Royal Academy of Cambodia
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រី ឬការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជាដំណើការជាប្រក្រតីនៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលនីមួយៗ អាស្រ័យទៅលើភាពចាំបាច់ និងស្ថានការណ៍តម្រូវជាដើម។ ទោះជាយ៉ាងណា លោកបណ្ឌិត បានលើកឡើងថា នៅក្នុងសង្វៀននយោបាយ តែងតែមានសារឬរូបភាពនយោបាយ «ពិតដូចមិនពិត និងមិនពិតមើលទៅអាចដូចជាការពិត» ដែលនៅត្រង់ចំណុចនេះ លោកបណ្ឌិតបានរំលេចថា អ្នកនយោបាយអាចនឹងបង្កើតពាក្យចចាមអារ៉ាមមួយ ដើម្បីផ្ញើសារទៅកាន់មហាជន ក្នុងគោលបំណងស្វែងយល់អំពីទស្សនៈរបស់មហាជន ទៅលើបញ្ហាណាមួយ តាមរយៈប្រតិកម្មផ្សេងៗនៅក្នុងកម្រិតឬជ្រុងណាមួយ ដែលគេអាចលើកយកការប្រតិកម្មទាំងនោះ មកពិចារណានិងវាយតម្លៃថាត្រូវដាក់ចេញនូវការសម្រេចចិត្តបែបណាមួយថា តើត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្ដេច ឬជំរុញនូវកំណែទម្រង់នៅក្នុងចំណុចណាខ្លះជាដើម។ បើតាមលោកបណ្ឌិត ករណីរុះរើគណៈរដ្ឋមន្ត្រី ឬកែសម្រួលសមាសភាពរាជរដ្ឋាភិបាល អ្នកនយោបាយអាចនឹងបង្កើតសារឬពាក្យចចាមអារ៉ាម ដើម្បីស្ទាបស្ទង់សាធារណៈមតិ ឬដើម្បីពិនិត្យមើលឥរិយាបថនៃសមាជិកគណៈរដ្ឋមន្ត្រីផ្ទាល់ ក្នុងគោលបំណងដាស់ស្មារតី ជំរុញឱ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួនខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មបន្ថែមទៀតជាដើម។
លោកបណ្ឌិត យង់ ពៅ បន្តថា សារនយោបាយឬការរុះរើគណៈរដ្ឋមន្ត្រី អាចជាការដាស់ស្មារតីទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងណាមួយ ឬសម្រាប់សមាជិកគណៈរដ្ឋមន្ត្រីទាំងមូល ឱ្យពង្រឹងសមត្ថភាពដឹកនាំ និងបង្កើនការខិតខំប្រឹងប្រែងឱ្យកាន់តែស្វាហាប់ ឆ្លើយតបទៅនឹងភាពចាំបាច់នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលត្រូវបង្កើតសមិទ្ធផលជាក់លាក់ និងលេចធ្លោរបស់ខ្លួន។ ពិតប្រាកដណាស់ ការរុះរើគណៈរដ្ឋមន្ត្រី ដោយកែសម្រួលតួនាទីរបស់រដ្ឋមន្ត្រីនៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺជាសារដាស់តឿន២ដងរួចមកហើយ សម្រាប់សមាជិករាជរដ្ឋាភិបាលគ្រប់រូប ហើយក្នុងករណីមានការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីជាថ្មីម្ដងទៀត នឹងក្លាយជាការបញ្ជាក់អំពីភាពចាំបាច់នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការសម្រេចចិត្តធ្វើកំណែទម្រង់ និងរុះរើគណៈរដ្ឋមន្ត្រីសារជាថ្មី អាចជារឿងលំបាកមួយសម្រាប់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងការសម្រេចចិត្តវះកាត់ និងដាក់បេក្ខភាពថ្មី ដើម្បីជំរុញប្រសិទ្ធភាពនៃដំណើរការក្រសួងស្ថាប័ន និងពង្រឹងភាពស្វាហាប់របស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណា ការពុះពារនូវការលំបាកនេះ នឹងនាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលថ្មីៗ តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋមន្ត្រីថ្មីដែលនឹងត្រូវបានតែងតាំង។ លោកបណ្ឌិត គាំទ្រចំពោះទស្សនៈកំណែទម្រង់និយម ដោយយោងទៅលើបទពិសោធន៍នៃកំណែទម្រង់នៃបណ្ដាប្រទេសរីកចម្រើននានា ដែលនាំមកនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ តាមរយៈការសម្រេចចិត្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងឆន្ទៈដ៏មោះមុតរបស់ប្រមុខរដ្ឋាភិបាល ពោលគឺមានតែជម្នះឱ្យបាននូវឧបសគ្គចម្បងៗនៅចំពោះមុខ និងបន្តកំណែទម្រង់ដ៏ស្វិតស្វាញប៉ុណ្ណោះ ទើបអាចអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែជឿនលឿនឆ្ពោះទៅមុខបាន។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើកំណែទម្រង់ មិនអាចត្រឹមតែស្ដីបន្ទោសមន្ត្រីថ្នាក់ក្រោមនោះទេ ព្រោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ននីមួយៗ អាស្រ័យទៅលើការរៀបចំចក្ខុវិស័យ និងការដាក់ចេញនូវគោលនយោបាយជាក់លាក់ដើម្បីឈានទៅអនុវត្តជាលក្ខណៈប្រព័ន្ធឆ្ពោះទៅកាន់គោលដៅមួយ ដែលថ្នាក់ដឹកនាំក្រសួងស្ថាប័នបានកំណត់។
ជារួម លោកបណ្ឌិត យង់ ពៅ បានសម្ដែងទស្សនៈគាំទ្រចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីអសកម្ម ហើយតែងតាំងបេក្ខភាពដែលមានសមត្ថភាព ថាមភាព និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍក្រសួងស្ថាប័ន មិនអាស្រ័យលើវ័យក្មេងឬចាស់ ជាបេក្ខភាពថ្មីឬចាស់នោះទេ ប៉ុន្តែត្រូវជាបេក្ខភាពដែលយល់ច្បាស់អំពីគោលនយោបាយនៅក្នុងវិស័យនីមួយៗ ស្គាល់និងដឹងសុខទុក្ខរបស់មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋច្បាស់លាស់ និងមានឆន្ទៈបំពេញតួនាទីការងារដើម្បីប្រជាពលរដ្ឋ សង្គមជាតិ និងឆ្លើយតបទៅនឹងគោលដៅនិងគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាល។ លោកបណ្ឌិតបានគាំទ្រនូវការវះកាត់សមាសភាពគណៈរដ្ឋមន្ត្រី ដោយផ្ដោតជាសំខាន់ទៅលើការជំរុញវឌ្ឍនភាពនៃវិស័យ ដែលក្រសួងស្ថាប័ននីមួយៗទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅកសាងភាពរឹងមាំនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន។
បន្ថែមពីនេះ លោកបណ្ឌិតក៏រំពឹងខ្ពស់ថា រដ្ឋមន្ត្រីទាំងអស់ដែលកំពុងកាន់តួនាទីនៅតាមក្រសួងស្ថាប័ននានា នឹងបំពេញមុខងារភារកិច្ចដោយបង្កើនភាពសកម្មកាន់តែខ្លាំងឡើង ចៀសវាងការយកមុខតំណែងនិងតួនាទីដើម្បីលម្អ ដោយសម្អាងលើហេតុផលផ្សេងៗ ដែលជាការខុសឆ្គងចំពោះទំនុកចិត្តរបស់ប្រជាជន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាពយូរអង្វែង។
RAC Media | លឹម សុវណ្ណរិទ្ធ
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...
ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...
Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...
ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...