ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តកំណែទម្រង់ស្របតាមភាពចាំបាច់

2025-02-11 04:58:54 ថ្ងៃអង្គារ, 11 កុម្ភៈ 2025 ម៉ោង 11:58 AM
អ្នកមើល 2215
post_detail1

          ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រី ឬការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជាដំណើការជាប្រក្រតីនៅក្នុងការដឹកនាំរបស់​រដ្ឋាភិបាលនីមួយៗ អាស្រ័យទៅលើភាពចាំបាច់ និងស្ថានការណ៍តម្រូវជាដើម។ ទោះជាយ៉ាងណា លោកបណ្ឌិត បានលើកឡើងថា នៅក្នុងសង្វៀននយោបាយ តែងតែមានសារឬរូបភាពនយោបាយ «ពិតដូចមិនពិត និងមិនពិតមើលទៅអាចដូចជាការពិត» ដែលនៅត្រង់ចំណុចនេះ លោកបណ្ឌិតបានរំលេចថា អ្នកនយោបាយអាចនឹងបង្កើតពាក្យចចាមអារ៉ាមមួយ ដើម្បីផ្ញើសារទៅកាន់មហាជន ក្នុងគោលបំណងស្វែងយល់អំពីទស្សនៈរបស់មហាជន ទៅលើបញ្ហាណាមួយ តាមរយៈប្រតិកម្មផ្សេងៗនៅក្នុងកម្រិតឬជ្រុងណាមួយ ដែលគេអាចលើកយកការប្រតិកម្មទាំងនោះ មកពិចារណានិងវាយតម្លៃថាត្រូវដាក់ចេញនូវការសម្រេចចិត្តបែបណាមួយថា តើត្រូវដោះស្រាយបញ្ហាយ៉ាងដូចម្ដេច ឬជំរុញនូវកំណែទម្រង់នៅក្នុងចំណុចណាខ្លះជាដើម។ បើតាមលោកបណ្ឌិត ករណីរុះរើគណៈរដ្ឋមន្ត្រី ឬកែសម្រួលសមាសភាពរាជរដ្ឋាភិបាល អ្នកនយោបាយអាចនឹងបង្កើតសារឬពាក្យចចាមអារ៉ាម ដើម្បីស្ទាបស្ទង់សាធារណៈមតិ ឬដើម្បីពិនិត្យមើលឥរិយាបថនៃសមាជិកគណៈរដ្ឋមន្ត្រីផ្ទាល់ ក្នុងគោលបំណងដាស់ស្មារតី ជំរុញឱ្យមន្ត្រីជាន់ខ្ពស់របស់ខ្លួនខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មបន្ថែមទៀតជាដើម។

          លោកបណ្ឌិត យង់ ពៅ បន្តថា សារនយោបាយឬការរុះរើគណៈរដ្ឋមន្ត្រី អាចជាការដាស់ស្មារតីទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងណាមួយ ឬសម្រាប់សមាជិកគណៈរដ្ឋមន្ត្រីទាំងមូល ឱ្យពង្រឹងសមត្ថភាពដឹកនាំ និងបង្កើនការខិតខំប្រឹងប្រែងឱ្យកាន់តែស្វាហាប់ ឆ្លើយតបទៅនឹងភាពចាំបាច់នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលត្រូវបង្កើតសមិទ្ធផលជាក់លាក់ និងលេចធ្លោរបស់ខ្លួន។ ពិតប្រាកដណាស់ ការរុះរើគណៈរដ្ឋមន្ត្រី ដោយកែសម្រួលតួនាទីរបស់រដ្ឋមន្ត្រីនៅដើមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺជាសារដាស់តឿន២ដងរួចមកហើយ សម្រាប់សមាជិករាជរដ្ឋាភិបាលគ្រប់រូប ហើយក្នុងករណីមានការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីជាថ្មីម្ដងទៀត នឹងក្លាយជាការបញ្ជាក់អំពីភាពចាំបាច់នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរឡើងបន្ថែមទៀត។

          ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការសម្រេចចិត្តធ្វើកំណែទម្រង់ និងរុះរើគណៈរដ្ឋមន្ត្រីសារជាថ្មី អាចជារឿងលំបាកមួយសម្រាប់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងការសម្រេចចិត្តវះកាត់ និងដាក់បេក្ខភាពថ្មី ដើម្បីជំរុញប្រសិទ្ធភាពនៃដំណើរការក្រសួងស្ថាប័ន និងពង្រឹងភាពស្វាហាប់របស់រាជរដ្ឋាភិបាល។ ទោះជាយ៉ាងណា ការពុះពារនូវការលំបាកនេះ នឹងនាំមកនូវលទ្ធផលកាន់តែល្អប្រសើរ ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលថ្មីៗ តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋមន្ត្រីថ្មីដែលនឹងត្រូវបាន​តែងតាំង។ លោកបណ្ឌិត គាំទ្រចំពោះទស្សនៈកំណែទម្រង់និយម ដោយយោងទៅលើបទពិសោធន៍នៃកំណែទម្រង់នៃបណ្ដាប្រទេសរីកចម្រើននានា ដែលនាំមកនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ តាមរយៈការសម្រេចចិត្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងឆន្ទៈដ៏មោះមុតរបស់ប្រមុខរដ្ឋាភិបាល ពោលគឺមានតែជម្នះឱ្យបាននូវឧបសគ្គចម្បងៗនៅចំពោះមុខ និងបន្តកំណែទម្រង់ដ៏ស្វិតស្វាញប៉ុណ្ណោះ ទើបអាចអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែជឿនលឿនឆ្ពោះទៅមុខបាន។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើកំណែទម្រង់ មិនអាចត្រឹមតែស្ដីបន្ទោសមន្ត្រីថ្នាក់ក្រោមនោះទេ ព្រោះដំណើរការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ននីមួយៗ អាស្រ័យទៅលើការរៀបចំចក្ខុវិស័យ និងការដាក់ចេញនូវគោលនយោបាយ​ជាក់លាក់ដើម្បីឈានទៅអនុវត្តជាលក្ខណៈប្រព័ន្ធឆ្ពោះទៅកាន់គោលដៅមួយ ដែលថ្នាក់ដឹកនាំក្រសួងស្ថាប័នបានកំណត់។

          ជារួម លោកបណ្ឌិត យង់ ពៅ បានសម្ដែងទស្សនៈគាំទ្រចំពោះការផ្លាស់ប្ដូររដ្ឋមន្ត្រីអសកម្ម ហើយតែងតាំងបេក្ខភាពដែលមានសមត្ថភាព ថាមភាព និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍក្រសួងស្ថាប័ន មិនអាស្រ័យលើវ័យក្មេងឬចាស់ ជាបេក្ខភាពថ្មីឬចាស់នោះទេ ប៉ុន្តែត្រូវជាបេក្ខភាពដែលយល់ច្បាស់អំពីគោលនយោបាយនៅក្នុងវិស័យនីមួយៗ ស្គាល់និងដឹងសុខទុក្ខរបស់មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋច្បាស់លាស់ និងមានឆន្ទៈបំពេញតួនាទីការងារដើម្បីប្រជាពលរដ្ឋ សង្គមជាតិ និងឆ្លើយតបទៅនឹងគោលដៅនិងគោលនយោបាយ​ដាក់ចេញដោយរាជរដ្ឋាភិបាល។ លោកបណ្ឌិតបានគាំទ្រនូវការវះកាត់សមាសភាពគណៈរដ្ឋមន្ត្រី ដោយផ្ដោតជាសំខាន់ទៅលើការជំរុញវឌ្ឍនភាពនៃវិស័យ ដែលក្រសួងស្ថាប័ន​នីមួយៗទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅកសាងភាពរឹងមាំនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន។

          បន្ថែមពីនេះ លោកបណ្ឌិត​ក៏រំពឹងខ្ពស់ថា រដ្ឋមន្ត្រីទាំងអស់ដែលកំពុងកាន់តួនាទីនៅតាមក្រសួងស្ថាប័ននានា នឹងបំពេញ​មុខងារភារកិច្ចដោយបង្កើនភាពសកម្មកាន់តែខ្លាំងឡើង ចៀសវាងការយកមុខតំណែងនិងតួនាទីដើម្បីលម្អ ដោយសម្អាងលើហេតុផលផ្សេងៗ ដែលជាការខុសឆ្គងចំពោះទំនុកចិត្ត​របស់ប្រជាជន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស ឆ្ពោះទៅ​កាន់ការអភិវឌ្ឍ និងវិបុលភាពយូរអង្វែង។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-12 09:07:54   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 04:07 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារខេមរវិទូ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្...

2021-02-10 13:38:34   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 08:38 PM
នយោបាយការបរទេសចិនក្នុងបញ្ហាមីយ៉ាន់ម៉ា ដោយ៖ ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិន

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-02-10 07:51:47   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 02:51 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2021-02-10 03:34:12   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 10:34 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យតំណាងស្ថានទូតចិនចូលជួបពិភាក្សាការងារ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Wang Dexin...

2021-02-09 06:18:28   ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 01:18 PM
អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ៖ នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្...

2021-02-09 04:35:12   ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 11:35 AM

សេចក្តីប្រកាស