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាគួរផ្ដោតជា​អាទិភាពនោះគឺ វិស័យអប់រំ សុខមាលភាពនិងសុខភាពសាធារណៈ និងវិស័យកសិកម្ម។ រដ្ឋគួរតែពង្រីកការវិនិយោគបន្ថែមទៅលើការអប់រំបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញ​ជា​មូលដ្ឋាន ទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការអប់រំក្រៅប្រព័ន្ធ ការអប់រំ​មិន​ផ្លូវការ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​ធានា​បាននូវធនធានមនុស្សប្រកប​ដោយ​បំណិនជីវិត បំណិនការងារ ដែលអាចស្វែងរក​ប្រាក់​ចំណូលចិញ្ចឹមជីវិតនិងប្រើប្រាស់​ចំណេះ​ដឹង​សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ចំពោះ​វិស័យ​សុខមាលភាពនិងសុខភាព​សាធារណៈ រាជ​រដ្ឋាភិបាលកម្ពុជាគួរតែបន្តពង្រឹង​និង​ពង្រីកបន្ថែមនូវ​យន្ត​ការ​គាំ​ពារ​សង្គម​ដូចជា មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និង​កម្មវិធីជាតិ​ជំនួយ​សង្គមផ្សេងៗជាដើម។ ការ​ពង្រឹង​យន្តការទាំងនេះ ត្រូវធ្វើឡើងតាមរយៈការ​បង្កើតនូវ​ស្ថាប័នដែលទទួលបន្ទុក​តាមដាន​ការ​អនុវត្តការងារដែលមានលទ្ធភាពពិនិត្យ និង​ពិចារណា​កែតម្រូវភាពខ្វះចន្លោះនានា សំដៅធានាឱ្យបាននូវតម្លាភាពនិងគណនេយ្យភាព​ នៅក្នុងការ​ផ្ដល់សេវាសុខមាលភាព​និង​សុខភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ​ដែលជា​ក្រុមគោល​ដៅនិងក្រុមងាយរងគ្រោះ។ ជាមួយគ្នានេះ ការលើកកម្ពស់ចំណេះដឹងអំពី សុខ​ភាព​មាតា ទារក និងកុមារ, អាហារូបត្ថម្ភ, អនាម័យនៃការរស់នៅ និងអំពីជំងឺឆ្លងផ្សេងៗ ក៏ជា​ចំណុច​គួរត្រូវ​បានយកចិត្ត​ទុក​ដាក់​ផងដែរ។ សម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាល​កម្ពុជា​គួរពន្លឿននិង​ពង្រីកការ​ជ្រើសរើស បណ្ដុះបណ្ដាល និងដាក់ពង្រាយ​មន្ត្រីកសិកម្ម​នៅ​តាម​មូលដ្ឋាន​ឱ្យ​បានកាន់តែទូលំទូលាយ​តាមរយៈការលើកទឹកចិត្តផ្សេងៗ រាប់ចាប់តាំងពី​ការ​ផ្ដល់ក្របខ័ណ្ឌ​រាជការ មន្ត្រីជាប់​កិច្ច​សន្យា និងឱកាសផ្សេងៗបន្ថែមទៀត ដើម្បីទាក់​ទាញ​យុវជនឱ្យ​ចូល​រួម​នៅក្នុង​ការ​ផ្សព្វ​ផ្សាយ​និងបញ្ជ្រាបចំណេះដឹងកសិកម្ម បញ្ហា​សន្តិសុខ​ស្បៀង និងការ​ប្រើ​ប្រាស់ដីធ្លី​កសិកម្ម​ជាដើម ឱ្យបាន​កាន់តែទូលាយដល់ប្រជា​កសិករ។ ក្រៅពីនេះ ក៏គួរ​តែ​មាន​ការជំរុញ​ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងបំពេញការងាររបស់​ការិយា​ល័យជំនាញ​កសិកម្ម​នៅ​តាម​ស្រុក​នីមួយៗ ឱ្យកាន់តែមានលក្ខណៈបុរេសកម្ម​បន្ថែម​ទៀត ដើម្បីផ្ដល់​បច្ចេក​ទេស ណែនាំនិងផ្ដល់ពូជ ក៏ដូច​ជា​ដំណោះ​ស្រាយលើបញ្ហាកសិកម្ម​ដែលប្រជាពល​រដ្ឋ​បានជួបឬកំពុងជួបប្រទះ។

          ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏គួរតែលើកកម្ពស់បន្ថែមទៀតនូវ​តួនាទី​របស់​សហគមន៍ នៅក្នុងការដោះស្រាយ​បញ្ហានៅតាមមូលដ្ឋាននីមួយៗ។ ការលើកកម្ពស់តួនាទី​របស់​សហគមន៍មូលដ្ឋាន អាចត្រូវបានធ្វើឡើងតាមរយៈការផ្ដល់​មន្ត្រី​ជំនាញដើម្បី​ប្រឹក្សា​យោបល់ចំពោះដំណើរការនិងផ្នែកច្បាប់ ការជួយតាមរយៈការផ្ដល់បច្ចេកទេស​និងគ្រូ​បង្គោល ក៏ដូចជា​ការលើកទឹកចិត្តនិង​គាំទ្រ​នៅក្នុងរូបភាពជាច្រើនផ្សេងទៀតដូចជាថវិកា និង​ការបណ្ដុះបណ្ដាលសមត្ថភាព​គ្រប់​គ្រង​សហគមន៍ជាដើម ដើម្បីជំរុញឱ្យសហគមន៍​ក្លាយ​ទៅជាតួអង្គ​ចូលរួម​ចំណែក​កាន់តែសំខាន់​បន្ថែម​ទៀត នៅក្នុងដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមជាតិ។ ការចូលរួមរបស់សហគមន៍​មូល​ដ្ឋាន ពិតជាមាន​សារៈ​សំខាន់​ណាស់ នៅក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ព្រោះ​គេអាចស្វែងយល់បាន​កាន់​តែ​ប្រសើរ​អំពីស្ថានភាព និងបញ្ហាដែលមានផ្ទាល់​នៅក្នុងមូល​ដ្ឋាន​របស់ខ្លួន ហើយលើកសំណើ​ឬស្វែងរកដំណោះស្រាយពីអាជ្ញាធរ ការិយាល័យជំនាញ ឬក្រសួងស្ថាប័ន​នៅថ្នាក់​ជាតិ​ជាដើម។

          ជារួម ការប្រកាសផ្អាកជាបណ្ដោះអាសន្នជាសាកលនៃ​ជំនួយបរទេសរបស់​សហរដ្ឋ​អាម៉េរិក គឺជាវិញ្ញាសាថ្មីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ជាផ្នែកមួយដែលអាច​បង្ហាញឱ្យប្រជាពលរដ្ឋខ្មែរមើលឃើញអំពីសមត្ថភាព ភាពធន់ និងថាមភាពប្រកប​ដោយ​ភាព​បត់បែន​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ប្រឈមមុខនឹងបញ្ហាជា​លក្ខណៈ​​សាកល ប្រសិនបើរាជរដ្ឋាភិបាល អាចដោះស្រាយនិងកាត់បន្ថយការ​រងផល​ប៉ះ​ពាល់ពីការ​ផ្អាកជំនួយនេះក្នុងកម្រិតអតិបរមា តាមរយៈវិធានការជាអាទិភាពនានា ដើម្បី​បន្ត​ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍឆ្នាំ២០៣០ និង២០៥០៕

អត្ថបទទាក់ទង

លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថាន បានដឹកនាំមន្រី្តក្រោមឱវាទជួបពិភាក្សាជាមួយ ឯកឧត្តម ម៉េត មករា នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ

កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម​ បានដឹកនាំក្រុមការងារមានល...

2020-03-03 11:15:16   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 06:15 PM
«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក» ដោយបណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេង​កាត​បានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...

2020-03-03 08:33:39   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 03:33 PM
«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...

2020-03-03 04:59:33   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:59 AM
«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...

2020-03-03 04:44:18   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:44 AM
«ទិវាវប្បធម៌ជាតិ៣មីនា» ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2020-03-03 04:38:13   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 11:38 AM
«ផែនការសន្តិភាពមជ្ឈឹមបូព៌ា» ដោយ៖ ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ

ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធា​នាធិ...

2020-03-03 03:08:49   ថ្ងៃអង្គារ, 03 មីនា 2020 ម៉ោង 10:08 AM

សេចក្តីប្រកាស